ជាម យៀប ប្រតិកម្ម​ចំពោះ​លិខិត​អង្គការ​សហភាព​អន្តរ​សភា​អំពី​ករណី សម រង្ស៊ី

អ្នក​តំណាងរាស្រ្ត ជាម យៀប បាន​ប្រតិកម្ម​ចំពោះ​សារ​លិខិត​របស់​លោក Ander Johnson អគ្គលេខាធិការ​នៃ​អង្គការ​សហភាព​អន្តរសភា ដែល​បាន​ទាមទារ​ឲ្យ​រដ្ឋសភា​កម្ពុជា​ប្រគល់​អភ័យ​ឯកសិទ្ធិ ជូន​លោក សម រង្ស៊ី វិញ​នោះ​ថា វា​គឺ​មិន​មែន​ជា​កិច្ចការ​ធ្ងន់ធ្ងរ​ឡើយ។

ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក្តី លោក​បាន​បញ្ជាក់​ថា ច្រក​នៃ​បញ្ហា​នេះ​ចូល​តាម​ទ្វារ​ណា ដំណោះស្រាយ​នៃ​បញ្ហា​នេះ គប្បី​ចេញ​តាម​ទ្វារ​ដដែល​នោះ។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​សិន​ជា​លោក សម រង្ស៊ី បង់​មុន​ទៅ អត់​មាន​ការងារ​អី​ទេ ប៉ុន្តែ​គាត់​ហ្នឹង គឺ​ថា គាត់​ឈ្លើន គាត់​ធ្វើ​ឲ្យ​មាន​ច្របូក​ច្របល់ ហើយ​នឹង​អាល​គាត់​ដើរ​ប្ដឹង ដើរ​បង្កាច់​បង្ខូច​គេ​គ្រប់​បែប​យ៉ាង​ទាំង​អស់។ នេះ​ខ្ញុំ​គ្រាន់​តែ​សូម​ជម្រាប​ក្នុង​នាម​កូន​ខ្មែរ​ម្នាក់​ទេ ដែល​លោក សម រង្ស៊ី តែងតែ​ធ្វើ​របៀប​ហ្នឹង​ច្រើន​លើក​ច្រើន​សា​ហើយ ដល់​ពេល​ស្លោ​ភ្នែក គេ​ដក​អភ័យ​ឯកសិទ្ធិ​ចេញ ស្លោ​ភ្នែក បាន​ទៅ​ប្ដឹង​ទៅ IPU (សហភាព​អន្តរ​សភា) ប្ដឹង​ទៅ​ព្រះ​ករុណា​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ឥឡូវ​គឺ​ថា អ៊ីចេះ ចូល​តាម​ច្រក​ណា​ចេញ​តាម​ច្រក​ហ្នឹង គឺ​ថា​នៅ​ពេល​ដែល​គណៈអចិន្រ្តៃយ៍​លោក​សម្រេច​ឲ្យ​ព្យួរ​អភ័យ​ឯកសិទ្ធិ​ដើម្បី​ឲ្យ​តុលាការ​អាច​សួរ​គាត់​បាន​ហ្នឹង គឺ​ពេល​ដែល​គាត់​បង់​រួច​ហើយ​អ៊ីចឹង​ទៅ គាត់​ត្រូវ​ធ្វើ​លិខិត​ដើម្បី​សុំ​ទៅ​សម្ដេច​វិញ ដើម្បី​បំពេញ​អភ័យ​ឯកសិទ្ធិ​ជូន​គាត់​វិញ គឺ​ជា​ការ​ចប់​រឿង»

ចំណែក​លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង​នោះ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ជា​ថ្ងៃ​លោក​ត្រូវ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋ​សភា​ដក​អភ័យ​ឯកសិទ្ធិ លោក​ក៏​បាន​ដាក់​លិខិត​សុំ​អភ័យ​ឯកសិទ្ធិ​របស់​លោក​ត្រឡប់​វិញ​ផង​ដែរ ប៉ុន្តែ​ពុំ​មាន​ចម្លើយ​តប​ជា​វិជ្ជមាន​ភ្លាម​ៗ​ឡើយ។

តប​ទៅ​នឹង​ចំណុច​ផល​វិបាក​នៃ​ការ​មិន​ឆ្លើយ​ភ្លាមៗ​របស់​គណៈកម្មាធិការ​អចិន្រ្តៃយ៍ តម្រូវ​ទៅ​នឹង​ភាព​យឺតយ៉ាវ​ក្នុង​ការ​បង់​បា្រក់ តាម​សេចក្តី​សម្រេច​បិទ​ផ្លូវ​តវ៉ា​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ លោក​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​បដិសេធ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «មិន​ត្រូវ​និយាយ​បែប​ហ្នឹង​ទេ ខ្ញុំ​មាន​ហេតុផល​ចង់​ប្រើ​មធ្យោបាយ​ស្រប​ច្បាប់​ឲ្យ​បាន​ពេញ​លេញ យោង​នីតិ​វិធី​តុលាការ យោង​គោលការណ៍​ដែល​ថា បទ​ព្រហ្មទណ្ឌ គឺ​មាន​តែ​តុលាការ ហើយ​តុលាការ​កំពូល​ដែល​ជា​អ្នក​សម្រេច​ចុង​ក្រោយ។ ខ្ញុំ​ឆ្ងល់​ណាស់​ថា នីតិ​វិធី​តុលាការ​មិន​ទាន់​បាន​ប្រើប្រាស់​បាន​ពេញ​លេញ​ផង រដ្ឋសភា​គឺ​គេ​ប្រញិប​ប្រញាប់​ធ្វើ​សេចក្ដី​សម្រេច​ដក​អភ័យ​ឯកសិទ្ធិ​ខ្ញុំ ហ្នឹង​រឿង​តុលាការ។ ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គេ​បាន​សរសេរ​លិខិត​មួយ​ទៅ​តុលាការ​ថា គ.ជ.ប. បន្ទាប់​ពី​ខ្ញុំ​បាន​បង់​ប្រាក់​ពិន័យ​ហើយ គេ​ដក​ពាក្យ​បណ្ដឹង​របស់​គេ​ហើយ ដូច្នេះ រឿង​តុលាការ​ចប់​ហើយ រដ្ឋសភា​គួរ​ណាស់​តែ​បញ្ចប់​ជា​បន្ទាន់ តែ​គេ​ថា ឥឡូវ​នេះ​គេ​អត់​ប្រញាប់​ទេ គេ​ចង់​អូស​បន្លាយ​ដល់​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​សប្ដាហ៍ ប៉ុន្មាន​ខែ​ទៀត​ស្រេច​តែ​ចិត្ត​គេ ខ្ញុំ​ថា​ធ្វើ​បែប​នេះ​មិន​សមរម្យ​ទាល់​តែ​សោះ»

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌​ប្រទេស​កម្ពុជា ដែល​ជា​ដើម​សំណើ​នៃ​ការ​សុំ​ដក​អភ័យ​ឯកសិទ្ធិ​នោះ បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ លោក​ពុំ​ទាន់​បាន​ទទួល​សេចក្តី​ស្នើ​ពី​តុលាការ​ដើម្បី​ប្រគល់​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្រ្ត សម រង្ស៊ី ដែល​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​បាន​សម្រេច​ព្យួរ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ កន្លង​ទៅ​នោះ ត្រឡប់​វិញ​ទៅ​ឲ្យ​លោក សម រង្ស៊ី វិញ នៅ​ឡើយ​ទេ។

គួរ​រំឭក​បន្ថែម​ផង​ដែរ​ថា ដោយសារ​សភា​កម្ពុជា​និង​សហភាព​អន្តរ​សភា ដែល​មាន​ប្រាថ្នា ហើយ​បាន​ប្តេជ្ញា​កសាង​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​នោះ សហភាព​អន្តរ​សភា​ដែល​មាន​រដ្ឋសភា​នៃ​ប្រទេស​ជាង ២០០ នៅ​ជុំវិញ​ពិភពលោក​នោះ ក្នុង​ពេល​កន្លង​ទៅ បាន​សម្រេច​ចិត្ត​ថា នឹង​មាន​ការ​ជួប​ប្រជុំ​សភា​ពិភពលោក​ដ៏​ធំ​មួយ នៅ​រាជ​ធានី​ភ្នំពេញ ដោយ​មាន​រដ្ឋសភា​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​សប្តាហ៍​ក្រោយ​នេះ៕