តំណាងអយ្យកាអមសាលាដំបូងខេត្តបាត់ដំបង បានបើកការចោទប្រកាន់លើជនសង្ស័យបីនាក់ ពីបទឃាតកម្មគិតទុកជាមុន និងបទរក្សាអាវុធជាតិផ្ទុះខុសច្បាប់នៅក្នុងផ្ទះ។ ជនទាំងបីនាក់នោះ គឺជាមុខសញ្ញាដែលមានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារគ្រាប់បែកដៃមួយគ្រាប់ ទៅលើហ្វូងមនុស្សនៅក្នុងពិធីចាក់ធុងបាសរាំលេងកម្សាន្តមួយ នៅស្រុកកំរៀង ខេត្តបាត់ដំបង។
ព្រះរាជអាជ្ញាតុលាការខេត្តបាត់ដំបង លោក នួន សាន បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ ទី១៦ កុម្ភៈ ថា ជនសង្ស័យទាំងបីនាក់បច្ចុប្បន្នត្រូវចៅក្រមស៊ើបសួរបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន៖ «រឿងនេះយើងចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនមួយបទ ហើយបទរក្សាអាវុធគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតមួយបទ វាពីរបទ ម្នាក់មានមួយបទ ពីរនាក់មានមួយបទ ហើយយើងបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅល្ងាចថ្ងៃម្សិលមិញតែម្ដង។ បញ្ជាក់ជូនដែរ ដោយសារម្នាក់នោះមានពីរបទល្មើស ដោយសារគាត់រក្សាគ្រាប់មីន៦៩មួយទៀតនៅលើផ្ទះ វត្ថុតាងយើងឆែកយកតែម្ដង ព្រោះយើងសង្ស័យធ្ងន់ទៅគាត់ជាអ្នកបោកគ្រាប់បែក»។
ជនសង្ស័យទាំងបីនាក់នោះមានឈ្មោះ ឡាំ រ៉េត អាយុ ៥០ឆ្នាំ ទី២ ឈ្មោះ អោម សំណាង អាយុ ៤៣ឆ្នាំ អ្នកទាំងពីរនាក់មានមុខរបរធ្វើស្រែចម្ការនៅឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង និងឈ្មោះ ទី វន អាយុ ៤៨ឆ្នាំ មានរបរធ្វើចម្ការមកពីខេត្តពោធិ៍សាត់ ស្នាក់នៅភូមិក្រៃ ឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួនអ្នកទាំងបីនៅក្រោយការវាយប្រហារគ្រាប់បែកដៃមួយគ្រាប់ ចូលទៅលើហ្វូងមនុស្សជាច្រើននាក់នៅក្នុងពិធីចាក់ធុងបាសរាំលេងកម្សាន្ត នៅភូមិតាក្រៃ ឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីម៉ោងជាង ៩យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣ ចំថ្ងៃចូលឆ្នាំចិន វៀតណាម ដែលការវាយប្រហារនោះបណ្ដាលឲ្យមនុស្សក្មេងចាស់ប្រុសស្រីចំនួន ១៤នាក់ បានរងរបួសធ្ងន់ និងរបួសស្រាល។
លោក ជេត វណ្ណនី ស្នងការរងទទួលបន្ទុកកណ្ដាលនគរបាលយុត្តិធម៌ នៃស្នងការខេត្តបាត់ដំបង បានបញ្ជាក់ថា សមត្ថកិច្ចបានស៊ើបអង្កេតស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំងបីនាក់មានភាពស៊ីសង្វាក់គ្នាទៅនឹងសកម្មភាពបោកគ្រាប់បែកចូលវង់រាំធុងបាស នៅផ្ទះជនរងគ្រោះឈ្មោះ ឈិន ឌី ក្នុងភូមិក្រៃ ឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង៖ «មុនពេលកើតហេតុ ពេលកើតហេតុ និងក្រោយពេលកើតហេតុ យើងអាចមើលឃើញថា ការបញ្ជាក់របស់សាក្សី ការវៀងចម្លើយដើម្បីបិទបាំងកំហុស ដូចជា ឡាំ រ៉េត នេះ ហើយអ្នកទាំងពីរនាក់មានទំនាស់ខ្លាំង ព្រោះ ឡាំ រ៉េត មានទំនាស់ជាមួយជនរងគ្រោះរហូតឈានចូលទៅដល់ការប្រុងកាប់ចាក់គ្នា។ អ៊ីចឹងទេ ឯកសារមានភស្តុតាងស៊ីចង្វាក់អំពីបញ្ហាចម្លើយ»។
ទោះយ៉ាងនេះក្ដី ជនសង្ស័យទាំងបីនាក់បានបដិសេធថា ពួកគេពុំបានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារគ្រាប់បែកដៃនោះទេ។ លោក នួន សាន តំណាងអយ្យកាអមសាលាដំបូងខេត្ត បញ្ជាក់ថា ថ្វីត្បិតជនសង្ស័យពុំបានសារភាពក៏ដោយ ប៉ុន្តែករណីនេះយើងមានភស្តុតាង និងភាពស៊ីសង្វាក់គ្នា៖ «រឿងនេះយើងបានសួរអស់ ប៉ុន្តែគាត់មិនឆ្លើយសារភាពទេ។ ប៉ុន្តែសំខាន់លើភស្តុតាងស៊ីសង្វាក់។ អ៊ីចឹង យើងសម្រេចធ្វើការឃុំខ្លួន ហើយដើមចមដែលយើងរកឃើញ គាត់ធ្លាប់មានទំនាស់គ្នាមានពីមុនមក រឿងដីធ្លី ហើយក្រោយមកគាត់ក៏មានឈ្លោះកាប់ចាក់គ្នាស៊ីសាច់ហុតឈាម ត្រូវបានគេឃាត់ម្ដង។ តម្រុយទាំងនេះ យើងស្រាវជ្រាវទៅ យើងផ្ដោតលើគាត់តែម្ដង»។
នៅក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកដៃនៅថ្ងៃចូលឆ្នាំចិន វៀតណាម នោះ បានធ្វើឲ្យមនុស្សក្មេងចាស់ប្រុសស្រីចំនួន ១៤នាក់ រងរបួសធ្ងន់ និងអ្នកខ្លះទៀតរងរបួសស្រាល ខណៈដែលអ្នកទាំងនោះកំពុងរាំលេងកម្សាន្តនៅផ្ទះជនរងគ្រោះឈ្មោះ ឈិន ឌី។ ជនសង្ស័យទាំងបីនាក់ បច្ចុប្បន្នត្រូវគេឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។