ទាហាន​ខ្មែរ​និង​ថៃ​ប៉ះ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​អូរ​ស្មាច់

កង​យោធា​ខ្មែរ​បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​ទាហាន​ថៃ ២​លើក រយៈ​ពេល​ខ្លី នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​តំបន់​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ។

ប្រភព​ព័ត៌មាន​ពី​កង​យោធា​ខ្មែរ​ដែល​កំពុង​ប្រចាំការ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន នៅ​តំបន់​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា គេ​បាន​ប៉ះ​ប្រយុទ្ធ​គ្នា​​ចំនួន ២​លើក​​រយៈពេល​ខ្លី ជាមួយ​កង​ទាហាន​ថៃ​នៃ​ខេត្ត​សុរិន្ទ បន្ទាប់​ពី​កង​ទាហាន​ថៃ​មួយ​ក្រុម​បាន​ព្យាយាម​បណ្ដេញ​ឲ្យ​កង​ការពារ​ព្រំដែន​ខ្មែរ ដែល​កំពុង​ប្រចាំការ​នៅ​តំបន់​បង្គោល​ឡាក់​លេខ​១៤ រុះ​រើ​ខ្ទម​ចាក​ចេញ​មិន​បាន​សម្រេច។

កង​ទាហាន​វរ​ការពារ​ព្រំដែន​ខ្មែរ​លេខ​៤០២ មួយ​រូប ដែល​មិន​បញ្ចេញ​ឈ្មោះ ប្រចាំ​នៅ​ចំណុច​​ព្រំដែន​ក្បែរ​កន្លែង​ប៉ះ​ទង្គិច​គ្នា​នោះ បាន​មាន​ប្រសាសន៍​កាល​ពី​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​សៅរ៍ ថា ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទាហាន​ខ្មែរ​-​ថៃ​បាន​កើត​ឡើង​ចំនួន ២​លើក​នៅ​ក្បែរ​ជើង​ភ្នំ​តា​ថង នៃ​បង្គោល​ព្រំដែន​លេខ​១៤ ភាគ​ខាង​កើត​ពី​ច្រក​ព្រំដែន​អូរ​ស្មាច់ ដោយ​ទាហាន​ទាំង​សងខាង​បាន​បាញ់​អាវុធ​ធុន M79, B40 និង​កាំភ្លើង​ដៃ​ត​គ្នា លើក​ទី​មួយ​រយៈពេល​ប្រហែល ១៥​នាទី និង​លើក​ទី​២ ប្រហែល ៥​នាទី។

ទាហាន​ដដែល​បាន​បញ្ជាក់​ថា ៖ «វា​ឈរ​ជើង​នៅ​នឹង​អាង​ចម្រាក់​ភ្នំ​តា​ថង​ខាង​ឆ្វេង ហើយ​យើង​ឈរ​ម្ខាង ភ្នំ​យើង​តើ! នៅ​ក្នុង​បង្គោល​ឡាក់​លេខ​១៤។ ចំណុច​កន្លែង​យើង​ឈរ​ជើង​ធ្វើ​ផ្ទះ​នៅ វា​ឲ្យ​យើង​រុះ​រើ ដល់​យើង​រុះ​រើ​ម៉េច! ធ្វើ​នៅ​ដី​យើង​តើ! បាញ់ ២​ដង​ព្រឹក​មិញ ពី​ម៉ោង ៧:៤៥​នាទី​ម្ដង ម៉ោង ៩:៤៥​នាទី​ម្ដង​ទៀត ពីរ​ដង។ វា​ចូល​មក​បាញ់​យើង​មុន។ វា​បាញ់​ផ្លោង​ហើយ​បាន​ទ័ព​ថ្មើរ​ជើង​វា​ចុះ​មក»

ទោះ​យ៉ាង​ណា​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នោះ ទាហាន​ខ្មែរ​អះអាង​ថា ពុំ​មាន​អ្នក​រង​របួស​ឬ​ក៏​ស្លាប់​ទេ។

មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​ខ្មែរ​លេខ​៤០២ ប្រចាំ​តំបន់​អូរ​ស្មាច់ លោក តុន ញាណ បាន​បដិសេធ​មិន​អធិប្បាយ​ជុំវិញ​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​នោះ​យ៉ាង​ណា​ទេ។

ចំណែក​អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ប្រចាំ​ទិស​យោធ​ភូមិភាគ​ទី​៤ លោក​ឧត្ដម​សេនីយ៍​ឯក ជា តារា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា ការ​ប៉ះ​ទង្គិច​គ្នា​នោះ​គឺ​បាន​បង្ក​ឡើង​ដោយ​ទាហាន​ថៃ ដែល​នៅ​ចម្ងាយ ​២០០​ម៉ែត្រ​ក្នុង​ព្រំដែន​របស់​គេ បាន​បាញ់​រះ​មក​លើ​ទាហាន​ខ្មែរ​មុន ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ។

លោក​ឧត្ដម​សេនីយ៍​ឯក ជា តារា បាន​អះ​អាង​ថា ៖ «ព្រឹក​មិញ​នេះ​នៅ​ខាង​កើត​អូរ​ស្មាច់ ភាគី​ថៃ​ហ្នឹង​គាត់​មិន​ដឹង​យ៉ាង​ម៉េច ប្រហែល​ជា​ស្រវឹង​ពី​ក្បាល​ល្ងាច​ក៏​មិន​ដឹង បាញ់ ២០០​ម៉ែត្រ​ពី​កម្លាំង​យើង។ អត់​មាន​របួស​អត់​មាន​អី​ទេ! ព្រឹត្តិការណ៍​ព្រឹក​មិញ​ហ្នឹង​មិន​មាន​អី​ទេ ​ដោះស្រាយ​ចប់​ហើយ! ឥឡូវ​ហ្នឹង​មេ​វរ និង​មេ​វរ​បាន​ជួប​គ្នា​រួច​ហើយ»

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ដក​ស្រង់​យក​សំដី​មេ​បញ្ជាការ​យោធា​ថៃ​មួយ​រូប​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ទទួល​ស្គាល់​ថា ទាហាន​របស់​គេ​ពិត​ជា​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​កង​ការពារ​​ព្រំដែន​ខ្មែរ​មែន ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​តាម​ព្រំដែន​នោះ គឺ​ជា​ការ​យល់​ច្រឡំ​នឹង​គ្នា។ មន្ត្រី​យោធា​ថៃ​ បាន​អះអាង​ទៀត​ថា គ្មាន​ទាហាន​របស់​គេ​រង​របួស ឬ​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ​ទេ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ និង​ថៃ​នៅ​តាម​តំបន់​ព្រំដែន​ខ្លះ បាន​កើត​មាន​ឡើង​ចាប់​តាំង​ពី​ថៃ​បាន​លើក​កង​ទ័ព​រាប់​រយ​នាក់​ចូល​លុក​លុយ​ទី​វត្ត​ខ្មែរ កែវ​សិខា​គិរី​ស្វរៈ ជាប់​ប្រាសាទ​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨​រហូត​មក៕