អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា

វិស័យ​អប់រំ​នៅ​កម្ពុជា ត្រូវ​បាន​ក្រុម​គ្រូ​បង្រៀន និង​មហាជន​រិះគន់​ថា បាន​កើត​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ​ពិសេស​ទាក់ទង​ការ​បែងចែក​តួនាទី​មេ​ប្រយោគ ឬ​អនុរក្ស​ក្នុង​សម័យ​ប្រឡង​សញ្ញាបត្រ​កើត​ឡើង​ម្តងៗ។

0:00 / 0:00

លិខិត​ថ្ងៃ​ទី​១២ ខែ​សីហា មាន​ចុះ​ហត្ថលេខា​ដោយ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​​​​ឯករាជ្យ បាន​ស្នើ​ឲ្យ​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​លិខិត​អនាមិក​​មួយ​ច្បាប់ ផ្ញើ​មក​សមាគម​គ្រូ ស្ដី​ពី​សំណូក​​ពុករលួយ​បាន​កើត​មាន​នៅ​ក្នុង​​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​​ទូទៅ​ ​នៅ​សម័យ​​​ប្រឡង​​មធ្យម​​សិក្សា​​​​កម្រិត​ទី​២ ទើប​បញ្ចប់​​ថ្មីៗ​នេះ។

លិខិត​អនាមិក​បាន​រៀបរាប់​ឈ្មោះ​មន្ត្រី​នៅ​ក្នុង​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ នៃ​ក្រសួង​អប់រំ ដែល​បាន​ទទួល​សំណូក​ពី​ការ​បែង​ចែក​តួនាទី​គណៈ​មេ​ប្រយោគ ឬ​អនុរក្ស​នៅ​សម័យ​ប្រឡង​មធ្យម​សិក្សា​កម្រិត​ទី​២ ​កន្លង​ទៅ​នេះ។ លិខិត​​បន្ត​ថា ​មាន​បុគ្គលិក​សិក្សា​ខ្លះ​បាន​ចំណាយ​ថវិកា​ទៅ​ឲ្យ​ថ្នាក់​ដឹក​នាំ​នាយកដ្ឋាន​ចំណេះ​ទូទៅ​ពី​ ២០​ម៉ឺន​​​​រៀល ទៅ ៣០​ម៉ឺន​រៀល ​​ឬ​ពី ១០ ទៅ ១៥​ដុល្លារ ជា​ថ្នូរ​បាន​ធ្វើ​ជា​អនុរក្ស មេ​ប្រយោគ និង​ពី ៥០​ដុល្លារ ឲ្យ​មាន​តួនាទី​ជា​អនុ​ប្រធាន ឬ​ប្រធាន​មណ្ឌល​ប្រឡង​ជាដើម។

បន្ថែម​លើ​លិខិត លោក រ៉ុង ឈុន នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា​នេះ បាន​អំពាវនាវ​ឲ្យ​លោក ​អ៊ឹម សិទ្ធី រដ្ឋ​​​មន្ត្រី​ក្រសួង​​អប់រំ​​​ ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​​លិខិត​អនាមិក រក​ឲ្យ​ឃើញ​ការ​ពិត និង​ត្រូវ​ផ្តន្ទា​ទោស​មន្ត្រី​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ដើម្បី​លើក​កម្ពស់​វិស័យ​​អប់រំ ពិសេស​ឲ្យ​ការ​ប្រឡង​ក្រោយៗ​ទៀត មាន​លក្ខណៈ​ត្រឹមត្រូវ និង​អាច​ជឿ​ទុក​ចិត្ត​បាន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទំនាក់​ទំនង​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​​បំភ្លឺ​​បាន​ទេ​តាម​ទូរស័ព្ទ​ ជុំវិញ​​​​​​​អំពើ​​​​​ពុករលួយ​នៅ​ក្នុង​វិស័យ​អប់រំ​ដែល​រង​ការ​ចោទ​ប្រកាន់ នៅ​គ្រា​ដែល​លោក អ៊ិន ថេ មន្ត្រី​នាំ​ពាក្យ​ក្រសួង​​អប់រំ បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​​មិន​និយាយ​ស្តី​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា​នេះ។

កាលបរិច្ឆេទ​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​កម្រិត​ទី​២ ឆ្នាំ​​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ​កន្លះ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១០។ ​ក៏ប៉ុន្តែ​សម័យ​ប្រឡង​ឆ្នាំ​នេះ ត្រូវ​បាន​ក្រុម​គ្រូ​បង្រៀន​មក​ពី​តាម​ខេត្ត​ក្រុង​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា បាន​រិះគន់​ថា មន្ត្រី​គណៈ​គ្រប់គ្រង​សាលា ឬ​មន្ត្រី​បម្រើការ​នៅ​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​នៃ​ក្រសួង​អប់រំ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ទៅ​លើ​ការ​បែងចែក​តួនាទី​មេ​ប្រយោគ ឬ​អនុរក្ស​ប្រឡង។

ប្រភព​ពី​គ្រូ​បង្រៀន​មិន​បង្ហាញ​អត្ត​សញ្ញាណ​ឲ្យ​ដឹង​ថា ក្នុង​គ្រូ​បង្រៀន​ម្នាក់​ត្រូវ​ចំណាយ​ថវិកា​ពី​ ១០ ទៅ ១៥​ដុល្លារ ទៅ​ឲ្យ​ថ្នាក់​ដឹក​នាំ​របស់​​​​​​​​​ខ្លួន​ជា​ថ្នូរ​បាន​ចេញ​ធ្វើ​មេ​ប្រយោគ អនុរក្ស ឬ​មន្ត្រី​កំណែ​ នៅ​ក្នុង​សម័យ​ប្រឡង​ម្ដងៗ។ ចំណែក​បុគ្គលិក​​​សិក្សា​ដែល​មិន​មាន​ថវិកា​ចំណាយ​ទៅ​ឲ្យ​ថ្នាក់​ដឹក​នាំ ពួកគេ​មិន​មាន​ឱកាស​​​ចេញ​ធ្វើ​​អនុរក្ស មេ​ប្រយោគ​​ ឬ​មន្ត្រី​កំណែ​បាន​លើស​ពី​ម្តង​ឡើយ។

ទោះ​មាន​ការ​ចោទ​ប្រកាន់​បែប​នេះ​ក្តី ​​មន្ត្រី​ថ្នាក់​ដឹក​នាំ​សាលា ឬ​មន្ទីរ​អប់រំ​នៅ​តាម​ខេត្ត​ក្រុង​មួយ​ចំនួន តែង​​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់ ដោយ​អះអាង​ថា មិន​មាន​អំពើ​ពុករលួយ​ក្នុង​ការ​បែង​ចែក​តួ​នាទី​​​បុគ្គលិក​សិក្សា​ចេញ​ធ្វើ​មេ​ប្រយោគ ឬ​អនុរក្ស ក្នុង​សម័យ​ប្រឡង​ម្តងៗ​ឡើយ។

ពាក់ព័ន្ធ​សំណូក​ពុករលួយ​នេះ​ដែរ លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​​ថា ​តាម​ក្រម​ព្រហ្មទណ្ឌ​សម័យ​អ៊ុនតាក់ ទាំង​អ្នក​សូក និង​ទទួល​សំណូក គឺ​សុទ្ធ​តែ​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់​​ដូចៗ​គ្នា គ្រាន់​តែ​អ្នក​ផ្ដល់​សំណូក​មាន​ទោស​ស្រាល​ជាង​អ្នក​ទទួល​សំណូក។

រដ្ឋ​សភា​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១០ បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន ៥៧​មាត្រា និង ៩​ជំពូក​ជា​ស្ថាពរ​រួច​ហើយ។

ច្បាប់​​ប្រឆាំង​អំពើ​ពុករលួយ​នេះ បាន​ចែង​អំពី​ការ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​រវាង​ពី ៧​ថៃ្ង ទៅ ៥​ឆ្នាំ ចំពោះ​ទោស​កំហុស​​​​តូចតាច និង​ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​ចន្លោះ​ពី ៥​ឆ្នាំ ទៅ ១៧​ឆ្នាំ ឬ​មួយ​ជីវិត ចំពោះ​ទោស​កំហុស​នៃ​អំពើ​​​​​​​ពុករលួយ​ធ្ងន់ធ្ងរ។

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​​រលួយ បាន​ឲ្យ​ដឹង​ពី​រូបភាព​នៃ​សំណូក​ពុករលួយ​ដែល​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដូច្នេះ ៖ «កម្រិត​ប៉ុណ្ណា​ដែល​ហៅ​ថា ពុករលួយ? កុំ​គិត​ថា មួយ​រៀល ពីរ​រៀល មួយ​ពាន់​រៀល ឬ​ពីរ​ពាន់​រៀល​លុយ​យើង​មិន​មែន​ពុក​រលួយ​នោះ ប៉ុន្តែ​គ្រាន់តែ​ច្បាប់​យើង ឲ្យ​យើង​បែង​ចែក​ថា អ្វី​ដែល​ជា​កម្រិត​ពុករលួយ​កើត​ឡើង​ដោយសារ​ជីវភាព​ប្រចាំ​ថ្ងៃ អ្វី​ទៀត​ក្រៅ​ពី​អា​ហ្នឹង​គឺ​ទោស​ធ្ងន់​លើ​បញ្ហា​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ​មិន​អាច​និយាយ​ថា ក្រោម ២០​ដុល្លារ​ជា​អំពើ​មួយ​មិន​ពុករលួយ​ទេ សូន្យ​ដុល្លារ​ក៏​ជា​ពុករលួយ​ដែរ ឲ្យ​តែ​មាន​ការ​ប្រើ​អំណាច​ខ្លួន​រំលោភ​ទៅ​លើ​អ្វី​មួយ»

ទោះ​ជា​បែប​នេះ​ក្តី សំណូក​ពុករលួយ​នៅ​ក្នុង​វិស័យ​អប់រំ​ដែល​រង​ការ​រិះគន់ ត្រូវ​បាន​សាធារណជន​អះអាង​ថា មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​ណា​មួយ​ពី​មន្ត្រី​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ ទៅ​តាម​ការ​អំពាវនាវ​របស់​សមាគម​គ្រូ​បង្រៀន ឬ​លោកគ្រូ អ្នកគ្រូ ទៅ​តាម​ការ​ស្នើ​សុំ​នៅ​ឡើយ​ទេ​ពាក់ព័ន្ធ​អំពើ​ពុករលួយ​នេះ៕