មន្ត្រី​គយ​នៅ​ប៉ោយប៉ែត​ប្រើ​កាំភ្លើង​ភ្ជង់​គំរាម​ពលរដ្ឋ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍?

មន្ត្រី​គយ​ប្រចាំការ​នៅ​ព្រំដែន​ខ្មែរ​-ថៃ​រង​ការ​ចោទ​ថា បាន​ប្រើ​កាំភ្លើង​វែង​ខ្លី​ជា​ច្រើន​ដើម​ភ្ជង់​គំរាម​ក្រុម​មនុស្ស​ជា​ច្រើន​នាក់ បង្ខំ​ឲ្យ​ចាក​ចេញ​ពី​បរិវេណ​ទីស្នាក់ការ​ខ្លួន ខណៈ​ដែល​អ្នក​ទាំង​នោះ​បាន​លើក​គ្នា​ទាមទារ​ឲ្យ​មន្ត្រី​គយ​ម្នាក់​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​បើក​រថយន្ត​គេច​មិន​ទទួល​ខុស​ត្រូវ។

0:00 / 0:00

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ជា​ច្រើន​នាក់​បាន​អះអាង​ថា កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មីនា រថយន្ត Lexus ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ផ្លាក់​លេខ​ភ្នំពេញ ២K៥៥.៦៧ ដែល​គេ​ដឹង​ថា ជា​រថយន្ត​របស់​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​បើក​បុក​ម៉ូតូឌុប​១​គ្រឿង​ជិះ​គ្នា​ពីរ​នាក់​បណ្តាល​ឲ្យ​ស្រ្តី​ម្នាក់​នៅ​ខាង​ក្រោយ​រង​របួស​ធ្ងន់។

ក្រោយ​ពី​បើក​បុក​ម៉ូតូ​លើ​កំណាត់​ផ្លូវ​ពី​ផ្សារ​អគ្គ រថយន្ត​គយ​នោះ​បាន​បើក​កិន​បន្ថែម​លើ​ម៉ូតូ​នោះ​ដើម្បី​រត់​គេច​ចូល​ទៅ​ភោជនីយដ្ឋាន​នាគទិព្វ ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​ចរាចរណ៍​ដោះលែង​ឲ្យ​រថយន្ត​នោះ​ចេញ​ពី​ភោជនីយដ្ឋាន​នាគទិព្វ​ទើប​បង្ក​ឲ្យ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នាំ​គ្នា​ទៅ​តវ៉ា​ដល់​ទីស្នាក់គយ។

ម្ចាស់​ម៉ូតូឌុប លោក អ៊ួន សំអាង បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោយ​មក​មាន​មនុស្ស​ជាង​១០០​នាក់​ភាគច្រើន​ជា​អ្នក​រត់​ម៉ូតូ​ឌុប និង​ប្រជាពលរដ្ឋ​បាន​លើក​គ្នា​ទៅ​តវ៉ា​ដល់​ទីស្នាក់ការ​គយ​តែ​ត្រូវ​មន្ត្រី​គយ​ជិត ១០​នាក់​ទាញ​កំាភ្លើង​វែង​ខ្លី​បើក​សោរ​ភ្ជង់​បង្ខំ​ឲ្យ​ចាកចេញ។

លោក អ៊ួន សំអាង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បុក​ភ្លាម​គ្នា​ខ្ញុំ​មក​ភ្លាម​ដេញ​តាម​ឡាន ដល់​ពេល​ចេញ​ពី​នាគ​ទិព្វ​ហើយ វា​បើក​រត់​ចេញ​ទៅ​កន្លែង​គយ»

អធិការ​នគរបាល​ស្រុក​អូរជ្រៅ លោក នុត លី បាន​មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​កម្លាំង​ប៉ូលិស​ចរាចរណ៍​ទៅ​កាន់​ភោជនីយដ្ឋាន​នាគ​ទិព្វ ប៉ុន្តែ​កម្លាំង​ប៉ូលិស​មិន​បាន​ឃាត់​រថយន្ត​មន្ត្រី​គយ​នោះ​ទេ គឺ​គ្រាន់​តែ​យក​ម៉ូតូ​រង​គ្រោះ​មក​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា លោក នុត លី បាន​ព្យាយាម​លាក់​អត្តសញ្ញាណ​មន្ត្រី​គយ​រូប​នោះ ហើយ​ថែម​ទាំង​បដិសេធ​ថា មន្រ្តី​គយ​មិន​បាន​ប្រើ​អាវុធ​ភ្ជង់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នោះ​ទេ។

អនុប្រធាន​សាខា​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក អៀង សារូ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​ករណី​ខាង​លើ​នេះ​ទេ ៖ «សួរ​ទៅ​ខាង​រដ្ឋបាល​គេ​មើល៍​ក្រែង​លោ​គេ​ដឹង»

ទោះ​ជា​យ៉ាង​ណា បើ​តាម​លេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ជា សុគន្ធ បាន​ថ្លែង​ថា រថយន្ត​ផ្លាក​លេខ​ភ្នំពេញ ២K៥៥៦៧ ជា​កម្មសិទ្ធិ លោក ជ័យ រិន ជា​អនុប្រធាន​សាខា​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។

លោក​បន្ត​ថា សូម្បី​រូប​លោក​ក៏​ត្រូវ​មន្ត្រី​គយ​យក​កាំភ្លើង​ភ្ជង់​ដែរ ៖ «មេគយ​កាំភ្លើង​ខ្លី​គេ​មក​ភ្ជង់​ខ្ញុំ វា​ឲ្យ​កូនចៅ​វា​កាន់​កាំភ្លើង​គ្រប់​ដៃ ព្រោះ​អី​មាន​តែ​មេគយ​ទេ​មាន​កំាភ្លើង​ខ្លី​កាន់»

លោក ជា សុគន្ធ បាន​អះអាង​បញ្ជាក់​ថា ប្រជាពលរដ្ឋ​និង​ក្រុម​អ្នក​រត់​ម៉ូតូ​រាប់​រយ​នាក់​កំពុង​ធ្វើ​ញត្តិ​ដាក់​ទៅ​ទីចាត់ការ​គយ​នៅ​ទីក្រុង​ភ្នំពេញ ទាមទារ​ឲ្យ​មាន​ការ​ដាក់​ពិន័យ​ដក​មន្ត្រី​គយ​ដែល​បាន​ប្រើ​កាំភ្លើង​ភ្ជង់​គំរាម​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ​ចេញ​ពី​តំណែង៕