មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១១ បានទទូចសុំឲ្យសាលាក្ដីខ្មែរក្រហមផ្ដន្ទាទោសមេគុកទួលស្លែង ឈ្មោះ កាំង ហ្គេកអ៊ាវ ហៅ ឌុច ឲ្យជាប់គុកមួយជីវិត និងសុំឲ្យសាលាក្ដីខ្មែរក្រហមកាត់ទោសមិនត្រឹមតែសំណុំរឿង០០១ និង០០២ ប៉ុណ្ណោះទេ គឺបន្តដល់សំណុំរឿង០០៣ និង០០៤ទៀត។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងពិធីមួយនៅវាលពិឃាដបឹងជើងឯក នៃរបបខ្មែរក្រហម ដោយមានព្រះសង្ឃ ៣៦អង្គ ចូលរួមសូត្រមន្តនមស្ការ បង្សុកូល និងរាប់បាត។ មានសកម្មជនបក្សប្រឆាំងជាង ១០០នាក់ បានចូលរួមក្នុងពិធីនោះ ដើម្បីរំលឹកខួប ៣៦ឆ្នាំ នៃខ្មែរក្រហមឡើងកាន់អំណាច កាលពី ៣៦ឆ្នាំមុន គឺថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
មេដឹកនាំគណបក្សសមរង្ស៊ី គឺលោក សម រង្ស៊ី បានមានប្រសាសន៍ចូលរួមក្នុងពិធីនេះដែរពីប្រទេសបារាំង តាមរយៈវីដេអូខន់ហ្វ្រឿន (Video Conference) មកថា ការកាត់ទោសលើសំណុំរឿង០០១ និង០០២ មិនទាន់គ្រប់គ្រាន់ទេ។ លោកបន្តថា ៖ "ពួកខ្មែរក្រហមជំនាន់ថ្មី ពួក ជា ស៊ីម ពួក ហ៊ុន សែន ពួក ហេង សំរិន គេធ្លាប់អបអរសាទរថ្ងៃ១៧ មេសា ពីព្រោះគេចាត់ទុកថាជាជ័យជម្នះរបស់គេ មានន័យថា ពួកទាំងនេះខ្មែរក្រហម ដែលបានសម្លាប់ជនជាតិខ្មែរគ្នាឯង ហើយជាជនឧក្រិដ្ឋ ដែលថ្ងៃណាមួយត្រូវតែនាំទៅកាត់ទោសកាត់ទោសដោយតុលាការអន្តរជាតិ"។
ឯកសារបានបង្ហាញថា នៅបឹងជើងឯកនេះ ខ្មែរក្រហមយកមនុស្សមកសម្លាប់ចំនួនជាង ២ម៉ឺននាក់ កប់នៅក្នុងរណ្ដៅសពរួម ដែលអ្នកនោះជាអ្នកទោសខ្មែរក្រហម គេយកមកពីគុកទួលស្លែង និងកន្លែងដទៃទៀត មកសម្លាប់រួមគ្នានៅទីនោះ។
សកម្មជនគណបក្សសមរង្ស៊ីម្នាក់ឈ្មោះ ចាន់ កឹមសួង មកពីខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ បានថ្លែងក្នុងពិធីនោះថា លោកស្រីមានការឈឺចាប់រហូតមកដល់ពេលនេះ ដោយសាររបបខ្មែរក្រហម ៖ "ពីព្រោះ នួន ជា វាសម្លាប់ក្រុមគ្រួសារខ្ញុំអស់ច្រើនណាស់ ខ្ញុំមិនសុខចិត្តទេ សុំឲ្យអស់លោកហៅខ្ញុំទៅកាត់ទោសវាផង បានខ្ញុំអស់ចិត្ត"។
ប្រតិកម្មទៅនឹងការទាមទាររបស់ សម រង្ស៊ី មន្ត្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា សាលាក្ដីខ្មែរក្រហមមិនអាចធ្វើអ្វីហួសព្រំដែននៃកិច្ចព្រមព្រៀងរវាងភាគីអង្គការសហប្រជាជាតិ និងភាគីកម្ពុជាទេ ៖ "បេសកកម្មរបស់អង្គជំនុំជម្រះនេះ គឺស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទាំងអស់។ ហើយចំណុចសំខាន់ទី២ គឺធ្វើកិច្ចការអ្វីក៏ដោយ គឺផ្អែកលើច្បាប់ ផ្អែកលើកិច្ចព្រមព្រៀង និងច្បាប់ដែលបានចែង"។
លោកបានឲ្យដឹងថា សាលាក្ដីខ្មែរក្រហមថ្នាក់កំពូលនឹងប្រកាសសាលក្រមបិតផ្លូវតវ៉ាលើករណី០០១ របស់មេគុកទួលស្លែង ឈ្មោះ កាំង ហ្គេកអ៊ាវ ហៅ ឌុច នៅចុងខែមិថុនា ឆ្នាំ២០១១ ក្រោយសាលាក្ដីខ្មែរក្រហមថ្នាក់ដំបូងបានប្រកាសសាលក្រមផ្ដន្ទាទោស ឌុច ឲ្យជាប់គុក ៣៥ឆ្នាំ។ សាលាក្ដីខ្មែរក្រហម និងចាប់ផ្ដើមដំណើរការជម្រះក្ដីសំណុំរឿង០០២ ទៀត នៅពាក់កណ្ដាលឆ្នាំ២០១១។
សំណុំរឿង០០២ នេះ មានជនជាប់ចោទដូចជា លោក អៀង សារី លោក ខៀវ សំផន លោក នួន ជា និងលោកស្រី អៀង ធីរិទ្ធិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ កន្លងទៅ បានជម្រាបប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីម៉ូន (Ban Ki-moon) នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាថាមិនឲ្យមានករណី០០៣ ទេ គឺឲ្យមានត្រឹមតែសំណុំរឿង០០២ ដោយសារហេតុផលអស្ថិរភាពជាតិ៕