ក្រុមអាជីវករខ្មែរជាច្រើននាក់បានចោទមន្ត្រីគយនៅស្នាក់ការច្រកបឹងត្រកួន នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ថា បានទារលុយអ្នកជួញដូរស្រូវទៅស្រុកថៃជាច្រើនម៉ឺនរៀល ប៉ុន្តែមិនមានចេញវិក្កយបត្រទេ ៖ «បង់ឲ្យគយវាអត់ប្រយោជន៍ដដែល អត់មានវិក្កយបត្រចេញឲ្យថាម៉េចទេ បង់ៗ។ ឡាន១០តោន៣ម៉ឺន ស៊ីបឡ៥ម៉ឺន យីឌុបបង់៧ម៉ឺន»។
អាជីវករម្នាក់ទៀតបានថ្លែងថា ក្រុមអាជីវករតែងតែដឹកស្រូវតាមច្រករបៀងផ្សេងៗគ្នាចូលទៅទឹកដីថៃ នៅរាល់ថ្ងៃសុក្រ សៅរ៍ និងថ្ងៃ អាទិត្យ។ លោកបន្តថា ការហាមឃាត់គឺកើតចេញពីទំនាស់ផលប្រយោជន៍ ៖ «អ្នកដែលនៅគណៈកម្មការក្រសួងមានសមត្ថកិច្ចចំផ្លូវធំបឹងត្រកួន គឺថា វាអត់មានថវិកាចូល បានតែអ្នកនៅតាមច្រក តាមព្រៃ»។
លោក ពា យ៉ត ប្រធានគណៈកម្មការច្រកទ្វារបឹងត្រកួនបានថ្លែងថា គណៈកម្មការឯកភាពស្រុកថ្មពួក ពិតជាបានឃាត់មិនឲ្យដឹកស្រូវចូលដីថៃតាមច្រករបៀងដើម្បីទប់ស្កាត់លំហូរស្រូវចូលទៅក្នុងប្រទេសថៃ តែក្រោយពីមានការតវ៉ាក៏មានការអនុញ្ញាតវិញ ប៉ុន្តែមន្ត្រីគយចល័តបានឃាត់បន្តនៅចំណុចថ្មឆ័ត្រ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក ជា ប៊ុនថន ប្រធានស្នាក់ការគយប្រចាំច្រកបឹងត្រកួន ដែលរងការចោទខាងលើនេះ មិនលើកទូរស័ព្ទអត្ថាធិប្បាយឡើយជុំវិញបញ្ហានេះ។
លោក ចូវ តាវ សមាជិកក្រុមប្រឹក្សាស្រុកថ្មពួក បានថ្លែងថា គយនៅស្នាក់ការច្រកបឹងត្រកួនបានធ្វើអាជីវកម្មគ្មានវិក្កយបត្រយូរមកហើយ។
លោក ចូវ តាវ បានឲ្យដឹងដូច្នេះ ៖ «អ៊ីចឹងទេស្ថាប័នផ្សេងៗ មានស្ថាប័នសាលាស្រុក ស្ថាប័នច្រកដូចគ្នា មានប្រធានច្រក មានកាំកុងត្រូល មានស្ថាប័ននានាទៀត ដែលការពារសុវត្ថិភាពសន្តិសុខនៅទឹកដីរបស់ខ្ញុំ គាត់អត់បានអីហូបចុក»។
ទាក់ទិនករណីខាងលើនេះ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសមរង្ស៊ី បានជំរុញឲ្យប្រជាពលរដ្ឋដាក់ពាក្យប្តឹង។
លោក សុន ឆ័យ បានលើកឡើងថា ៖ «ជាអំពើខុសច្បាប់ ជាការលួចថវិកាជាតិ ហើយត្រូវមានទោសតាមច្បាប់អ៊ុនតាក់ជាប់ពន្ធនាគារយ៉ាងតិចពី៥ឆ្នាំទៅ៨ឆ្នាំ»។
លោក សុន ឆ័យ បន្តថា រដ្ឋាភិបាលគ្មានការហាមប្រាមការលក់ដូរកសិផលទេ ផ្ទុយទៅវិញគឺមានការគាំទ្រក្នុងការរកទីផ្សារលក់បានតម្លៃខ្ពស់ ប៉ុន្តែជានិច្ចកាលក្រុមអាជីវករតែងរងគ្រោះពីការជំរិតទារលុយពីអាជ្ញាធរមូលដ្ឋាន៕