ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីតុលាការខេត្តកោះកុង បើកសវនាការជម្រះក្ដីលោក រ៉ាំ បូរ័ត្ន ដែលគេសង្ស័យថា លោកបានបាញ់សម្លាប់លោក អ៊ិន រតនា ដោយអចេតនាទាក់ទងនឹងរឿងរ៉ាវបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
អ្នកស្រី សំ ចន្ធី ភរិយា លោក ឈុត វុទ្ធី ឲ្យដឹងនៅថ្ងៃទី៤ តុលា ថា តុលាការខេត្តកោះកុង ហាក់មិនបានស្រាវជ្រាវរឿងក្ដីពាក់ព័ន្ធនឹងការបាញ់សម្លាប់ប្ដីរបស់គាត់ ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ ព្រោះរឿងក្ដីនេះមានចំណុចគួរឲ្យសង្ស័យជាច្រើន។
អ្នកស្រីអះអាងបន្តថា ឃាតករបានបាញ់សម្លាប់ប្ដីអ្នកស្រី មិនមែនមានតែលោក អ៊ិន រតនា ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង និងលោក រ៉ាំ បូរ័ត្ន ជាប្រធានសន្តិសុខមើលការខុសត្រូវឲ្យក្រុមធីមប៊ឺហ្គ្រីន (Timber Green) នោះទេ គឺមានអ្នកបញ្ជាពីក្រោយខ្នងបន្ថែមទៀត៖ «មានអ្នកឈ្មួញរកស៊ីឈើ អ្នកបញ្ជាមិនមែន អ៊ិន រតនា មានបំណងចង់បាញ់សម្លាប់ដោយខ្លួនឯងនោះទេ គឺមានឈ្មួញអ្នករកស៊ីឈើចេញពីក្រុមហ៊ុន ធីមប៊ឺហ្គ្រីន ហ្នឹង»។
បន្ថែមលើនេះ អ្នកស្រីបញ្ជាក់ថា រឿងដែលសំខាន់ ក្រុមហ៊ុន ធីមប៊ឺហ្គ្រីន គួរតែត្រូវតុលាការតាមដាន និងស្រាវជ្រាវឲ្យច្បាស់លាស់ ព្រោះការស្លាប់ស្វាមីរបស់អ្នកស្រី គឺជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុននេះ។ មួយវិញទៀត អ្នកស្រីលើកឡើងថា អ៊ិន រតនា មិនអាចសុខៗស្រាប់តែបាញ់សម្លាប់ប្ដីអ្នកស្រីដោយគ្មានហេតុផលនោះទេ។
ទាក់ទងនឹងករណីនេះដែរ មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា សវនាការដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ តុលា វាហាក់បង្ហាញលក្ខណៈបែបរៀបចំទុកជាមុន ក្នុងបំណងបញ្ចប់រឿងក្ដីនេះ កុំឲ្យមានរឿងជាប់ពាក់ព័ន្ធវែងឆ្ងាយតទៅទៀត។ លោកថ្លែងបន្តថា ការសម្រេចធ្វើការចោទប្រកាន់របស់តុលាការលើលោក រ៉ាំ បូរ័ត្ន ថាបានប្រព្រឹត្តអំពើមនុស្សឃាតដោយអចេតនាលើលោក អ៊ិន រតនា នោះ វាជារឿងគួរឲ្យសង្ស័យ ដែលគេពិបាកនឹងជឿ។
ម្យ៉ាងទៀត គេហាក់មើលឃើញថា តុលាការកំពុងប្រើយុទ្ធសាស្ត្របើកផ្លូវឲ្យខ្លួនងាយនឹងតម្កល់រឿងក្ដីបាញ់សម្លាប់លោក ឈុត វុទ្ធី ទុកមិនចាត់ការ៖ «ករណី គឺជាការមួយដែលធ្វើឲ្យរលត់បណ្ដឹង នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី ដោយសារតែលោក អ៊ិន រតនា បានស្លាប់ហ្នឹង។ អ៊ីចឹង សរុបមកវិញ ករណីនេះ គឺគេចង់បញ្ចប់តែម្ដងទៅលើករណីបាញ់សម្លាប់លោក ឈុត វុទ្ធី ហ្នឹងបាទ»។
លោក រ៉ាំ បូរ័ត្ន ត្រូវតុលាការចោទថា បានប្រព្រឹត្តឃាតកម្មដោយអចេតនា ក្នុងសកម្មភាពដែលលោកបានហាមឃាត់លោក អ៊ិន រតនា កុំឲ្យបាញ់លោក ឈុត វុទ្ធី។
ក្នុងបទចោទនៃអំពើឃាតកម្មដោយអចេតនានេះ លោក រ៉ាំ បូ័ត្ន ប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល យោងតាមការចោទប្រកាន់របស់តុលាការ ដោយផ្អែកលើមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ។ តុលាការខេត្តកោះកុង នឹងប្រកាសសាលក្រមរបស់លោក រ៉ាំ បូរ័ត្ន នៅថ្ងៃទី៨ តុលា ឆ្នាំ២០១២។
ភ្ជាប់នឹងការលើកឡើងរបស់លោក អំ សំអាត នេះដែរ ក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងអំពីមូលហេតុនៃការរលត់បណ្ដឹងអាជ្ញា ឬហៅបណ្ដឹងព្រហ្មទណ្ឌ រួមមានមរណភាពនៃជនល្មើស ការផុតអាជ្ញាយុកាល ការលើកលែងទោសជាទូទៅ និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ និងអាជ្ញាអស់ជំនុំ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងចៅក្រម នៃសាលាដំបូងខេត្តកោះកុង ដើម្បីសុំបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី៤ តុលា។
សកម្មជនការពារបរិស្ថាន លោក ឈុត វុទ្ធី ត្រូវឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី២៦ ឆ្នាំ២០១២ ក្នុងសកម្មភាពចុះតាមដានការកាប់ព្រៃឈើរបស់ក្រុមហ៊ុន ធីមប៊ឺហ្គ្រីន នាខេត្តកោះកុង ជាមួយនឹងអ្នកកាសែតភាសាបរទេសចំនួនពីរនាក់ទៀត។ ក្នុងរឿងក្ដីនេះ អង្គការសង្គមស៊ីវិល បានបង្ហាញភាពមិនប្រក្រតីមួយចំនួន ហើយអង្គការទាំងនោះបដិសេធចំពោះចំណាត់ការរបស់តុលាការលើរឿងក្ដីនេះជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។