ទីស្តីការ​គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​សម្រេច​ឯកភាព​និង​អនុម័ត​គាំទ្រ​លើ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០០៩​នេះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​គាំទ្រ​និង​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​កំណែ​ទម្រង់​រដ្ឋ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មាន​អភិបាលកិច្ច​ល្អ ពង្រឹង​និតីរដ្ឋ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ប្រកប​ដោយ​ចិរភាព​និង​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ។

នៅ​ក្នុង​វិធី​បង្ការ​និង​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ រាជ​រដ្ឋាភិបាល​បាន​កំណត់​នូវ​យុទ្ធ​សាស្ត្រ​ដោយ​ផ្តោត​លើ​កត្តា​សារវន្ត​ចំនួន​៣​ដែល​មាន​ប្រទាក់​ក្រឡា​គ្នា គឺ​ទី​១ ការ​អប់រំ​និង​បង្ការ​ទប់​ស្កាត់​អំពើ​ពុករលួយ ទី​២ ការ​អនុវត្ត​ច្បាប់ ឬ​ការ​បង្ក្រាប​បទ​ល្មើស​ពុករលួយ​និង​ទី​៣ ការ​ចូល​រួម​និង​ការ​គាំទ្រ​ពី​មហាជន។

នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នោះ​មាន​ចំនួន​៩​ជំពូក​និង​៥៧​មាត្រា ហើយ​នឹង​ក្លាយ​ទៅ​ជា​ឧបករណ៍​គតិយុត្ត​ដ៏​សំខាន់​បន្ថែម​ទៀត សម្រាប់​កំណត់​អំពី​យន្តការ​នៃ​ការ​អនុវត្ត​ការងារ​ប្រឆាំង​អំពើ​ពុករលួយ ការ​ដាក់​ទណ្ឌកម្ម​និង​នីតិ​វិធី​នានា​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ពុករលួយ៕