មន្ត្រី​ទទួល​ខុស​ត្រូវ​ការងារ​ព្រៃ​ឈើ​នៅ​ខេត្ត​រតនគិរី ត្រូវ​បាន​ប្ដូរ​តួ​នាទី

ក្រសួង​កសិកម្ម​បាន​ប្ដូរ​តួ​នាទី​មន្ត្រី​ជាន់​ខ្ពស់ ទទួល​ខុស​ត្រូវ​ការងារ​ព្រៃ​ឈើ ប្រចាំ​ខេត្ត​រតនគិរី លោក យ៊ូកាន វិមាន បន្ទាប់​ពី​បាន​រក​ឃើញ​បទ​ល្មើស​ឈើ​ប្រណិត​ជា​ច្រើន​ករណី​នៅ​ក្នុង​មូលដ្ឋាន ​នេះ។

0:00 / 0:00

ពិធី​ប្រកាស​ប្ដូរ​តួ​នាទី​មន្ត្រី​ខណ្ឌ​ព្រៃ​ឈើ​ខាង​លើ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ទី២០ ខែ​មេសា ឆ្នាំ​២០១០ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​រតនគិរី ក្រោម​អធិបតីភាព​អនុ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក ចាន់ សាវុធ ដោយ​ធ្វើ​ការ​តែង​តាំង លោក វង្ស សុខ​សេរី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​រតនគិរី ជំនួស​លោក យ៊ូកាន វិមាន។

ក្រៅ​ពី​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ខេត្ត​រតនគិរី និង​អ្នក​ថត​វីដេអូ​ក្រសួង​កសិកម្ម អ្នក​យក​ព័ត៌មាន​ផ្សេង​ទៀត គ្មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​រួម​យក​ព័ត៌មាន​ក្នុង​ពិធី​នេះ​ទេ។

អតីត​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​រតនគិរី លោក យ៊ូកាន វិមាន មាន​ប្រសាសន៍​ថា លោក​មិន​មាន​អារម្មណ៍​ទុទ្ទិដ្ឋិនិយម​អ្វី​ជុំ​វិញ​ការ​ផ្លាស់​ប្ដូរ​នេះ​ទេ ៖ «ជា​ការ​រៀបចំ​របស់​ក្រសួង​ខ្ញុំ ដែល​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​មន្ត្រី​ធ្វើ​ការ​ងារ​ណ៎ា»។

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​រតនគិរី​ថ្មី លោក វង្ស សុខ សេរី មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ ដោយ​លើក​ហេតុ​ផល​ថា រវល់​ប្រជុំ និង​ទើប​ចូល​បំពេញ​ភារកិច្ច។

ក៏​ប៉ុន្តែ​មន្ត្រី​ខេត្ត​មួយ​រូប សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្ដូរ​មន្ត្រី​ព្រៃ​ឈើ​ខាង​លើ គឺ​ធ្វើ​ឡើង​តាម​បទ​បញ្ជា​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​កែ​ទម្រង់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ព្រៃ​ឈើ​នៅ​មូលដ្ឋាន ដើម្បី​បន្ត​ដឹកនាំ​ការងារ​ព្រៃ​ឈើ ឲ្យ​មាន​ប្រសិទ្ធភាព។

ប្រភព​មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា លោក វង្ស សុខ សេរី ដែល​ទទួល​ការ​តែង​តាំង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​រតនគិរី ជា​អតីត​ប្រធាន​ផ្នែក នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ស្ទឹង​ត្រែង។ ចំណែក​លោក យ៊ូកាន វិមាន ត្រូវ​ផ្ទេរ​ទៅ​បំពេញ​តួ​នាទី​ជា​មន្ត្រី​នៅ​រដ្ឋបាល​ព្រៃ​ឈើ​វិញ។

របាយការណ៍​របស់​មន្ត្រី​ព្រៃ​ឈើ​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា មាន​ឈើ​ប្រណិត​គ្រប់​ប្រភេទ ប្រមាណ ៦០០ ទៅ​៧០០ ម៉ែត្រ​គីប ក្រុម​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី រឹប​អូស​បាន​ពី​ការ​លាក់​ទុក​ក្នុង​គេហដ្ឋាន​ដី​ចម្ការ និង​ក្នុង​ព្រៃ នៅ​គ្រប់​ស្រុក ក្នុង​ខេត្ត​នេះ ចាប់​ពី​ខែ​មិនា ឆ្នាំ​២០១០ មក។

មន្ត្រី​សម្របសម្រួល និង​អង្កេត​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ជា​ពេល​វេលា​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​ហើយ ដើម្បី​កែ​ទម្រង់​កិច្ច​ការពារ​ព្រៃ​ឈើ ដែល​រង​ការ​កាប់​បំផ្លាញ​ជា​ច្រើន​ពាន់​ហិកតា ដើម្បី​ជា​ប្រយោជន៍​បុគ្គល។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍ ៖ «មិន​មែន​តែ​ម្នាក់​ទេ គឺ​មាន​ពាក់​ព័ន្ធ​ដល់​អាជ្ញាធរ និង​អ្នក​គ្រប់គ្រង​ដែន​ដី​ហ្នឹង​ទៀត។ នៅ​កន្លែង​ខ្លះ​ទៀត យើង​ទទួល​ព័ត៌មាន​ថា មាន​លាក់​ឈើ​នៅ​ឡើយ​ទេ។ ការ​កាប់​រាន​ដី​ព្រៃ ក៏​នៅ​មាន​កាប់​បន្ត​ដែរ»។

អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន មាន​ប្រសាសន៍​ថា សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​សហការ​រាយការណ៍​ពី​គ្រប់​ករណី​បទ​ល្មើស​ព្រៃ​ឈើ ដើម្បី​ក្រុម​សមត្ថកិច្ច​ធ្វើ​ការ​បង្ក្រាប។

លោក ប៉ាវ ហមផាន មាន​ប្រសាសន៍ ៖ «ឃើញ​ឲ្យ​គេ​ផ្ដល់​ព័ត៌មាន​មក។ ស្វែង​រក​រាល់​ថ្ងៃ​ហ្នឹង បាទ​ការងារ​ហ្នឹង​នៅ​បន្ត​តើ»។

នៅ​ទូទាំង​ប្រទេស​កម្ពុជា របាយការណ៍​ស្ដីពី​ការ​រឹប​អូស​ឈើ​ប្រណិត​ក្នុង យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ចាប់​ពី​ខែ​មិនា​មក មាន​ឈើ​ប្រណិត​គ្រប់​ប្រភេទ ប្រមាណ ៣០០០​ម៉ែត្រ​គីប ត្រូវ​បាន​ដក​ហូត ក៏​ប៉ុន្តែ​មន្ត្រី​អង្កេត​សមាគម​អាដហុក លោក ​ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ឈើ​ប្រណិត​រាប់​ពាន់​ម៉ែត្រ​កូប ត្រូវ​គេ​កាប់​ពី​ព្រៃ​ធ្វើ​អាជីវកម្ម នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ ស្រុក​អូរយ៉ាដាវ និង​ទៅ​កាន់​ទីផ្សារ​ផ្សេង​ទៀត នៃ​ប្រទេស​កម្ពុជា ចាប់​ពី​ខែ​មករា មក​ទល់​នឹង​ខែ​មិនា ឆ្នាំ​២០១០។ ហើយ​បច្ចុប្បន្ន​នេះ មាន​ឈើ​ប្រណិត​ជា​ច្រើន​រយ​ម៉ែត្រ​កូប​ទៀត កំពុង​លាក់​ទុក​នៅ​តាម​ចម្ការ និង​លំនៅឋាន​ឈ្មួញ និង​បុគ្គល​ជា​មន្ត្រី​មូលដ្ឋាន​ខ្លះ​នៅ​ឡើយ៕