សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរលិខិតថ្វាយទៅព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ សម្តេច ភូមិបុល អាឌុលយ៉ាដេ (Bhumibol Adulyadej) នៅថ្ងៃព្រហស្បតិ៍ ទី១៧ ធ្នូនេះ តាមរយៈស្ថានទូតថៃប្រចាំនៅកម្ពុជា ដោយស្នើឲ្យព្រះអង្គព្រះរាជតម្រិះក្នុងការជួយលើកលែងទោសដល់ពលរដ្ឋខ្មែរដែលកំពុងជាប់ឃុំឃាំងនៅប្រទេសថៃដើម្បីឲ្យពួកគេមានសេរីភាពវិលមកជួបជុំគ្រួសារវិញ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការដាក់លិខិតនេះលោកចង់បង្ហាញពីភាពលំបាកវេទនា និងភាពអយុត្តិធម៌ចំពោះប្រជាពលករដ្ឋក្រីក្រដែលចូលទៅរកការងារធ្វើនៅប្រទេសថៃ ហើយត្រូវបានគេចោទប្រកាន់ពីបទផ្សេងៗដើម្បីឲ្យមហាក្សត្រថៃបានជ្រាប និងមានព្រះរាជតម្រិះប្រកបដោយទសពិធរាជធម៌។
លោក ជា មុនី បានបញ្ជាក់ថា ៖ «ដូច្នេះអ្វីដែលយើងលើកសេចក្ដីនេះដល់ស្ដេចថៃ យើងគិតថា ស្ដេចថៃនឹងមានការយល់អំពីប្រជាពលរដ្ឋកម្ពុជា ដែលជាពលរដ្ឋក្រីក្រទៅរកការងារធ្វើក្នុងប្រទេសថៃ ហើយត្រូវបានប្រទេសថៃចាប់ទៅកាត់ទោស អ្នកខ្លះកាត់ទោសរហូតដល់៧-៨ឆ្នាំ រហូតដល់៧០ឆ្នាំក៏មានដែរ»។
លិខិតស្នើសុំអន្តរាគមន៍ពីស្តេចថៃនេះរបស់សហជីពសេរីកម្មករបានធ្វើឡើង បន្ទាប់ពីព្រះមហាក្សត្រខ្មែរ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យកាលពីថ្ងៃទី១១ ធ្នូ លើកលែងទោសដល់ជនជាតិថៃម្នាក់ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពង់ (Siwarak Chothipong) ឲ្យរួចទោសទាំងស្រុង ក្រោយពីតុលាការខ្មែរបានសម្រេចដាក់គុកជននោះ ៧ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀលពីបទប្រព្រឹត្តចារកម្មក្នុងប្រទេសកម្ពុជា។
ក្នុងលិខិតស្នើសុំរបស់សហជីពបានបង្ហាញដោយយោងហេតុផលខាងលើនេះ ជាមួយនឹងសំណូមពរដល់សម្តេច ភូមិបុល អាឌុលយ៉ាដេ មេត្តាព្រះអង្គបង្ហាញនូវព្រះរាជហឫទ័យលើកលែងទោសដល់ពលករ ពលការិនីខ្មែរ ដែលកំពុងជាប់ឃុំឃាំងនៅប្រទេសថៃទាំងនោះ ដូចដែលព្រះមហាក្សត្រខ្មែរធ្លាប់បានព្រះសន្តោសប្រណីលើកលែងទោសដល់ពិរុទ្ធជនថៃ ឈ្មោះ ស៊ីវ៉ារ៉ាក់ ដែលធ្លាប់ជាប់ឃុំនៅពន្ធនាគារប្រទេសកម្ពុជានោះផង។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងកាលពីប៉ុន្មានថ្ងៃមុននេះ ថា កម្ពុជាធ្លាប់បានធ្វើកិច្ចព្រមព្រៀងដោះដូរអ្នកទោសគ្នាទៅវិញទៅមកជាមួយនាយករដ្ឋមន្រ្តីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ហើយកម្ពុជាបានអនុវត្តមុនប្រទេសថៃ ប៉ុន្តែប្រទេសថៃមិនបានអនុវត្តតាមពាក្យសន្យារបស់ខ្លួនឡើយ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «ថៃគាត់បានសន្យាថា នឹងជួយដោះនារី ២នាក់ដែលកំពុងជាប់ទោសនៅហ្នឹងដែរ ប៉ុន្តែយើងឃើញថា ថៃលេបសម្ដីខ្លួនឯងរហូត»។
ជាញឹកញយតែងតែមានសេចក្តីរាយការណ៍ពីតំបន់ព្រំដែនកម្ពុជាថៃមកថា ទាហានថៃបានបាញ់សម្លាប់ និងចាប់ពលរដ្ឋខ្មែរដាក់គុកជាបន្តបន្ទាប់ ដោយពុំទាន់មានការដោះស្រាយរកហេតុផលប្រកបដោយយុត្តិធម៌នោះឡើយ ហើយគេនៅមិនទាន់ដឹងថា មកដល់ពេលនេះមានពលរដ្ឋខ្មែរប៉ុន្មានពិតប្រាកដដែលកំពុងជាប់ឃុំនៅប្រទេសថៃនោះទេ៕