ហ៊ុន សែន៖ បក្ស​ប្រជាជន​តំណាង​ឲ្យ​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​គឺ​តំណាង​កត្តា​ស្ថិរភាព​នយោបាយ​ដូច​មាន​នា​បច្ចុប្បន្ន ប៉ុន្តែ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ជំទាស់​ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​មិន​ទាន់​ចាត់ទុក​ថា​ប្រទេស​ជាតិ​កំពុង​មាន​ភាព​ប្រសើរ​ល្អ​នោះ​ទេ។

នៅ​ក្នុង​សុន្ទរកថា​មួយ​ជា​សារធាណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការដឹកនាំ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​គឺ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​និន្នាការ​រស់នៅ​បាន​និង​ធានា​មិន​ឲ្យ​មាន​សង្គ្រាម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖ «បើ​មាន​គណបក្ស​ប្រជាជន​ស្ថានការណ៍​រាល់​ថ្ងៃ​គឺ​នៅ​ដដែល សន្តិភាព ស្ថិរភាព​នយោបាយ​គឺ​មាន អ្នក​ណា​ក៏​អាច​រស់នៅ​ជាមួយ​បាន រាជបល្ល័ង្ក ព្រះមហាក្សត្រ និង​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​ត្រូវ​បាន​ធានា​យ៉ាង​រឹងមាំ ប៉ុន្តែ​បក្ស​ដទៃ​មិន​ប្រាកដ តែ​ចូល​មក​គេ​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ម៉េច​ទេ»

ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ប្រតិកម្ម​តប​ពី​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស។

លោក កឹម សុខា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គេ​ចង់​បាន​ស្ថានភាព​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រសើរ​ជាង​នេះ។

លោក កឹម សុខា បាន​បញ្ជាក់​ថា ៖ «នៅ​ប្រទេស​កម្ពុជា​យើង​ឃើញ​ថា​អ្នក​ដឹកនាំ​ដដែល គណបក្ស​ដដែល គំនិត​ដដែល ហើយ​វា​ច្បាស់​ជា​កម្ពុជា​ហ្នឹង​នៅ​ដដែល​ឬ​ក៏​វា​អាច​ទៅ​អាក្រក់​ជាង​ហ្នឹង ហើយ​បើ​សិន​ជា​បោះឆ្នោត​ឲ្យ​គាត់​មាន​ន័យ​ថា គាត់​បញ្ជាក់​ថា​គាត់​ទុក​នៅ​ដដែល​ហើយ។ គឺ​ដដែល​មាន​ន័យ​ដូច​ដែល​យើង​ឃើញ​ហើយ​ថា នៅ​មាន​ការរំលោភ​យក​ដី​ធ្លី​ប្រជាពលរដ្ឋ​ដដែល នៅ​មាន​បរទេស​រំលោភ​ទឹក​ដី​ខ្មែរ​ដដែល នៅ​មាន​អំពើ​ពុក​រលួយ​ដដែល នៅ​មាន​ភាព​ក្រីក្រ​ដដែល នៅ​មាន​ការឈឺចាប់​ពេល​ឈឺ ក្រីក្រ​អត់​មាន​ពេទ្យ​ព្យាបាល​ដដែល។ អ៊ីចឹង​ហើយ​ខ្ញុំ​ជឿ​ថា​គាត់​និយាយ​ហ្នឹង​ត្រូវ ប៉ុន្តែ​ធម្មតា​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ហើយ​សេចក្ដី​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​អត់​ចង់​ស្អី​នៅ​ដដែល​ទេ ចង់​ប្រសើរ​ជាង​ហ្នឹង។ ដូច្នេះ​ហើយ​បើ​ប្រជាពលរដ្ឋ​ណា​ចង់​បាន​ស្អី​ដែល​ប្រសើរ​ជាង​ហ្នឹង​គួរតែ​រក​អ្នក​ដឹកនាំ​ផ្សេង​ទៀត​ដែល​ប្រសើរ​ជាង​ហ្នឹង។ ដូច្នេះ​យើង​ជឿ​ថា ប្រជាពលរដ្ឋ​អត់​ចង់​នៅ​ដដែល​ទេ ចង់​បាន​ប្រសើរ​ជាង​ហ្នឹង»

កម្ពុជា​មាន​សង្គ្រាម​ស៊ីវិល​ឆាប​ឆេះ​ក្នុង​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​និង​គ្រឹះ​រចនា​សម្ព័ន្ធ​ប្រទេស​បាន​ខូច​រលំ​រលាយ។ សង្គ្រាម​បាន​បញ្ចប់​ក្រោយ​អង្គការ​សហប្រជាជាតិ​បាន​ចូល​មក​ជួយ​រៀបចំ​ការបោះឆ្នោត​សកល​ខែ​ឧសភា ឆ្នាំ​១៩៩៣។ ចាប់​តាំង​ពី​នោះ​មក​គឺ​មាន​ចំនួន​១៦​ឆ្នាំ​ហើយ​ដែល​កម្ពុជា​បាន​ចាប់ផ្តើម​កសាង​សន្តិភាព​និង​កសាង​ជាតិ​របស់​ខ្លួន​បន្តិច​ម្តងៗ​សា​ឡើង​វិញ៕