តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប នៅថ្ងៃអង្គារទី ២១ មិថុនា បានព្រមានថា លោក សម រង្ស៊ី អាចវិលត្រឡប់មកកម្ពុជាវិញបាន ប្រសិនបើលោក សម រង្ស៊ី ឈប់បរិហារកេរ្តិ៍រដ្ឋាភិបាលក្រុងភ្នំពេញ។ ប៉ុន្តែ ប្រសិនមិនដូច្នោះទេ លោក សម រង្ស៊ី ត្រូវតែប្រឈមមុខជាប់ពន្ធនាគារ។
ការព្រមានរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ធ្វើឡើងក្រោយពេលដែលប្រធានសហព័ន្ធពិភពនៃគណបក្សប្រជាធិបតេយ្យសេរីអន្តរជាតិ (World Federation of Liberal International) និងជាតំណាងរាស្ត្រសភាអឺរ៉ុបដ៏មានឥទ្ធិពល បានស្នើសុំឲ្យរដ្ឋាភិបាលក្រុងភ្នំពេញអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលត្រឡប់ទៅចូលការបោះឆ្នោតដោយសុវត្ថិភាព។
លោក សម រង្ស៊ី បច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅទីក្រុងប៉ារីស ប្រទេសបារាំង គេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរភ្នំពេញ បន្ទាប់ពីលោកត្រូវតុលាការកាត់ឲ្យជាប់ពន្ធនាគាររយៈពេលច្រើនជាង ១០ ឆ្នាំពីបទរិះគន់បញ្ហាព្រំដែនកម្ពុជា និងវៀតណាម។ លោក ជាម យៀប បន្ថែមទៀតថា លោក សម រង្ស៊ី អាចវិលត្រឡប់មកកម្ពុជាវិលបាន ប៉ុន្តែលោកត្រូវចូលពន្ធនាគារជាមុនសិន ប្រសិនបើលោក សម រង្ស៊ី មិនបន្ទន់ឥរិយាបថចំពោះរដ្ឋាភិបាលទេ។
លោក ជាម យៀប ៖ «ច្រកពីរដែលគាត់ចេញពីពេលខាងមុខដែលគាត់សុំបាន។ ដូចមុន សម រង្ស៊ី ធ្លាប់បានគេដកអភ័យឯកសិទ្ធិធ្លាប់ជាប់គុកប៉ុន្មានដង។ ប៉ុន្តែ រួចខ្លួនដោយសារតែព្រះករុណាអនុវត្តតាមជំពូក ២ ព្រះមហាក្សត្រមានព្រះរាជសិទ្ធិលើកលែងទោស និងបន្ធូរបន្ថយទោស ឬក៏រដ្ឋសភាមានសិទ្ធិធ្វើច្បាប់លើកលែងទោស»។
ការស្នើសុំរបស់ប្រធានសហព័ន្ធពិភពនៃគណបក្សប្រជាធិបតេយ្យសេរីអន្តរជាតិ ធ្វើឡើងក្នុងកិច្ចប្រជុំសមាជលើកទី ៥៧ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ១៦ និង ២០ មិថុនាកន្លងទៅនេះ។ គណបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី ជាសមាជិកគណបក្សសេរីអន្តរជាតិ ក្នុងឱកាសនៃសមាជនេះ បានស្នើសុំឲ្យគណបក្សនេះ បង្កើតសម្ពន្ធភាពមួយ ដើម្បីផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការ។ លោក សម រង្ស៊ី បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានកាន់កាប់អំណាចអស់រយៈពេល ៣២ ឆ្នាំ។ លោកបន្តថា អ្នកកាន់អំណាចផ្ដាច់ការភាគច្រើនតែងតែប្រព្រឹត្តឧក្រិដ្ឋកម្ម និងនិទ្ទណ្ឌភាព។
លោក ជាម យៀប បន្តទៀតថា បើទោះបីជាលោក សម រង្ស៊ី ត្រូវបានកាត់ឲ្យជាប់ទោស ប៉ុន្តែ រដ្ឋាភិបាលមិនបានស្នើសុំឲ្យប្រទេសក្នុងពិភពលោក ចាប់បញ្ជូនលោក សម រង្ស៊ី មកកម្ពុជាវិលនោះទេ ដោយសាររដ្ឋាភិបាលក្រុងភ្នំពេញមានការយល់យោគប្រធានបក្សប្រឆាំង។
អ្នកនាំពាក្យស្ដីទីគណបក្ស សម រង្ស៊ី លោក គីមសួរ ភិរិទ្ធ នៅថ្ងៃអង្គារ បានសម្ដែងក្ដីសង្ឃឹមថា គំរាមអន្តរជាតិនឹងជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលត្រឡប់ចូលប្រទេសវិញ។ លោកបន្តថា ការមិនចាប់បញ្ជូនខ្លួនរបស់លោក សម រង្ស៊ី ពីព្រោះរដ្ឋាភិបាលគ្រាន់តែមិនចង់ឲ្យគណបក្ស ប្រឆាំងអាចធ្វើនយោបាយនៅកម្ពុជាបានតែប៉ុណ្ណោះ។
លោក គីមសួរ ភិរិទ្ធ ៖ «គេដឹងថា ការកាត់ទោសរឿងឯកឧត្ដម សម រង្ស៊ី មិនមែនជារឿងព្រហ្មទណ្ឌទេ គឺជារឿងនយោបាយ ហើយគេដឹងថា តុលាការកម្ពុជាមិនអព្យាក្រឹត្យទេ។ ការកាត់ក្តីនេះជាការលេងសើច។ ដូច្នោះ សម រង្ស៊ី មិនមែនជាឧក្រិដ្ឋជននោះទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក ជាម យៀប បន្ថែមថា គណបក្ស សម រង្ស៊ី អាចស្វែងរកបេក្ខជនប្រធានគណបក្សជំនួសលោក សម រង្ស៊ី ក្នុងការដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា៕