សកម្មជន​សិទ្ធិ​មនុស្ស​ថា កម្ពុជា​ងាក​ឆ្ងាយ​ពី​ប្រជាធិបតេយ្យ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ មករា ឆ្នាំ​២០១១ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ដោយ​បាន​សំដែង​ក្តី​បារម្ភ​ចំពោះ​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ កម្ពុជា ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព។

0:00 / 0:00

មន្ត្រី​សិទ្ធិ​មនុស្ស និង​សហជីព​នៅ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ទី​២៣ មករា ឆ្នាំ​២០១១ បាន​ចាត់​ទុក​សេចក្ដី​ព្រាង​ច្បាប់​សហជីព និង​សេចក្ដី​ព្រាង​ច្បាប់​សមាគម​ដែល​បាន​ផ្ដួច​ផ្ដើម​ដោយ​រដ្ឋាភិបាល​កម្ពុជា​នឹង​នាំ​កម្ពុជា​ងាក​កាន់​តែ​ឆ្ងាយ​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ​​ថែម​ទៀត។

សេចក្ដី​ថ្លែង​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បន្ត​ទៀត​ថា សេចក្ដី​ព្រាងច្បាប់​សហជីព និង​សមាគម​បាន​តម្រូវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល សមាគម និង​សហជីព​ចុះ​បញ្ជី​ដ៏​ស្មុគស្មាញ និង​រាយ​ការណ៍​ពី​ហិរញ្ញវត្ថុ​របស់​ខ្លួន ដែល​អាច​បណ្ដាល​ឲ្យ​សិទ្ធិ​សេរីភាព​ខាង​សមាគម​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់ ដោយសារ​តែ​នីតិ​វិធី​ការិយាធិបតេយ្យ​នេះ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​កត់​សំគាល់​ថា ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ២០០៨ មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ប្រាស់​តុលាការ​កម្ពុជា​ជា​ឧបករណ៍​គាប​សង្កត់ និង​បង្ក្រាប​ដល់​សេរីភាព​បញ្ចេញ​មតិ ដូច​ជា​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង អ្នក​កាសែត មេធាវី និង​សកម្មជន​សិទ្ធិ​មនុស្ស​ជា​ដើម។

ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១១ ក៏​បាន​សំដែង​ក្តី​កង្វល់ និង​សេចក្ដី​ព្រាង​ច្បាប់​គ្រប់​គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ហើយ​បាន​សម្ដែង​ការ​ជំទាស់​ទៅ​នឹង​ការ​ប៉ុនប៉ង​ណា​មួយ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រឹតត្បិត​សកម្មភាព​ស្រប​ច្បាប់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល។

សហ​រដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិភាក្សា​ជា​មួយ​នឹង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា និង​ដៃ​គូរ​អភិវឌ្ឍ​របស់​កម្ពុជា ដើម្បី​ធ្វើ​ការ​ពិចារណា​ឡើង​វិញ​ថា តើ​វិធានការណ៍​ទាំង​ឡាយ​ចែង​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នោះ វា​មាន​ការ​ចាំ​បាច់​ដែរ ឬ​ទេ។ សហ​រដ្ឋ​អាមេរិក​ជឿ​ជាក់​ថា សង្គម​ស៊ីវិល​ខ្លាំង​ប្រកប​ដោយ​សេរីភាព គឺ​កម្លាំង​ពិសេស​មួយ ដើម្បី​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ និង​ពង្រីក​កំណើន​សេដ្ឋកិច្ច។

លោក រ៉ុង ឈុន ប្រធាន​សហភាព​ការ​ងារ​កម្ពុជា និង​សមាគម​គ្រូ​បង្រៀន​ឯក​រាជ្យ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ទី​២៣ មករា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​ឲ្យ​ដឹង​ថា សហជីព​នៅ​កម្ពុជា​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​សហជីព ដែល​អាច​បណ្ដាល​ឲ្យ​សេរីភាព​សហជីព​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្សោយ។ លោក​បន្ត​ទៀត​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​ថៅកែ​រោង​ចក្រ​អាច​បញ្ឈប់​សហជីព​ក្នុង​រោង​ចក្រ​ខ្លួន​បាន ប្រសិន​បើ​រោង​ចក្រ​មិន​ពេញ​ចិត្ត​នឹង​សហជីព។

អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស លោក ទិត្យ សុធា នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​សមាគម និង​សហជីព​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ លោក​បន្ត​ថា កន្លង​មក​មាន​អង្គការ​សមាគម​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ថវិកា​ជំនួយ​បរទេស​មិន​សម​ស្រប។

សេចក្ដី​ថ្លែង​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បន្ត​ទៀត​ថា ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍ ដើម្បី​គាប​សង្កត់ និង​បង្ក្រាប​ដល់​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។ របាយ​ការណ៍​ស្ដីពី​សិទ្ធិ​សេរីភាព​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​សេរីភាព​ពិភព​លោក ដែល​មាន​ឈ្មោះ​ថា Freedom House បាន​រក​ឃើញ​ថា ការ​រឹតត្បិត​សិទ្ធ​សេរីភាព​នៅ​កម្ពុជា​កំពុង​កើន​ឡើង។ អង្គការ Freedom House បាន​ចាត់​ចំណាត់​ថ្នាក់​កម្ពុជា​ឋិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ២៥​ប្រទេស ដែល​សិទ្ធិ​សេរីភាព​ផ្នែក​ខាង​ស៊ីវិល និង​នយោបាយ ត្រូវ​បាន​ក្ដោប​ក្ដាប់​យ៉ាង​តឹងរ៉ឹង។

ប្រទេស​កម្ពុជា​ឋិត​ក្នុង​ចំណោម​បណ្ដា​ប្រទេស ភូមា ចិន ឡាវ កូរ៉េ​ខាង​ជើង និង​វៀតណាម ដែល​ជា​ប្រទេស​ត្រូវ​គេ​ចាត់​ថា គ្មាន​សេរីភាព។

ទោះបី​ជា​យ៉ាង​ក៏​ដោយ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២០ មករា ឆ្នាំ​២០១១ មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​កំពុង​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញ​លេញ ទោះបី​ជា​មាន​ការ​តវ៉ា​ថា កម្ពុជា​គ្មាន​សេរីភាព​ក៏​ដោយ។ លោក​បន្ត​ទៀត​ថា កម្ពុជា​ចាំបាច់​បញ្ចប់​សង្គ្រាម និង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដើម្បី​ឈាន​ទៅ​រក​សេរីភាព និង​ប្រជាធិបតេយ្យ។

Freedom House ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ក្ដោប​ក្ដាប់​រាល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត ការ​គំរាម​កំហែង​មន្ត្រី​អង្គការ​ស៊ីវិល និង​ការ​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ច​ការ​តុលាការ​ខ្មែរ​ក្រហម។

ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ប្រកាស​រួច​ហើយ​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​បំណង​អាក្រក់​ប្រឆាំង​នឹង​សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​នោះ​ទេ។ ក្នុង​កិច្ច​ពិភាក្សា​មួយ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​បំណង​ដើម្បី​ត្រួត​ត្រា​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

លោក​បន្ត​ទៀត​ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​បំណង​ចង់​គំរាម​កំហែង​សមាគម ឬ​អង្គការ​សង្គម​ស៊ីវិល​នោះ រដ្ឋាភិបាល​មិន​ចាំ​បាច់​ត្រូវ​ការ​វត្តមាន​អង្គការ​ទាំង​នោះ​នៅ​កម្ពុជា​នោះ​ទេ។ បើ​ទោះ​ជា​មាន​ការ​ថ្លែង​អះអាង​ពី​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង បែប​នេះ​ក្តី មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​សំខាន់​នោះ គឺ​ខ្លឹម​សារ​លាយលក្ខណ៍អក្សរ ដែល​គេ​ត្រូវ​ចែង​ឲ្យ​បាន​ច្បាស់​នៅ​ក្នុង​ច្បាប់ មិន​មែន​ការ​ប្រកាស​សន្យា​ផ្ទាល់​មាត់​នោះ​ទេ។

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នា​ពេល​ថ្មីៗ​នេះ រវាង​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល មាន​ការ​ពិភាក្សា​គ្នា​ជា​ច្រើន​ចំណុច ទៅ​លើ​សេចក្ដី​ព្រួយ​បារម្ភ​របស់​អង្គការ​សមាគម។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​រដ្ឋាភិបាល​នឹង​ទទួល​យក​អនុសាសន៍​កែ​លម្អ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ស្នើ​ឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល​បាន​ប៉ុន្មាន​នោះ​ទេ៕