អ្នកស្រី នាង ធួន រស់នៅឃុំចូវឡាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ដែលវៀតណាមហៅថា ខេត្តអានយ៉ាង បានប្រាប់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃច័ន្ទ ទី២៧ ធ្នូ ថា ស្វាមីរបស់អ្នកស្រីឈ្មោះ ចៅ ហេន អាយុ៥៦ឆ្នាំ ត្រូវបានអាជ្ញាធរវៀតណាមចាប់ឃុំខ្លួន កាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១០ ដោយគ្មានលិខិតស្នាមអ្វីទាំងអស់។
អ្នកស្រីបន្តថា រហូតមកដល់ថ្ងៃទី២០ ខែឆ្នាំដដែល ទើបអាជ្ញាធរវៀតណាមស្រុកស្វាយទង ចេញលិខិតចំនួន២ លិខិតទី១ គឺសម្រេចឃុំខ្លួនស្វាមីគាត់ ពីថ្ងៃទី១៧ ធ្នូ ដល់ថ្ងៃទី២០ ធ្នូ និងលិខិតទី២ សម្រេចបន្ថែមការឃុំខ្លួនរយៈពេល ៨៧ថ្ងៃបន្ថែមទៀត ពីបទបំផ្លិចបំផ្លាញ ឬមានចេតនាបំផ្លាញទ្រព្យ ដោយយោងតាមមាត្រា១៤៣ និងមាត្រា២៤៥ ពីបទបង្កអសន្តិសុខក្នុងទីសាធារណៈ នៃច្បាប់ព្រហ្មទណ្ឌសាធារណរដ្ឋសង្គមនិយមវៀតណាម ៖ "គេចាប់គាត់ទៅ ឥឡូវគេមិនទាន់កាត់ទោសទេ គេដាក់គុកងងឹតទៅ គេមិនឲ្យជួយ ខ្ញុំយកមុងទៅឲ្យ គេគ្រាន់តែទទួលពីឃ្លោងទ្វារយើងទេ គេមិនឲ្យយើងជួប"។
គួរបញ្ជាក់ថា លោក ចៅ ហេន អាយុ៥៦ឆ្នាំ ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ឃុំខ្លួននេះ ធ្លាប់បានដឹកនាំប្រជាពលរដ្ឋចំនួនប្រមាណ ៦០០នាក់ ធ្វើបាតុកម្មតវ៉ាយកដីធ្លីកសិកម្មមកវិញ កាលពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០០៨។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៨ វេលាម៉ោង៣ភ្លឺ ក៏មានករណីបោកគ្រាប់បែកផ្សែងចូលផ្ទះលោក បង្កឲ្យប្រពន្ធរបស់គាត់រងរបួស ហើយលោក ចៅ ហេន និងប្រពន្ធគាត់ ក៏បានរត់ទៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោនពីឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ក៏ប៉ុន្តែត្រូវឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប្រចាំក្រុងបាងកក បានបដិសេធន៍ដោយអះអាងថា ពួកគាត់អាចត្រឡប់ទៅប្រទេសវៀតណាមវិញដោយអាជ្ញាធរវៀតណាមនឹងមិនចាប់ឃុំខ្លួនពួកគាត់នោះទេ។
ប៉ុន្តែនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ ក្រោយពេលដែលពួកគាត់ទៅដល់ផ្ទះរយៈពេល ១ម៉ោង ក៏ត្រូវបានអាជ្ញាធរវៀតណាមមានគ្នាប្រមាណ ១០នាក់ទៅចាប់ខ្លួន៕