ពលរដ្ឋ​​​រិះគន់​វិធាន​ការ​សង្គ្រោះ​ជន​រង​គ្រោះ​នៅ​កោះ​ពេជ្រ

សោកនាដកម្ម​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ដែល​នាំ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​បាត់​បង់​ជីវិត និង​ជា​ច្រើន​រយ​នាក់​ថែម​ទៀត​រង​របួស ដោយសារ​តែ​ការ​ដើរ​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ បាន​នាំ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​អ្នក​ប៉ុន​ប៉ង​ជួយ​សង្គ្រោះ​អះអាង​ថា ជា​ការ​ធ្វេស​ប្រហែស មើល​ងាយ​ស្ថានការណ៍ និង​ការ​ខ្វះខាត​បច្ចេកទេស​ក្នុង​ការ​សង្គ្រោះ​របស់​អាជ្ញាធរ​ខ្មែរ។

២៣-វិច្ឆិកា-២០១០: សាកសព​ជន​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​សូវៀត ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​យក។
២៣-វិច្ឆិកា-២០១០: សាកសព​ជន​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​សូវៀត ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​យក។ (RFA/Leng Maly)

នៅ​លើ​ស្ពាន​កោះ​ពេជ្រ ដែល​មាន​តែងតាំង​ដោយ​ភ្លើង​ពណ៌​នៅ​មិន​ទាន់​ដោះ​ចេញ​នៅ​ឡើយ មនុស្ស​រាប់​រយ​នាក់​នៅ​ឈរ​ស្ងៀម​ទ្រឹង​សម្លឹង​មើល​ទៅ​ស្ពាន លាយ​ជាមួយ​នឹង​សំឡេង​ជជែក​គ្នា​អ៊ូអែ​អំពី​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នៅ​លើ​ស្ពាន​នេះ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​រយ​នាក់​ដែល​មក​កម្សាន្ត​នៅ​ក្នុង​ថ្ងៃ​បុណ្យ​អុំ​ទូក កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។

អ្នក​ដែល​បាន​ព្យាយាម​ចូល​សង្គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នោះ បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ស្លាប់​ដ៏​ច្រើន​បែប​នេះ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ ខ្លះ​ថា ដោយសារ​តែ​អាជ្ញាធរ​គ្មាន​វិធានការ​សង្គ្រោះ គ្មាន​សមត្ថភាព​ក្នុង​ការ​សង្គ្រោះ និង​ការ​មើល​ងាយ​ស្ថានការណ៍។

លោក ចាន់ សុវ៉េត មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ព្យាយាម​ចូល​សង្គ្រោះ​នៅ​ពេល​ដែល​មាន​ឧបទ្ទវហេតុ​បាន​ថ្លែង​រៀប​រាប់​ថា អាជ្ញាធរ​ខ្មែរ​អសមត្ថភាព​នៅ​ក្នុង​ការ​សង្គ្រោះ គ្មាន​ជំនាញ អត់​មាន​សម្ភារៈ​សង្គ្រោះ រួម​ជាមួយ​ការ​មើល​ងាយ​ស្ថានការណ៍ និង​ការ​មិន​បាន​ត្រៀម​ទុក​ជា​មុន បាន​ញ៉ាំង​ឲ្យ​ស្ថានការណ៍​អាសន្ន​នេះ​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ។

លោក ចាន់ សុវ៉េត បន្ថែម​ថា ៖ «កោះ​ពេជ្រ​នេះ​ជា​កន្លែង​មួយ​ដែល​ធំ ប៉ុន្តែ​កន្លែង​ហ្នឹង​ហាក់​ដូច​ជា​ពុំ​មាន​កន្លែង​ការពារ​សុវត្ថិភាព​ដែរ គេ​ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ...។ រយៈ​ពេល​ប្រហែល ៣​ម៉ោង គឺ​គ្មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​តែម្ដង គឺ​នៅ​តែ​រុញ​ទៅ​រុញ​មក មាន​ការ​បាញ់​ទឹក​បាញ់​អី​ដែរ ប៉ុន្តែ​នៅ​តែ​អត់​មាន​សមត្ថភាព​ទៅ​ជួយ​សង្គ្រោះ​ឲ្យ​ទាន់​ពេល​វេលា ហេតុ​អី​ហើយ​កន្លែង​ទីតាំង​មាន​ប៉ូលិស​ដែរ តែ​បែរ​ជា​អត់ ហើយ​ហេតុ​អ្វី​បាន​ជា​អ៊ីចឹង? ទីតាំង​ខាង​មុខ​មាន​ច្រវាក់ គឺ​សមត្ថភាព​របស់​ប៉ូលិស​ដែល​ជួយ​ហ្នឹង​ខ្សោយ​មែន​ទែន»

បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ថា នៅ​ពេល​ដែល​មនុស្ស​កំពុង​ជាប់​គាំង​លោក​មិន​បាន​ឃើញ​ក្រុម​ប៉ូលិស​នៅ​ក្បែរ​ស្ពាន​នោះ​ឡើយ មិន​ឃើញ​មាន​រថយន្ត​សង្គ្រោះ​ចូល​មក​ទេ តែ​ក្រោយ​មក​ទើប​គេ​យក​រថយន្ត​ទាហាន​ធំៗ​មក​ដល់។ លោក​បន្ទោស​ថា ការ​សង្គ្រោះ​នេះ​បាន​ធ្វើ​ឡើង​យឺតយ៉ាវ គ្មាន​បច្ចេកទេស គ្មាន​ការ​បិទ​ច្រក​ផ្អាក​ចរាចរណ៍​ភ្លាមៗ​នោះ​ទេ គ្មាន​រថយន្ត​ពន្លត់​អគ្គិភ័យ គ្មាន​យន្តហោះ គ្មាន​សម្ភារៈ​អ្វី​ជា​ដុំ​កំភួន ដើម្បី​សង្គ្រោះ​មនុស្ស​នោះ​ទេ ហើយ​វា​ជា​ប្រការ​មួយ​ដ៏​គួរ​ឲ្យ​រន្ធត់​នៅ​ពេល​ដែល​ឃើញ​នៅ​មនុស្ស​នៅ​លើ​គោក​សុំ​ជំនួយ​តែ​ជួយ​មិន​បាន​ទៅ​វិញ។

បុរស​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បន្ថែម​ទៀត​ថា ៖ «ខ្ញុំ​ព្យាយាម​ចូល​ទៅ ចង់​ជួយ​ណាស់ ប៉ុន្តែ​អាជ្ញាធរ​អត់​ឲ្យ​ខ្ញុំ​ចូល​ទៅ​ជួយ។ ខ្ញុំ​ឃើញ​ច្បាស់​បំផុត​ពេល​ដែល​មនុស្ស​ដេកដួល ឃើញ​ថា អ្នក​ខ្លះ​បោយ​ដៃ​សុំ​ជំនួយ ប៉ុន្តែ​អាជ្ញាធរ​ឃើញ​តែ​ឈរ​ច្រងេងច្រងាងៗ អត់​មាន​បាន​ការ​អី​ទេ។ ប៉េអឹម​មួយ​នោះ ជន​រង​គ្រោះ​ម្នាក់​សែង​គ្នា ៤​នាក់។ ខ្ញុំ​ទទួល​យក​មិន​បាន​ទេ ខ្ញុំ​រន្ធត់​ណាស់»

បុរស​ម្នាក់​ទៀត​ឈ្មោះ សុធិន ដែល​បាន​ចូល​ខ្លួន​នៅ​ក្នុង​ការ​សង្គ្រោះ​បាន​សម្ដែង​ដោយ​ក្ដុកក្ដួល​ថា អាជ្ញាធរ​បាន​ប្រកាស​ថា មាន​កម្លាំង​សមត្ថកិច្ច​ប្រហែល ៥​ពាន់​នាក់ ចូល​រួម​ក្នុង​ការ​ថែរក្សា​សុន្តិសុខ និង​សុវត្ថិភាព​ពលរដ្ឋ ប៉ុន្តែ​នៅ​ពេល​មាន​អាសន្ន លោក​ឃើញ​បាន​ឃើញ​កម្លាំង​សមត្ថកិច្ច​តិចតួច​បំផុត​ក្នុង​ការ​ចូល​ទៅ​សង្គ្រោះ​នោះ។

សុធិន បញ្ជាក់​ថា នៅ​ពេល​ដែល​មនុស្ស​កំពុង​ជាប់​គាំង​ប្រហែល ២ ឫ ៣​ម៉ោង​ក្រោយ ទើប​មាន​សមត្ថកិច្ច​មក​ដល់ ហើយ​ពេល​ដែល​មក​ដល់​ទៀត សមត្ថកិច្ច​មក​តែ​ដៃ​ទទេ ខ្លះ​ឈរ​ត្រេងត្រាង ខ្លះ​កាន់​អាយកូម។

លោក​សម្ដែង​ទៀត​ថា បើ​សិន​ជា​ការ​សង្គ្រោះ​ទាន់​ពេល មាន​បច្ចេកទេស​សង្គ្រោះ​ត្រឹមត្រូវ មាន​សមត្ថភាព ប្រហែល​ជា​មិន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដ៏​សន្ធឹកសន្ធាប់​ដូច្នេះ​ឡើយ ៖ «ទាំង​ការ​ធ្វេសប្រហែស ទាំង​ការ​អសមត្ថភាព ត្រង់​ថា កន្លែង​ដែល​កម្សាន្ត​សប្បាយ​ម៉េច​ក៏​មិន​ដាក់​សមត្ថកិច្ច​ឲ្យ​វា​ច្រើន​យាម​គល់​ស្ពាន​សង​ខាង កុំ​ឲ្យ​មនុស្ស​ចេញ​ចូល។ ឲ្យ​មាន​ផ្លូវ​ចេញ​ផ្សេង​ផ្លូវ​ចូល​ផ្សេង ហើយ​ពេល​ដែល​មនុស្ស​គាំង ម៉េច​ក៏​មិន​ដាក់​មីក្រូ​ប្រកាស​ឲ្យ​មនុស្ស​ចេញ អា​នេះ​អត់​ផង ហើយ​នៅ​ពេល​ដែល​ជាន់​គ្នា​ស្លាប់​បណ្តើរៗ ក៏​មាន​កម្លាំង​សមត្ថកិច្ច​ទៅ ទៅ​ហើយ​អត់​មាន​អី​ជួយ​បាន​ទៀត»

លោក​បន្ថែម​ដូច្នេះ ៖ «អើយ​បង​អើយ! យើង​គ្រោះថ្នាក់​នៅ​លើ​គោក​យើង​ជួយ​អត់​បាន គេ​គ្រោះថ្នាក់​ដល់​ក្នុង​អគារ​គេ​ជួយ​បាន ហើយ​មាន​មុខ​អី វា​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​ជាតិ​យើង គេ​គិត​ថា រដ្ឋាភិបាល​យើង​អសមត្ថភាព គ្រាន់​តែ​ជួយ​ប៉ុណ្ណឹង​ជួយ​អត់​បាន អាជ្ញាធរ​ខ្មែរ​មើល​ទៅ​ខ្មាស​គេ។ ជន​រង​គ្រោះ​ត្រូវការ​ទឹក ត្រូវ​ការ​ខ្យល់ ហើយ​កប៉ាល់ហោះ​ទៅ​ណា​អស់?»

យុវជន​ម្នាក់​ទៀត​ឈ្មោះ បូរ៉ា អាយុ ២០​ឆ្នាំ ពិពណ៌នា​ថា ពេល​នោះ​សូម្បី​តែ​ប្រង់កា​សម្រាប់​សែង​អ្នក​រង​គ្រោះ​គ្មាន​ផង។ អ្នក​រង​គ្រោះ​ខ្លះ​ត្រូវ​គេ​ទាញ​ចេញ​ពី​គំនរ​មនុស្ស​បាន​ហើយ​ក៏​ត្រូវ​ដាក់​ចោល​ទៅ​វិញ ដោយសារ​អត់​មាន​រថយន្ត​សង្គ្រោះ។ អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​ត្រូវ​គេ​ស្ទះ​ដង្ហើម​ដោយ​រហ័ស​បំផុត ហើយ​ក៏​ត្រូវ​គេ​ទម្លាក់​នៅ​ក្នុង​រថយន្ត​ទាហាន​ធំៗ ដោយ​គិត​ថា ជា​សាកសព​ទៅ​ហើយ។

បូរ៉ា បញ្ជាក់​ថា ខ្វះ​ទាំង​អ្នក​សង្គ្រោះ ខ្វះ​ទាំង​ជំនាញ បាន​នាំ​ឲ្យ​មាន​ការ​ស្លាប់​មនុស្ស​ដេរដាស​បែប​នេះ ៖ «ខ្ញុំ​គិត​ថា ជា​កត្តា​រួម​ចំណែក​ធំ​ណាស់​ដែរ ដោយសារ​តែ​កត្តា​ធ្វេសប្រហែស។ បើ​សិន​ជា​យើង​ត្រៀម​ហើយ​បាន​យក​ចិត្ត​ទុក​ដាក់ យើង​ត្រៀម​កម្លាំង​ឲ្យ​បាន​ច្រើន​ពេល​នោះ ដូច​ដែល​យើង​ដឹង​ហើយ ពេល​ហ្នឹង​មនុស្ស​ច្រើន ដឹង​តែ​មាន​បញ្ហា អ៊ីចឹង​ឡាន​ពេទ្យ​អី​ត្រូវ​មាន​ញឹកៗ។ បើ​និយាយ​​ពី​ប្រង់កា​គ្មាន​ផង។ ហ្នឹង​យើង​អាច​និយាយ​ថា ខ្វះ​សម្ភារៈ​ពេទ្យ​ដែរ»

បុរស​ម្នាក់​ទៀត​ឈ្មោះ លោក ញ៉ែម ចាន់ថន ថ្លែង​ថា លោក​រន្ធត់ ហើយ​មាន​ការ​ទើស​ចិត្ត​ខ្លាំង​ណាស់ ពេល​ដែល​លោក​សុំ​សមត្ថកិច្ច​ចូល​ជួយ​ហើយ​គេ​មិន​ព្រម​ឲ្យ​លោក​ចូល ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការងារ​សមត្ថកិច្ច​ខ្មែរ​ធ្វើ​ឡើង​ដោយ​គ្មាន​ជំនាញ ហើយ​ពេល​នោះ​ហាក់​ដូច​យល់​ថា ស្ថានការណ៍​នេះ​មិន​អី។

លោក ញ៉ែម ចាន់ថន មាន​ប្រសាសន៍​ទៀត​ថា ៖ «អា​ការ​ជួយ​ហ្នឹង ខ្ញុំ​មើល​ទៅ​ដូច​ថា ទើស​មែន​ទែន! ខ្ញុំ​ចង់​ទៅ​ជួយ​គេ​ណាស់ ប៉ុន្តែ​មិន​អាច​ជួយ​បាន ហើយ​ខ្ញុំ​ចង់​ឲ្យ​បងៗ​ប៉ូលិស​ហ្នឹង​ជួយ​ជន​រង​គ្រោះ​ចេញ​មក​ខាងៗ​ហ្នឹង។ យើង​បិទ​ច្រក​មិន​ឲ្យ​ចេញ​ចូល តែ​គាត់​យក​ជន​រង​គ្រោះ​ចេញ​ពី​កណ្ដាល​មក​វិញ ហើយ​គាត់​មិន​ឲ្យ​ពួក​យើង​ចូល។ ខ្ញុំ​គិត​ថា ពេល​ហ្នឹង​បើ​យើង​យក​យន្តហោះ ហើយ​យក​ឡាន​ទឹក​អី​មក​បាញ់​ឲ្យ​បាន​ត្រឹមត្រូវ ខ្ញុំ​គិត​ថា ប្រហែល​ជា​កន្លះ​ម៉ោង ប្រហែល​ជា​អាច​យក​មនុស្ស​ចេញ​ប្រហែល​ជា​មិន​អាច​ស្លាប់​ដល់​ប៉ុណ្ណឹង​ទេ»

បណ្ដា​មនុស្ស​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ទាំង​នេះ សុទ្ធសឹងតែ​ជា​អ្នក​នៅ​ទី​កន្លែង​កើត​ហេតុ​នៅ​ថ្ងៃ​សង្គ្រោះ​មនុស្ស​នៅ​ពេល​នោះ។ ពួកគេ​ម្នាក់ៗ​បាន​សម្ដែង​ការ​សោកស្ដាយ និង​បាន​ដាក់​បន្ទុក​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​អាជ្ញាធរ ដោយ​ចាត់​ទុក​ថា វា​ជា​ចំណែក​មួយ​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​មាន​អ្នក​ស្លាប់​ច្រើន។

រឿងរ៉ាវ​ដ៏​រន្ធត់​នេះ​ត្រូវ​បាន​គេ​ឲ្យ​យោបល់​ថា អាជ្ញាធរ​ខ្មែរ​គួរ​តែ​យក​បទពិសោធន៍​ទាំង​នោះ ដើម្បី​ហ្វឹកហាត់​ពង្រឹង​ការ​សង្គ្រោះ​បន្ទាន់​របស់​ខ្លួន និង​ហ្វឹកហាត់​សមត្ថភាព​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ ដែល​មាន​មនុស្ស​ច្រើន​ចូល​រួម ជៀស​វាង​សោកនាដកម្ម​ដូច​លើក​នេះ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​បាត់​បង់​ជីវិត៕