កម្មករ​សំណង់​ឈប់​តវ៉ា​ក្រោយ​មាន​ការ​សន្យា​ពី​ក្រុមហ៊ុន

ក្រុម​កម្មករ​រាប់​រយ​នាក់​របស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​កូរ៉េ​មួយ​ឈ្មោះ ឌូសុង (Doosong) បាន​បញ្ចប់​ការ​តវ៉ា និង​ការ​ទាមទារ​របស់​ខ្លួន​រយៈ​ពេល​ពីរ​ថ្ងៃ ក្រោយ​ទទួល​ការ​សន្យា​មួយ​ចំនួន​ពី​ក្រុមហ៊ុន។

0:00 / 0:00

ការ​បញ្ចប់​ការ​តវ៉ា និង​ការ​ទាមទារ​របស់​កម្មករ​ក្រុមហ៊ុន ឌូសុង បាន​កើត​មាន​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ដោះស្រាយ​បញ្ហា​ជាប់ៗ​គ្នា​រយៈ​ពេល​ពីរ​ថ្ងៃ រវាង​តំណាង​ក្រុមហ៊ុន តំណាង​កម្មករ និង​តំណាង​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១០។

ប្រធាន​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា លោក សុខ សុវណ្ណដេត បាន​ថ្លែង​បន្ទាប់​ពី​កិច្ចប្រជុំ​ថា ភាគី​ខាង​ក្រុមហ៊ុន​បាន​យល់​ព្រម​លើ​ចំណុច​ភាគ​ច្រើន តាម​ការ​ទាមទារ​របស់​កម្មករ​ហើយ ហើយ​ទន្ទឹម​គ្នា​នេះ​ដែរ លោក​បញ្ជាក់​បន្ថែម​ថា ៖ «អ្វី​ដែល​បង​ប្អូន​ទាមទារ គាត់​បាន​ឯកភាព។ ប៉ុន្តែ​អ្វី​ដែល​យើង​ទាមទារ​ហើយ ចំណុច​ចុង​ក្រោយ​បំផុត​គឺ​ក្រុមហ៊ុន​ផ្អាក​ការងារ​សិន។ ចំណុច​នេះ​គាត់​លើក​ឡើង​ថា គាត់​នឹង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ខាង​លើ ដោយសារ​តែ​យើង​ធ្វើ​កូដកម្ម​នេះ​ប៉ះ​ពាល់​ទៅ​លើ​ក្រុមហ៊ុន​ធំ។ អ៊ីចឹង​ក្រុមហ៊ុន​ធំ គេ​អត់​ចង់​ឱ្យ​បង​ប្អូន​មាន​បញ្ហា​អ៊ីចឹង​ទេ»

លោក សុខ សុវណ្ណដេត បន្ត​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា កម្មករ​សំណង់​របស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់ ឌូសុង បាន​ទាមទារ​កែ​សម្រួល​លក្ខខណ្ឌ​ការងារ​ចំនួន ២៤​ចំណុច ដែល​ក្នុង​ចំណុច​ទាំង​នោះ មាន​ជា​អាទិ ការ​ដំឡើង​ប្រាក់​ឈ្នួល​ពី​បី​ដុល្លារ​កន្លះ ទៅ​បួន​ដុល្លារ​សម្រាប់​កម្មករ​ធម្មតា ហើយ​គុណ​ប្រាក់​ឈ្នួល​នឹង​ពីរ​ពេល​ធ្វើ​ការ​នៅ​ថ្ងៃ​បុណ្យ និង​ថ្ងៃ​ឈប់​សម្រាក។ កែ​ប្រែ​ពេល​ម៉ោង​ធ្វើការ និង​មិន​ត្រូវ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​បង្ខំ។ ក្រោយ​កិច្ច​ប្រជុំ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ១២​ចំណុច លើ ២៤​ចំណុច។

ក្នុង​ចំណោម​អ្នក​តវ៉ា និង​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់ ឌូសុង ប្រមាណ ២០០​នាក់ កម្មករ​ម្នាក់​ឈ្មោះ ហឿង សុខចាន់ បញ្ជាក់​ការ​ទាមទារ​ពី​ពេល​វេលា​ថា ៖ «គាត់​បង្ខំ​ឱ្យ​ខ្ញុំ​ថែម​ម៉ោង ហើយ​ពេល​ព្រឹក​គាត់​ឱ្យ​ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង​មក​ឱ្យ​ទាន់​ម៉ោង ៦​កន្លះ បើ​មក​មិន​ទាន់​ទេ​គេ​អត់​ឱ្យ​ចូល​ទេ។ ដល់​ពេល​ហូប​បាយ​គេ​ឲ្យ​ចេញ​ម៉ោង ១២។ យើង​ឃ្លាន​បាយ​ណាស់ យើង​ក្តៅ​ណាស់។ ខ្ញុំ​សុំ​ឲ្យ​បាន​ចូល​ធ្វើ​ការ​ម៉ោង ៧ ហើយ​ឡើង​មក​ហូប​បាយ​ម៉ោង ១១។ សុំ​តែ​ប៉ុណ្ណឹង​ទេ»

ក្រុមហ៊ុន ឌូសុង ជា​ក្រុមហ៊ុន​ម៉ៅការ​សំណង់​បន្ត​ពី​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ ប៉ូស្កូ អ៊ីអ៊ែនស៊ី (Posco E&C) ដែល​កំពុង​សាង​សង់​អាគារ​កម្ពស់ ៣៨​ជាន់ ឈ្មោះ វឌ្ឍនៈ ខេភីថល (Vattanac Capital) នៅ​រាជធានី​ភ្នំពេញ។

មន្រ្តី​ផ្នែក​រដ្ឋបាល​របស់​ក្រុមហ៊ុន ប៉ូស្កូ អ៊ីអ៊ែនស៊ី ដែល​បាន​ចូល​ប្រជុំ​ដោះស្រាយ​ដែរ គឺ​កញ្ញា ឃុត ម៉ូលីន ថ្លែង​ថា បញ្ហា​ដែល​បាន​កើត​ឡើង​នេះ គឺ​បណ្តាល​មក​ពី​ភាគី​ខាង​កម្មករ​ទទួល​ព័ត៌មាន​មិន​បាន​គ្រប់គ្រាន់ ព្រោះ​កម្មករ​ខ្លះ​ទើប​ចូល​ធ្វើការ​ថ្មី។

កញ្ញា ឃុត ម៉ូលីន បន្ត​ថា ៖ «ក្រោយ​ពី​ការ​ពិភាក្សា​គ្នា​ទៅ​ឃើញ​ថា កម្មករ​ហ្នឹង​គាត់​មាន​ការ​យល់​ដឹង​ច្រើន ថា​ខាង​ក្រុមហ៊ុន ឌូសុង បាន​ផ្តល់​លក្ខខណ្ឌ​ការងារ​ល្អ​ដល់​កម្មករ​ទាំង​អស់​ហ្នឹង ហើយ​គាត់​ក៏​ព្រម​ទទួល​យក ហើយ​ក្រុមហ៊ុន​ក៏​ព្រម​តាម​សំណើរ​របស់​គាត់ ដែល​គាត់​សំណូមពរ​ឱ្យ​មាន​ពេទ្យ គឺ​ក្រុមហ៊ុន​ធ្វើ​តាម​គាត់»

លោក សុខ សុវណ្ណដេត ប្រធាន​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សន្យា​នឹង​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ហើយ​នឹង​ផ្អាក​សកម្មភាព​សាងសង់​មួយ​រយៈ។ កម្មករ​មួយ​ចំនួន​សម្តែង​ការ​សង្ស័យ​ថា ក្រុមហ៊ុន​អាច​នឹង​មិន​យក​ពួកគាត់​ធ្វើការ​វិញ​ទេ ព្រោះ​តែ​ការ​ទាមទារ​រយៈ​ពេល​ពីរ​ថ្ងៃ។ ប៉ុន្តែ​មន្រ្តី​សហជីព​និយាយ​ថា ក្រុមហ៊ុន​បាន​សន្យា​ថា គេ​នឹង​មិន​បញ្ឈប់​ព្រោះ​តែ​ការ​តវ៉ា​ទេ។ កម្មករ​និយាយ​ថា ប្រសិន​បើ​មាន​ការ​បញ្ឈប់​ព្រោះ​តែ​ការ​តវ៉ា​នេះ​មែន ពួក​គាត់​នឹង​តវ៉ា​សា​ជា​ថ្មី៕