ការប្រកាសនេះបានធ្វើឡើងភ្លាមៗ ក្រោយពីកិច្ចប្រជុំរយៈពេល ២ថ្ងៃ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនានេះ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាមិនបានប្រាប់ឲ្យដឹងជាពិស្ដារទេ ថាតើប្រទេសណាខ្លះបានសន្យាផ្ដល់ប្រាក់ជំនួយចំនួនប៉ុន្មាននោះ ប៉ុន្តែគេបានឲ្យដឹងថា ប្រទេសជប៉ុននៅតែជាប្រទេសលំដាប់ថ្នាក់លេខមួយ ក្នុងការផ្ដល់ជំនួយច្រើនជាងបណ្ដាប្រទេសនានាដល់កម្ពុជា សម្រាប់ឆ្នាំ២០១០នេះ គឺប្រហាក់ប្រហែលនឹងឆ្នាំ២០០៩កន្លងទៅ។
លោក គាត ឈន់ ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបើកសន្និសីទកាសែត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនានេះ បានមានប្រសាសន៍ថា ការសន្យានេះគឺជាជោគជ័យសម្រាប់កម្ពុជា និងដៃគូអភិវឌ្ឍន៍កម្ពុជា។
លោក គាត ឈន់ បានបញ្ជាក់ថា ៖ «ហិរញ្ញប្បទានដែលយើងបានទទួលនេះ គឺឆ្លើយតបទៅនឹងតម្រូវការ សម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្មនេះ។ និយាយសរុបតែមួយម៉ាត់ មិនថាគ្រប់គ្រាន់ ឬមិនគ្រប់គ្រាន់ទេ គឺថា ឆ្លើយតបទៅផែនការនេះ»។
លោក គាត ឈន់ បានមានប្រសាសន៍ដោយសង្ខេបថា ប្រាក់ជំនួយទាំងនេះ រដ្ឋាភិបាលមានផែនការចំណាយលើកិច្ចអភិវឌ្ឍក្នុងវិស័យជាច្រើន នៅក្នុងនោះមានផ្លូវថ្នល់ ទឹកស្អាតប្រើប្រាស់ ភ្លើងអគ្គិសនីគ្រប់គ្រាន់ និងការកសាងធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា លោក ម៉ាស្សាហ្វូមី គូរូគី បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅខាងក្រៅកិច្ចប្រជុំ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនានេះ ថា ៖ «ខ្ញុំគិតថា យើងនឹងបង្កើនការត្រួតពិនិត្យ ការប្រើប្រាស់ប្រាក់ជំនួយនេះ រវាងរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។ ខ្ញុំយល់ថា យើងត្រូវតែបង្កើននីតិវិធីនានាក្នុងការត្រួតពិនិត្យការប្រើប្រាស់ប្រាក់ជំនួយនេះ។ យើងមានយន្តការ និងពង្រឹងយន្តការត្រួតពិនិត្យប្រាក់ជំនួយទាំងនោះ»។
នៅគ្រាដែលមន្ត្រីរដ្ឋាភិបាលកម្ពុជា ព្យាយាមមិននិយាយឲ្យដឹងអំពីចំនួនប្រាក់សន្យារបស់ប្រទេសជប៉ុនសម្រាប់ប្រទេសកម្ពុជា នៅឆ្នាំ២០១០នេះ លោក ម៉ាស្សាហ្វូមី គូរូគី បានបង្ហើបឲ្យដឹងថា ការសន្យាឆ្នាំ២០១០នេះ គឺប្រហែលជា ១៣០លានដុល្លារអាមេរិកដូចឆ្នាំមុនៗដែរ។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាមន្ត្រីអ្នកនាំពាក្យ បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «ទទួលយកជំនួយ ក៏យើងទទួលយកអនុសាសន៍ពីប្រទេសសហគមន៍អន្តរជាតិផងដែរ។ ទាក់ទងនឹងការកែលម្អស្ថានការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ទាក់ទងនឹងការកែលម្អប្រព័ន្ធតុលាការ ទាក់ទងនិងការកែលំអទប់ស្កាត់អំពើពុករលួយ ដែលកំពុងតែរាលដាលយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ទាក់ទងនឹងការរឹបអូសដីធ្លីរបស់ប្រជាពលរដ្ឋដោយខុសច្បាប់ ហើយបង្ខំឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋាន ដោយគ្មានសំណងសមរម្យ និងយុត្តិធម៌ឲ្យគាត់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃពុធ ទី២ ខែមិថុនានេះ បានសន្យាចំពោះមុខតំណាងប្រទេសម្ចាស់ជំនួយអន្តរជាតិនានា ថា រដ្ឋាភិបាលរបស់លោកមានផែនការធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រយៈពេល ៥ឆ្នាំ ចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៣ ក្នុងនោះរាប់ទាំងការកែទម្រង់ប្រព័ន្ធតុលាការ ការប្រឆាំងនឹងអំពើពុករលួយ ការដោះស្រាយបញ្ហាដីធ្លី អភិបាលកិច្ចល្អ និងការកាត់បន្ថយភាពក្រីក្រ៕