រដ្ឋ​សភា​ខ្មែរ​អនុម័ត​សេចក្ដី​ព្រាង​ក្រម​ព្រហ្មទណ្ឌ

រដ្ឋ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ការ​អនុម័ត​ហើយ​នូវ​សេចក្ដី​ព្រាង​ក្រម​ព្រហ្មទណ្ឌ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ តុលា ដោយ​សំឡេង​គាំទ្រ​ស្មើ​នឹង​៩៩ ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ​១០២​រូប ដែល​បាន​ចូល​រួម​ក្នុង​ការ​ពិភាក្សា។

0:00 / 0:00

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ការ​អនុម័ត​នូវ​សេចក្ដី​ព្រាង​ក្រម​ព្រហ្មទណ្ឌ​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ដើម្បី​ឈាន​​ទៅ​ដល់​ការ​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា យ៉ាង​យូរ​បំផុត​នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១០ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ត្រូវ​ចេញ​ជា​ដាច់​ខាត»

ចំណែក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី លោកស្រី មូរ សុខហួរ បាន​ថ្លែង​ថា តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​គាំទ្រ​នូវ​ការ​អនុម័ត​សេចក្ដី​ព្រាង​ក្រម​ព្រហ្មទណ្ឌ ព្រោះ​ក្រម​ព្រហ្មទណ្ឌ​នេះ មាន​សារសំខាន់​សម្រាប់​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។ ទោះ​យ៉ាងណា លោកស្រី​បាន​បញ្ជាក់​ថា តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើក​ដៃ​គាំទ្រ​ទាំង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​​មាត្រា​មួយ​ចំនួន​ដែល​មិន​បាន​ចែង​ឲ្យ​បាន​ច្បាស់​ពី​និយមន័យ​និង​ខ្លឹមសារ ជា​ពិសេស​គឺ​ចំណុច​ដែល​ទាក់ទង​នឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ចោទ​ប្រកាន់​ស្ពី​ពី​បទ​បរិហារ​កេរ្តិ៍ ការ​ដាក់​ទោសទណ្ឌ​លើ​ករណី​សូកប៉ាន់​ជាដើម។

លោកស្រី មូរ សុខហួរ បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖ «បើ​សិន​ជា​ត្រឹមតែ​ប៉ូលិស​ចរាចរណ៍ ស៊ី​សំណូក​៥​ដុល្លារ តើ​យើង​ដាក់​ទោស​គាត់​៧​ឆ្នាំ ដូច​អភិបាល​ខេត្ត​ស៊ីញ៉េ​កុងត្រា​ឲ្យ​គេ ដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​រាប់​លាន​ដុល្លារ​ទេ?»

ដោយ​ឡែក លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​អះអាង​ថា តំណាង​រាស្ត្រ​ទាំង​បី​រូប​នៃ​គណបក្ស​របស់​លោក មិន​គាំទ្រ​ការ​អនុម័ត​សេចក្ដី​ព្រាង​ក្រម​ព្រហ្មទណ្ឌ​នេះ​ទេ ហើយ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ បញ្ជាក់​អំពី​ការ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​គេ​ទៅ​លើ​ការ​ប៉ះពាល់​នៃ​សេរីភាព​បញ្ចេញ​មិតិ​របស់​អ្នក​នយោបាយ​ប្រឆាំង ដោយសារ​តែ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​នោះ នឹង​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​ការ​បរិហារ​កេរ្តិ៍ ជេរ​ប្រមាថ ត្រូវ​បាន​គេ​ជឿ​ថា មាន​ភាព​រឹតត្បិត​ចំពោះ​រឿង​នេះ។

លោក កឹម សុខា បាន​អះអាង​ដូច្នេះ ៖ «នីតិ​រដ្ឋ​មិន​មែន​គ្រាន់​តែ​មាន​ច្បាប់​ទេ ហើយ​ដែល​ច្បាប់​នោះ ធ្វើ​ឲ្យ​អាច​អនុវត្ត​ទៅ​រំលោភ​លើ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ គេ​មិន​ហៅ​ថា​នីតិ​រដ្ឋ​ទេ»

គួរ​បញ្ជាក់​ជូន​ថា សេចក្ដី​ព្រាង​ក្រម​ព្រហ្មទណ្ឌ​មាន​៦​គន្ថី ១២​មាតិកា ៥០​ជំពូក និង​៦៧២​មាត្រា ហើយ​រដ្ឋ​សភា​បាន​ចាប់​ផ្ដើម​ពិភាក្សា​តាំង​ពី​ថ្ងៃ​ទី​១ តុលា រហូត​មក​ដល់​ថ្ងៃ​ទី​១២ តុលា រដ្ឋ​សភា​ក៏​បាន​អនុម័ត​សេចក្ដី​ព្រាង​ក្រម​ព្រហ្មទណ្ឌ​នេះ​ទាំង​មូល។

លោកស្រី មូរ សុខហួរ បាន​បញ្ជាក់​បន្ថែម​ថា គ្មាន​ផ្នែក​ណា​មួយ​នៃ​សេចក្ដី​ព្រាង​ក្រម​ព្រហ្មទណ្ឌ​នេះ ត្រូវ​កែប្រែ​ឡើយ សូម្បី​តែ​ពាក្យ​មួយ​ម៉ាត់​ដែល​នាំ​ឲ្យ​មាន​ការ​បារម្ភ​ខ្លាំង​ទៅ​លើ​ចំណុច​មួយ​ចំនួន៕