លោក សួន សុជាតិ មានប្រសាសន៍ថា ទំនិញទាំងនេះដោយមានការយោគយល់ពីគយនៅព្រំដែនច្រកជ្រៃធំ គឺគេមិនតម្រូវឲ្យបង់១០០%នោះទេ ប៉ុន្តែសាខាគយនៅខែត្រកណ្តាលតម្រូវឲ្យពួកលោកបង់ក្រៅផ្លូវការក្នុងមួយឡានជាង១០ម៉ឺនរៀលទៀត ដោយពុំមានវិក្កយបត្រចូលរដ្ឋ។
លោក សួន សុជាតិ បានបញ្ជាក់ថា ៖ «គេទារច្រើនពេក ខ្ញុំអត់មានលទ្ធភាព បានគេឃាត់ទុកហ្នឹង។ បើខ្ញុំមិនចង់ស្ទះ អ៊ីចឹងគឺបង់ឲ្យគាត់មួយឡាន១០ម៉ឺនជាង តាមថ្ងៃណាគេសប្បាយចិត្តទៅគេយកតិច»។
លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកគឺពុំមែនជាក្រុមហ៊ុនដឹកជញ្ជូនទំនិញជាទ្រង់ទ្រាយធំនោះទេ ក្រុមហ៊ុននេះបង្កើតដោយអាជីវករដូចគ្នា ហើយដឹកទំនិញផ្ទាល់ខ្លួនដូចជាបន្លែគ្រប់មុខពីវៀតណាម ថៃ និងទំនិញក្នុងស្រុកមួយចំនួនយកមកចែកចាយឲ្យអាជីវករបន្តនៅផ្សារដើមគ។
លោក សួន សុជាតិ បានឲ្យដឹងថា គយបានឃាត់ឡានដឹកទំនិញនេះចំនួន៩ឡាន តាំងពីយប់ថ្ងៃទី១៥ មកម៉្លេះ ទំនិញនេះនឹងខូចខាតទាំងអស់ដែលគិតជាទឹកប្រាក់រាប់ពាន់ដុល្លារ។
អាជីវករមួយរូបឈ្មោះ ចាន់ ប៊ុនលាង បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមកពួកលោកបានសូកប៉ាន់មន្ត្រីគយនៅខែត្រកណ្តាល ទើបពួកគេបានអនុញ្ញាតឲ្យឡានដឹកទំនិញចូលភ្នំពេញ ប៉ុន្តែការសូកប៉ាន់គឺចំណាយអស់ច្រើន មិនបានចំណេញនោះទេ ម្យ៉ាងទៀតទំនិញពួកលោកបានបង់ពន្ធតាមការណែនាំរបស់គយនៅព្រំដែនហើយដែរ ដូច្នេះពួកលោកមិនសូកប៉ាន់ទៀតទេ ប៉ុន្តែប្រធានក្រុមសាខាគយខែត្រកណ្តាល លោក កូវ វិបុល បានឃាត់ឡានពួកលោកទៅវិញ។
លោក ចាន់ ប៊ុនលាង បានឲ្យដឹងថា ៖ «ខ្ញុំពីរនាក់ប្រពន្ធបានឱបជើងជើងគយ មួយយប់ទល់ភ្លឺតែម្ដង។ អីវ៉ាន់ខ្ញុំខូចចោលទាំងអស់។ ខ្ញុំបង់រាល់តែដងគឺជាលុយពុករលួយ តែឥឡូវហ្នឹងខ្ញុំចង់សុំគាត់កាត់បន្ថយលុយពុករលួយហ្នឹង ព្រោះខ្ញុំបង់ពន្ធ ឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយឲ្យអាជីវករមានសេរីភាពរកស៊ីបានខ្លះ»។
ប្រធានក្រុមសាខាគយខែត្រកណ្តាល លោក កូវ វិបុល មិនបានឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះទេ។
អនុប្រធានគយច្រកព្រំដែនជ្រៃធំ ខែត្រកណ្តាល ឈ្មោះ មុន្នី មានប្រសាសន៍ថា គយព្រំដែនបានអនុគ្រោះពន្ធខ្លះដល់ពួកអាជីវករខាងលើ ដូចជាក្នុងមួយឡានដឹកទំនិញចំណុះ៥តោន គឺតម្រូវឲ្យបង់ពន្ធតែចំនួន១តោនកន្លះ ស្មើនឹង១៨ម៉ឺនរៀលតែប៉ុណ្ណោះ។
លោក មុន្នី បានមានប្រសាសន៍ថា ៖ «បង់១០០%អត់បានទេ សម្ដេចលោកអធ្យាស្រ័យដល់ប្រជាកសិករគ្នាមិនចេះរកស៊ី ប៉ុន្តែរឿងគេខ្ញុំមិនដឹងទេ»។
សូមជម្រាបថា ក្រុមហ៊ុនខាងលើនិងជាក្រុមអាជីវករផងនោះគ្រោងនឹងដាក់ពាក្យបណ្តឹងទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជួយអន្តរាគមន៍និងបំបាត់អំពើពុករលួយរបស់មន្រ្តីគយខែត្រកណ្តាល ព្រោះពួកគេបានខាតបង់ថវិកាជាច្រើនដោយសារអំពើពុករលួយនេះនិងការខូចខាតបន្លែដែលគយឃាត់ឡានដឹកទំនិញទំាងនោះផងដែរ៕