សហជីព​កម្មករ​ទាមទារ​កែ​ចំណុច​ខ្លះ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​សហជីព

សហភាព​សហជីព​កម្មករ​ចំនួន ៥ បាន​ជួប​ជុំ​គ្នា​ពិភាក្សា​បន្ថែម​មតិ និង​ទាមទារ​កែ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​មាត្រា​នៃ​សេចក្ដី​ព្រាង​ច្បាប់​សហជីព ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ឡើង ហើយ​បញ្ជូន​ឲ្យ​គណៈរដ្ឋមន្ត្រី​ពិភាក្សា និង​សម្រេច។

២៥-កក្កដា-២០១០: ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដឹក​នាំ​កម្មករ​ទាម​ទារ​សុំ​ដំឡើង​ប្រាក់​ខែ នៅ​ខាង​មុខ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ។
២៥-កក្កដា-២០១០: ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដឹក​នាំ​កម្មករ​ទាម​ទារ​សុំ​ដំឡើង​ប្រាក់​ខែ នៅ​ខាង​មុខ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ។ (RFA/Tin Zakariya)

0:00 / 0:00

សហជីព​តំណាង​ឲ្យ​កម្មករ​និយោជិត​ជា​ច្រើន​ម៉ឺន​នាក់​នៅ​កម្ពុជា មាន​គម្រោង​ប្រឆាំង​តវ៉ា​ចំពោះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បើ​សិន​ជា​ចំណុច​មួយ​ចំនួន​ដែល​សហជីព​ទាមទារ​ឲ្យ​មាន​ការ​កែ​សម្រួល​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​សហជីព ត្រូវ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មិន​ទទួល​យក។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ថា សេចក្ដី​ព្រាង​ច្បាប់​សហជីព​របស់​កម្ពុជា គឺ​មាន​លក្ខណៈ​ចង្អៀត រឹត​បន្តឹង​សេរីភាព សកម្មភាព​សហជីព បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ៖ «ពេល​ដែល​យើង​បាន​ឃើញ​ច្បាប់​កម្មករ ច្បាប់​សហជីព​នៅ​ជប៉ុន យើង​ឃើញ​ថា ទូលាយ មាន​ការ​ធានា​ទៅ​ដល់​សេរីភាព​សហជីព​កម្មករ បើ​ធៀប​មក​សេចក្ដី​ព្រាង​ច្បាប់​នៅ​កម្ពុជា យើង​ឃើញ​ថា ផ្ទុយ​ស្រឡះ​គ្នា​មែន​ទែន»

លោក រ៉ុង ឈុន បាន​លើក​ឡើង​ថា តំណាង​សហជីព​ធំៗ​នៅ​កម្ពុជា ដែល​មាន​សមាជិក​សហជីព​ចំនួន​ច្រើន មាន​គម្រោង​មិន​ទទួល​យក​ច្បាប់​សហជីព​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ចលនា​សហជីព​នៅ​កម្ពុជា​ឡើយ។

លោក សោម អូន ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មាន​ចំណុច​ខ្លះ​លោក​យល់​ថា សេចក្ដី​ព្រាង​ច្បាប់​សហជីព​នេះ​មាន​ការ​គាប​សង្កត់​មក​លើ​កម្មករ និយោជិត​ដែល​ចង់​បង្កើត​សហជីព។ ក្នុង​នោះ​រួម​មាន ការ​កំណត់​កម្រិត​វប្បធម៌​របស់​សមាជិក​ស្ថាបនិក គឺ​អ្នក​បង្កើត និង​ដឹកនាំ​សហជីព​ចាំបាច់​ត្រូវ​មាន​កម្រិត​វប្បធម៌​ទាប​បំផុត​ថ្នាក់​ទី​៩។ ទី​២ ការ​បង្កើត​សហជីព​នៅ​ទី​កន្លែង​ណា​មួយ​បាន ទាល់​តែ​មាន​មនុស្ស ២០% នៃ​ចំនួន​កម្មករ បុគ្គលិក​ទាំង​អស់​នៃ​រោងចក្រ ឬ​សហគ្រាស​នោះ​ចូល​រួម ទើប​បាន​អាច​បង្កើត​សហជីព​បាន។ ទី​៣ ការ​ព្យួរ​បញ្ជី​ការ​សហជីព គឺ​កាលណា​សហជីព​មាន​សកម្មភាព​ដែល​អាជ្ញាធរ​យល់​ថា មិន​ត្រឹមត្រូវ ក្រសួង​អាច​ព្យួរ​ផ្អាក​ការងារ​សហជីព​បាន។

លោក សោម អូន មាន​ប្រសាសន៍​បន្ថែម ៖ «បើ​សិន​ជា​សហជីព​គាត់​ធ្វើ​កូដកម្ម​ខុស​នីតិវិធី​អី​នោះ គឺ​ថា នៅ​ក្នុង​ច្បាប់​នោះ​គេ​នឹង​ព្យួរ​គាត់ ១​ដង​ព្យួរ ៣​ខែ ៦​ខែ រហូត​ដល់ ៣​ដង ៣២​ខែ ហើយ​អាច​លុប​បញ្ជី​តែម្ដង។ យើង​អាច​និយាយ​ថា អាច​រំលាយ។ អ៊ីចឹង​ចំណុច​ទាំង​អស់​នេះ គឺ​ជា​ចំណុច​សំខាន់​ដែល​សហជីព​មាន​ការ​បារម្ភ ហើយ​យើង​បាន​ស្នើ​ដាក់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​របស់​យើង»

ចំណែក​លោកស្រី ម៉ម ញ៉ឹម ប្រធាន​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​សហជីព យោង​តាម​សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​ការ​លំបាក។ ការ​លំបាក​ទាំង​នោះ​មាន​ជា​អាទិ ការ​បង្កើត​សហជីព​បាន​ទាល់តែ​មាន​ការ​យល់​ព្រម​ពី​ម្ចាស់​រោងចក្រ ឬ​និយោជក ការ​កំណត់​លើ​ការ​បង់​វិភាគទាន ការ​ដាក់​ទោស​លើ​សមាជិក និង​អ្នក​ដឹកនាំ​សហជីព​ជាដើម។

លោកស្រី ម៉ម ញ៉ឹម បាន​មាន​ប្រសាសន៍​ថា សហជីព​គឺ​បង្កើត​ឡើង​ដើម្បី​ជួយ​កម្មករ ហើយ​បើ​សិន​ជា​ច្បាប់​ចង​សកម្មភាព​សហជីព​បែប​នេះ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ ៖ «ធម្មតា​ការ​ធ្វើ​ច្បាប់​សហជីព​មាន​តែ​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​កម្មករ​គាត់​មាន​សេរីភាព​ក្នុង​ការ​បង្កើត និង​ការពារ​ផល​ប្រយោជន៍​របស់​ពួកគាត់ ហើយ​ក្នុង​ករណី​ធ្វើ​ច្បាប់​នោះ​ទៅ កាន់​តែ​ធ្វើ​បាប​កម្មករ កាន់​តែ​ធ្វើ​ឲ្យ​សហជីព​អត់​សិទ្ធិ​នោះ មិន​មែន​ហៅ​ច្បាប់​សហជីព​ទេ»

ចំពោះ​ការ​មិន​សប្បាយ​ចិត្ត​របស់​តំណាង​សហភាព​សហជីព​មួយ​ចំនួន​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នេះ មាន​ចំណុច​មួយ​ចំនួន​ហាក់​មាន​លក្ខណៈ​ស្រដៀង​គ្នា។ តែ​ចំពោះ​សកម្មភាព​ថា តើ​ធ្វើ​យ៉ាង​ណា​បើ​សិន​ជា​ច្បាប់​សហជីព​នេះ​បាន​ត្រូវ​រដ្ឋ​សភា​អនុម័ត​ដោយ​មិន​មាន​បញ្ចូល​ការ​ទាមទារ​កែប្រែ​របស់​តំណាង​សហជីព​នានា​នោះ គឺ​នៅ​មិន​ទាន់​មាន​ការ​ច្បាស់លាស់ និង​ឯកភាព​គ្នា​នៅ​ឡើយ​ទេ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិន​ទទួល​យក និង​កែប្រែ​ចំណុច​មួយ​ចំនួន​តាម​ការ​ទាមទារ​របស់​សហជីព​នានា​នោះ សហជីព​នានា​នឹង​រួម​គ្នា​ចាត់​វិធានការ​ប្រឆាំង​មួយ​ចំនួន។

លោក​បន្ត​ថា ៖ «បើ​សិន​ជា​មិន​បាន​ដាក់​បញ្ចូល​សំណើ​របស់​សហជីព​ទៅ​ក្នុង​សេចក្ដី​ព្រាង​សហជីព​ទេ​នោះ ទី​១ ខាង​ភាគី​សហជីព​មិន​ស៊ីញ៉េ​គាំទ្រ​ការ​បញ្ជូន​ច្បាប់​នោះ​ទៅ​គណៈរដ្ឋមន្ត្រី​ទេ។ ទី​២ យើង​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​ទៅ​ដល់​អង្គការ​ជាតិ អន្តរជាតិ និង​អង្គទូត​នានា ដើម្បី​ដាក់​ការ​គាប​សង្កត់​ទៅ​លើ​រដ្ឋាភិបាល។ ទី​៣ គឺ​យើង​ធ្វើ​យុទ្ធនាការ​ធំ គឺ​ឈាន​ទៅ​ធ្វើ​មហា​បាតុកម្ម កូដកម្ម​ទូទាំង​ប្រទេស​តែម្ដង»

ប៉ុន្តែ​ចំពោះ​លោក សោម អូន ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​វិញ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​គិត​ថា ត្រូវ​មាន​ប្រតិកម្ម និង​ត្រូវ​ធ្វើ​យ៉ាង​ណា​នៅ​ឡើយ​ទេ គឺ​រង់ចាំ​មើល​លទ្ធផល​ពី​ក្រសួង​ការងារ​ជា​មុន​សិន ថា​តើ​សំណើ​សុំ​កែប្រែ​របស់​សហជីព​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នោះ តើ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទទួល​យក​កម្រិត​ណា។

ចំពោះ​លោកស្រី ម៉ម ញ៉ឹម វិញ លោកស្រី​បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​មិន​មាន​ការ​កែប្រែ​ទេ សហជីព​ត្រូវ​រួម​គ្នា​តវ៉ា ៖ «ហើយ​បើ​សិន​ណា​អត់​មាន​បញ្ចូល​មតិ​សហជីព​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ទេ​នោះ អ៊ីចឹង​ប្រហែល​ជា​សហជីព​យើង​ត្រូវ​ដោះស្រាយ​អី​ផ្សេងៗ​ទៀត ដែល​សហព័ន្ធ​សហជីព​យើង​រួម​គ្នា​ធ្វើ»

លោក សាត សមុទ្ទ អនុ​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​កាន់​ការងារ​សេចក្ដី​ព្រាង​ច្បាប់​សហជីព បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ថា ការ​ពិភាក្សា និង​កែ​សម្រួល​រវាង​តំណាង​សហជីព​នានា​ជាមួយ​តំណាង​ក្រសួង​នេះ បាន​កើត​មាន​ជា​ច្រើន​លើក​មក​ហើយ ទោះ​បី​ជា​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហើយ​ក៏ដោយ ក៏​លោក​ត្រៀម​ទទួល​យក​ការ​ទាមទារ​កែ​សម្រួល​បន្ថែម​ទៀត បើ​សិន​ជា​ការ​ទារ​កែ​នោះ​មាន​ភាព​ចាំបាច់។

លោក​បន្ត​ដូច្នេះ ៖ «អត់​អី​ទេ អា​ហ្នុង​យើង​ខ្ញុំ​កំពុង​ព្រាង​ដែរ​ទេ នៅ​ត្រង់​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ យើង​អាច​នៅ​កែ​បាន​នៅ​ឡើយ​ទេ។ បើ​សិន​ជា​មាន​ការ​ចាំបាច់​ណា​ទៀត​នោះ អា​ហ្នឹង​ក្រសួង​នៅ​កែ​បាន វា​មិន​ទាន់​ចេញ​ឯ​ណា»

លោក សាត សមុទ្ទ បាន​បន្ថែម​ថា ការ​ទាមទារ​កែ​នោះ ជា​សិទ្ធិ​របស់​តំណាង​សហជីព​ដែល​ក្រសួង​តែង​តែ​ទទួល​យក​ជានិច្ច។

សហភាព​សហជីព​ធំៗ​ទាំង ៥ ដែល​បាន​ចូល​រួម​ប្រជុំ​ពិភាក្សា​លើក​សំណើ​សុំ​កែ​ខ្លឹមសារ​ខ្លះ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នៅ​ពេល​នេះ មាន​មនុស្ស​ចូល​រួម​ប្រមាណ ៥០​នាក់។ សហភាព​សហជីព​ទាំង ៥ នោះ រួម​មាន​សហភាព​សហជីព​កម្ពុជា របស់​លោក រ៉ុង ឈុន សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា របស់​លោកស្រី ម៉ម ញ៉ឹម សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា របស់​លោក សោម អូន សហព័ន្ធ​សហជីព​ខ្មែរ​របស់​លោក ជួន មុំថុល និង​សហភាព​ការងារ​កម្ពុជា របស់​លោក អាត់ ធន់។

សេចក្ដី​ព្រាង​ច្បាប់​សហជីព មាត្រា​២ បាន​ចែង​ថា ច្បាប់​នេះ​មាន​គោលដៅ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​កម្មករ និយោជិត និង​និយោជក ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចរចា​ជា​សមូហភាព​រវាង​កម្មករ និយោជិត និង​និយោជក លើក​កម្ពស់​ទំនាក់ទំនង​វិជ្ជាជីវៈ លើក​កម្ពស់​ការ​សិក្សា​អប់រំ និង​ចំណេះ​ដឹង​ដល់​និយោជិត ធានា​បាន​នូវ​ការងារ សន្តិសុខ​ការងារ និង​អភិវឌ្ឍន៍​ជាតិ៕