ប្រភពពីគ្រួសាររងគ្រោះបានឲ្យដឹងថា នគរបាលវៀតណាមចំនួនប្រមាណ៥នាក់ បានចុះមកផ្ទះគ្រួសារជនរងគ្រោះនោះ កាលពីថ្ងៃទី១៨ ខែកញ្ញា ហើយបានផ្ដល់លិខិតអញ្ជើញ ឬកោះហៅឲ្យទៅជួបអាជ្ញាធរស្រុកស្វាយទង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក នៅថ្ងៃទី២០ ខែកញ្ញា។
ឪពុករបស់ ចៅ ណែត ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទនៅថ្ងៃទី១៩ កញ្ញាថា នគរបាលវៀតណាមបានប្រាប់លោកថា លោកត្រូវទៅឆ្លើយបំភ្លឺ ដើម្បីធ្វើពាក្យបណ្ដឹង។
លោកបានឲ្យដឹងថា លោកគ្រោងនឹងទាមទារប្រាក់សំណងជំងឺចិត្តចំនួនរវាង ៥០លានដុង ទៅ៦០លានដុង ស្មើនឹង៣០០០ដុល្លារអាមេរិក និងទាមទារឲ្យអាជ្ញាធរវៀតណាមចាប់ខ្លួនជនសង្ស័យផ្ដន្ទាទោស ៖ «ទៅប្ដឹងនៅស្រុកស្វាយទងយើង។ គេសម្លាប់យើង ដើម្បីឲ្យគេដឹងឮយើង។ ថ្ងៃក្រោយគេសងយើងអ៊ីចឹងណ៎ា»។
គ្រួសារខ្មែរកម្ពុជាក្រោម ជាអ្នកជិតខាងគ្នា បានថ្លែងថាគ្រួសារខ្មែរកម្ពុជាក្រោមនានា ត្រូវការយុត្តិធម៌ ៖ «ចង់ឲ្យចាប់អ្នកដែលធ្វើល្មើសច្បាប់។ អ្នកដែលស្លាប់ អាហ្នឹងស្រេចតែរដ្ឋអំណាចជួយដោះស្រាយ ធ្វើម៉េចឲ្យសមរម្យ»។
កាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន២នាក់ បានរងការព្រួតវាយសម្លាប់ ដោយប្រើកាំបិត និងដំបង ពីសំណាក់អ្នកភូមិវៀតណាមរាប់សិបនាក់ នៅតំបន់ចម្ការកៅស៊ូមួយ ក្នុងខេត្តរោងដំរី ឬខេត្តតៃនិញ ទឹកដីខ្មែរកម្ពុជាក្រោម។ ខ្មែរកម្ពុជាក្រោម ១១នាក់ទៀត បានរងរបួសនៅក្នុងអំពើហិង្សានោះ ដែលគេចោទថា គឺបណ្ដាលមកពីការប៉ះទង្គិចពាក្យសំដីគ្នា និងការរើសអើងជាតិសាសន៍ជាដើម នេះបើតាមការអះអាងពីគ្រួសារខ្មែរកម្ពុជាក្រោម។
ខ្មែរកម្ពុជាក្រោមដែលបានស្លាប់នោះ មានឈ្មោះ ចៅ ណែត អាយុ២២ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរលាំង ឃុំរលាំង ស្រុកស្វាយទង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក។ និងខ្មែរកម្ពុជាក្រោម ឈ្មោះ ចៅ ផាត មានស្រុកកំណើតនៅក្នុងឃុំបន្ទាយស្វាយ ស្រុកស្វាយទង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក។
គេនៅមិនបានដឹងថា តើអាជ្ញាធរនគរបាលវៀតណាមនៅទីនោះ មានគម្រោងការដោះស្រាយតាមសំណើរបស់គ្រួសាររងគ្រោះ ឬយ៉ាងណានៅឡើយទេ នៅពេលនេះ។
តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី លោក យន្ត ថារូ ដែលជាខ្មែរកម្ពុជាក្រោមផងដែរនោះ បានផ្ញើលិខិតមួយច្បាប់ជូនលោក សឺន សុង សើង ជាសមាជិកមជ្ឈិមបក្ស និងជាអនុប្រធានចង្អុលទិសភាគនិរតីនៃប្រទេសវៀតណាមឲ្យជួយអន្តរាគមន៍ បើកការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យដើម្បីផ្ដន្ទាទោស។
លិខិតនោះត្រូវបានផ្ញើតាមរយៈស្ថានទូតវៀតណាម នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមន្ត្រីស្ថានទូតវៀតណាម មិនបានអនុញ្ញាតឲ្យចូលដាក់ ឬទទួលយកលិខិតនោះទេ ហើយក៏គ្មានផ្ដល់ហេតុផលដែរ៕