ចាងហ្វាង​កាសែត​"ខ្មែរ​អមតៈ"​ត្រូវ​តុលាការ​កោះហៅ​ទៅ​សាកសួរ

អ្នក​កាសែត ២​នាក់​មិន​ទាន់​ត្រូវ​បាន​ដោះលែង​ពី​គុក​ព្រៃ​ស​ផង ឥឡូវ​នេះ​មាន​អ្នក​កាសែត​ម្នាក់​ទៀត​ត្រូវ​តុលាការ​កោះហៅ​ទៅ​សាកសួរ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ ដែល​អ្នក​ប្ដឹង​ជា​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប។

តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះហៅ​ចាងហ្វាង​កាសែត ខ្មែរ​អមតៈ ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ នៅ​គ្រា​ដែល​មាន​ពាក្យ​បណ្ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​ប្ដឹង​ចោទ​ថា ចាងហ្វាង​កាសែត​នោះ​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារ​កេរ្តិ៍ ជុំវិញ​ការ​ផ្សាយ​ថា សកល​វិទ្យាល័យ​កម្ពុជា​របស់​មន្ត្រី​រូប​នោះ​បាន​លក់​ឯកសារ​ពាក្យ​សុំ​ប្រឡង​ថៃ្ល និង​មាន​ការ​ត្អូញត្អែរ​ពី​និស្សិត។

ដើម​បណ្ដឹង​នៃ​សំណុំរឿង​នេះ​គេ​បាន​ស្គាល់​ថា គឺ​លោក កៅ គឹមហួន ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា និង​ជា​នាយក​នៃ​សកល​វិទ្យាល័យ​កម្ពុជា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ដីកា​កោះហៅ​សាកសួរ​នោះ​បាន​ធ្វើ​ទ្បើង​ដោយ​លោក​ព្រះរាជអាជ្ញា លឹម មករន្ទ នៃ​តុលាការ​ក្រុង​ភ្នំពេញ។

ចាងហ្វាង​កាសែត ខែ្មរ​អមតៈ លោក ប៊ុន ថា ដែល​បាន​ទទួល​ដីកា​កោះហៅ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា​កន្លង​ទៅ​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ក្រោយ​នេះ។

លោក ប៊ុន ថា បាន​បញ្ជាក់​ថា ៖ «គេ​ហៅ​ខ្ញុំ​ជា​លើក​ទី​២ ម៉ោង​២​កន្លះ​ថ្ងៃ​ច័ន្ទ។ ហៅ​ដើម្បី​សាកសួរ គេ​គ្រាន់​តែ​ថា ដើម្បី​សាកសួរ ដីកា​កោះហៅ​ហ្នឹង»

សុខ សេរី ៖ ក្រោម​បទ​ចោទ​អ្វី? ប៊ុន ថា ៖ បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។ សុខ សេរី ៖ ផ្សាយ​រឿង​អ្វី? ប៊ុន ថា ៖ ខ្ញុំ​ចុះ​រឿង​សកល​វិទ្យាល័យ​កម្ពុជា​លក់​ដឺម៉ង់​ថ្លៃ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ប៊ុន ថា គឺ​លោក សំ សុគង់ បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​ត្រៀម​ខ្លួន​ការពារ​ក្តី​នេះ ៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​ការពារ​ទៅ​តាម​ការ​ពឹង​ពាក់​របស់​កូន​ក្ដី​ខ្ញុំ​ហើយ។ ខ្ញុំ​បាន​ថត​ចម្លង​សំណុំរឿង​ពី​តុលាការ​មក​សិក្សា​ដើម្បី​ធ្វើ​ការ​តវ៉ា ឬ​ក៏​ធ្វើ​ការ​ជជែក​នៅ​ពេល​ដែល​សាកសួរ​កូន​ក្ដី​ខ្ញុំ​នៅ​ថ្ងៃ​ស្អែក​នេះ»

ការ​ប្តឹង​ដោយ​លោក កៅ គឹមហួន នាយក​សកល​វិទ្យាល័យ​កម្ពុជា ប្រឆាំង​នឹង​លោក ប៊ុន ថា ចាងហ្វាង​កាសែត​ខែ្មរ​អមតៈ គឺ​ក្រោយ​ពី​កាសែត​នេះ​បាន​ចេញ​ផ្សាយ​អត្ថបទ​ព័ត៌មាន​ចំនួន​ពីរ កាល​ពី​ខែ​តុលា ឆ្នាំ​២០០៩​កន្លង​ទៅ ជុំវិញ​ការ​ត្អូញត្អែរ​របស់​និស្សិត​អំពី​ការ​លក់​ពាក្យ​សុំ​ប្រឡង​មាន​តម្លៃ​ថ្លៃ រវាង ២០.០០០​រៀល ទៅ ២៥.០០០​រៀល​ក្នុង​ម្នាក់ៗ នៅ​ក្នុង​ចំណោម​សិស្ស​ជា​ច្រើន​ពាន់​នាក់​ដែល​សុំ​ពាក្យ​ប្រឡង​យក​អាហារូបករណ៍។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក កៅ គឹមហួន ជា​នាយក​សកល​វិទ្យាល័យ​កម្ពុជា​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​បាន​បិទ មិន​បាន​ឆ្លើយ​តប។

មេធាវី​របស់​លោក កៅ គឹមហួន ជា​ដើម​បណ្ដឹង គឺ​លោក ជា សុខចាន់ បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​ត្រៀម​ការពារ​កូន​ក្តី​របស់​លោក​ដើម្បី​រក​យុត្តិធម៌ ៖ «លក្ខណៈ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​កូន​ក្ដី​ខ្ញុំ»

សុខ សេរី ៖ តើ​លោក​យល់​ឃើញ​ថា ការ​ដែល​សរសេរ​ចោទ​ប្រកាន់​ហ្នឹង​គឺ​ជា​រឿង​ទោស​ព្រហ្មទណ្ឌ​ដែល​គួរតែ​ផ្ដន្ទា​ទោស ឬ​មួយ​ក៏​អាច​សម្រុះ​សម្រួល​គ្នា​បាន? ជា សុខចាន់ ៖ ចំពោះ​ចំណុច​នេះ ខ្ញុំ​អត់​អាច​ឆ្លើយ​បាន​ទេ ព្រោះ​ថា នេះ​ជា​ការ​សម្រេច​ក្ដី​របស់​តុលាការ​ទេ។

នៅ​ជុំវិញ​ការ​ប្ដឹង​នេះ ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «វា​ជា​រឿង​មួយ​ដែល​មាន​ការ​សោកស្ដាយ​ណាស់ ចំពោះ​អ្នក​កាសែត ហើយ​ត្រូវ​បាន​គេ​ប្ដឹង​អំពី​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ជា​រឿយៗ​យើង​ឃើញ​ថា អ្នក​កាសែត​ត្រូវ​បាន​គេ​យក​បទ​ទាំង​អស់​នេះ យក​មក​ចោទ​ជា​បន្ត​បន្ទាប់ ហើយ​រហូត​ដល់​មាន​អ្នក​កាសែត​ខ្លះ​ជាប់​ពន្ធនាគារ»

មាន​អ្នក​កាសែត​ចំនួន ២​នាក់​ហើយ​កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​ព្រៃ​ស​រយៈពេល ១​ឆ្នាំ និង ២​ឆ្នាំ ក្រោម​បណ្តឹង​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​នោះ​មាន​លោក ហង្ស ចក្រា ចាងហ្វាង​កាសែត ខែ្មរ​ម្ចាស់​ស្រុក និង​លោក រស់ សុឃិត ជា​អ្នក​កាសែត​របស់​ទស្សនាវដ្ដី​មួយ៕