មន្ត្រី​ស.រ.អា.៖ ថវិកា​បាត់​ដោយ​អំពើ​ពុក​រលួយ​អាច​បន្ថែម​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​បាន​២៦០​ដុល្លារ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ថវិកា​ដែល​បាត់បង់​ដោយសារ​អំពើ​ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា​ចំនួន​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​អាច​យក​មក​បន្ថែម​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ​បាន​ចំនួន​២៦០​ដុល្លារ​ក្នុង​មួយ​ខែ។

0:00 / 0:00

លោកស្រី ខារ៉ូល រ៉ដលី (Carol Rodley) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ដែល​បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​ការប្រគំ​តន្ត្រី​បាត​ដៃ​ស្អាតស្អំ ក្រោម​ប្រធានបទ​រួម​គ្នា​ប្រឆាំង​អំពើ​ពុករលួយ ដែល​រៀបចំ​ដោយ​អង្គការ​ផេក​កម្ពុជា​និង​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ អូឡាំពិក​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០០៩ បាន​ធ្វើការ​ប្រៀបធៀប​នូវ​សាច់​ប្រាក់​ដែល​បាត់បង់​តាម​រយៈ​អំពើ​ពុក​រលួយ។

លោកស្រី ខារ៉ូល រ៉ដលី បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ថា ៖ «ដោយ​ផ្អែក​ទៅ​លើ​ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា អំពើ​ពុក​រលួយ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ចំណូល​ជាតិ​ដល់​ទៅ​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដែល​ចំណូល​នេះ​អាច​ជួយ​ដល់​ការចំណាយ​ផ្សេងៗ​ទៅ​លើ​សេវា​អប់រំ​សាធារណៈ សេវា​ថែទាំ​សុខភាព​និង​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា។ ថវិកា​៥០០​លាន​ដុល្លារ​គឺ​មាន​តម្លៃ​ស្មើ​នឹង​ការសាងសង់​អគារ​ដែល​មាន​បន្ទប់​ចំនួន​២​ម៉ឺន​ឬ​មាន​លទ្ធភាព​ផ្ដល់​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ​កម្ពុជា​បន្ថែម​ចំនួន​២៦០​ដុល្លារ​ក្នុង​មួយ​ខែ»

លោកស្រី ខារ៉ូល ក៏​បាន​សម្ដែង​ផងដែរ​នូវ​សេចក្ដី​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​អនុម័ត​ច្បាប់​ប្រឆាំង​អំពី​ពុករលួយ​នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ។

លោកស្រី ខារ៉ូល រ៉ដលី បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ថា ៖ «សូម​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​គោរព​នូវ​ការសន្យា​របស់​ខ្លួន​និង​ការអនុម័ត​នៃ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០០៨​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​បាន​សន្យា​ក្នុង​ការអនុម័ត​ច្បាប់​នេះ។ ឥឡូវ​នេះ​ដល់​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​អនុវត្ត​ហើយ»

សូម​ជម្រាប​ជូន​ផងដែរ​ថា ការប្រគំ​តន្ត្រី​បាតដៃ​ស្អាតស្អំ​មាន​ការចូលរួម​សម្ដែង​ពី​សំណាក់​អ្នក​ចម្រៀង​និង​សិល្បករ សិល្ប​ការិនី​ល្បី​ៗ​ប្រចាំ​កម្ពុជា រួម​ទាំង​ក្រុម​កំប្លែង​របស់​នាយ​កុយ​ផងដែរ។

ក្រៅ​ពី​ការប្រគំ​តន្ត្រី​ក៏​មាន​ការបញ្ចាំង​កាំរស្មី​រូបភាព​បាត​ដៃ​ស្អាតស្អំ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការជក់​ចិត្ត ក្នុង​នោះ​អ្នក​ទស្សនា​ភាគ​ច្រើន​បាន​ប្រើប្រាស់​ម៉ាស៊ីន​ថតរូប ម៉ាស៊ីន​ថត​វីដេអូ​និង​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ថត​យក​នូវ​ទស្សនីយភាព​ទាំង​នោះ​ទៀត​ផង។

មន្ត្រី​ជាន់ខ្ពស់​នៃ​កម្មវិធី​បញ្ជ្រាប​ការប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​សមធម៌​នៃ​អង្គការ​ផេក​កម្ពុជា លោកស្រី ហួត រតនៈ បាន​មាន​ប្រសាសន៍​ថា ការប្រគំ​តន្ត្រី​បាត​ដៃ​ស្អាតស្អំ​លើក​ទី​១​នេះ​បាន​ប្រកប​ដោយ​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក។

លោកស្រី ហួត រតនៈ បាន​បញ្ជាក់​ថា ៖ «យើង​មាន​ទស្សនិកជន​រាប់​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​របស់​យើង»

ការប្រគំ​តន្ត្រី​បាត​ដៃ​ស្អាតស្អំ​បាន​បញ្ចប់​ទៅ​ក្រោម​សំនៀង​បទ​ពង្សាវតារ​ខ្មែរ​ដែល​ច្រៀង​រួម​គ្នា​ដោយ​សិល្បករ សិល្ប​ការិនី​ទាំងអស់៕