ក្រុមសមាគមកាណូតដឹកភ្ញៀវទេសចរណ៍ទស្សនាបឹងទន្លេសាបនិងអ្នករត់រ៉ឺម៉កម៉ូតូប្រមាណ១៥០នាក់បាននាំគ្នាធ្វើបាតុកម្មអហិង្សាមួយដោយកាន់បដាជាច្រើនឈរអមដងផ្លូវទៅកាន់ទន្លេសាបតំបន់ចុងឃ្នៀស ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី៣ ខែមីនា ប្រឆាំងនឹងក្រុមហ៊ុនស៊ូជីងដែលធ្វើកំពង់ផែចំណតកាណូតថាបានកំពុងដណ្តើមការលក់សំបុត្រទៅឲ្យភ្ញៀវទេសចរណ៍បណ្តាលឲ្យសមាគមដែលមានអាជ្ញាប័ណ្ណប្រកបរបរនេះជាយូរមកហើយបាត់បង់មុខរបរបន្តិចម្តងៗ។
ក្រុមបាតុករបានស្រែកទាមទារឲ្យអាជ្ញាធរជួយចាត់វិធានការលុបបំបាត់ចោលក្រុមទើបនឹងកើតថ្មីមួយដែលធ្វើសកម្មភាពចាប់ម៉ូយយកភ្ញៀវអនាធិបតេយ្យនៅលើដងផ្លូវសូមឲ្យអ្នកបើកបររ៉ឺម៉កទេសចរណ៍និងយានយន្តគ្រប់ប្រភេទមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចចិត្តទិញសំបុត្រកាណូតទេសចរណ៍មើលបឹងទន្លេសាបទៅឲ្យភ្ញៀវរបស់គេដោយគ្មានការបង្ខិតបង្ខំពីក្រុមណាមួយនិងសូមឲ្យរក្សាទីតាំងលក់សំបុត្ររបស់សមាគមនៅកន្លែងដដែលផ្លូវបំបែកភ្នំក្រោម។
ប្រធានសមាគមកាណូតដឹកភ្ញៀវទេសចរណ៍តំបន់ចុងឃ្នាស លោក ភុំ ឡៃ បានចោទប្រកាន់ក្រុមហ៊ុនកំពង់ផែ ស៊ូជីង ថា បានកំពុងបង្កើតការលក់សំបុត្រទៅឲ្យភ្ញៀវជិះកាណូតទស្សនាបឹងទន្លេសាបដែលជាការដណ្តើមឆ្នាំងបាយរបស់សមាគមកាណូតនិងបានញុះញង់សមាជិកសមាគមឲ្យបែកបាក់គ្នាផង។
លោក ភុំ ឡៃ បានទាមទារឲ្យអាជ្ញាធរផ្តល់សិទ្ធិឲ្យសមាគមរបស់លោកជាអ្នកលក់សំបុត្រទៅឲ្យភ្ញៀវរហូត កុំឲ្យមានក្រុមដើរចាប់ម៉ូយតាមដងផ្លូវ ហើយសមាគមសុខចិត្តបង់ប្រាក់សេវាទៅឲ្យក្រុមហ៊ុនវិញគឺមួយដុល្លារក្នុងភ្ញៀវម្នាក់ដូចដែលសាលាខេត្តសៀមរាបបានសម្រេចកន្លងមក។
លោក ភុំ ឡៃ បានឲ្យដឹងថា ៖ «ក្រុមហ៊ុននេះធ្វើនំអត់ម្សៅ គឺអង្គុយប៉ុកយកលុយខ្ញុំភ្លាម។ បង្កបង្កើតក្រុមអនាធិបេតយ្យ ភ្ញៀវដល់កំពង់ផែ គេកាក់ឲ្យមកដូរសំបុត្រវិញ ភ្ញៀវខ្លះទៀតយកទៅដល់ទូកហើយ ទាញដៃភ្ញៀវឲ្យមកវិញទៀត វាហួសចិត្តណាស់»។
ប៉ុន្តែនាយកក្រុមហ៊ុនកំពង់ផែស៊ូជីង លោក វ៉ា ឈូដា បានបដិសេដចោលការចោទប្រកាន់ទាំងឡាយរបស់សមាគមកាណូតមកលើក្រុមហ៊ុននោះ ដោយលោកមានប្រសាសន៍ថា ក្រុមហ៊ុនបានចំណាយប្រាក់រាប់លានដុល្លារសាងសង់កំពង់ផែ ហើយក្រុមហ៊ុនមិនបានធ្វើអ្វីឲ្យប៉ះពាល់ដល់សមាគមកាណូតនោះទេ។
លោក វ៉ា ឈូដា បានបញ្ជាក់ថា ៖ «មានតែសមាគមធ្វើបាបក្រុមហ៊ុន ហើយរីឯការបែកបាក់គាត់ជារឿងទំនាស់ផ្ទៃក្នុងរបស់គាត់ ម៉េចមកចោទក្រុមហ៊ុនវិញ? មានតែគាត់ទេដែលធ្វើនំអត់ម្សៅនោះ គាត់ទេដែលភ្ជួរស្រែលើខ្នងគេ»។
កាលពីវេលាម៉ោងប្រមាណ១០ព្រឹក អភិបាលរងខេត្តសៀមរាបពីររូបគឺលោក ប៊ុន ថារិទ្ធិ និងលោក អ៊ុំ ម៉ារ៉ា បានចូលទៅស្វែងរកដំណោះស្រាយដើម្បីរំសាយបាតុកម្មនោះ។
លោក អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍ថា តាមអភិបាលខេត្ត លោក ស៊ូ ភិរិន្ទ បានសំណូមពរឲ្យបាតុកម្មរំសាយដោយខេត្តធានាអ្វីៗដូចសភាពដើមពីមុនពេលកើតបញ្ហា ចំណែកមធ្យោបាយឲ្យប្រសើរនឹងត្រូវរកដំណោះស្រាយជាបន្តបន្ទាប់ពេលក្រោយ។
លោក អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍ថា ៖ «បងចង់ធ្វើបាតុកម្ម បងត្រូវសុំច្បាប់ ទី២ មិនអនុញ្ញាតឲ្យបិទផ្លូវសាធារណៈ បង្កការរំខានដល់ភ្ញៀវ»។
ក្រុមសមាគមកាណូតយល់ព្រមទទួលយកដំណោះស្រាយជាបណ្តោះអាសន្ននេះកាលពីវេលាម៉ោងប្រមាណ១១:៣០នាទី ហើយបាតុករបានរំសាយ ប៉ុន្តែពួកគេព្រមានថាប្រសិនបើមិនមានដំណោះស្រាយប្រសើរនៅពេលខាងមុខ ពួកគេនឹងធ្វើបាតុកម្មម្តងទៀត៕