ការនិយាយថាសក្ខីកម្មប្លែកត្រចៀក ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស-២១ ធ្វើឡើងក្នុងការឆ្លើយតបមួយ ទៅស្រ្តីដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ជុំ នៅ ដែលជាអតីតអ្នកទោសមួយរូប បន្ទាប់ពីថ្លែងប្រាប់អង្គជំនុំជម្រះថា ឌុច បានដកកាំភ្លើងខ្លីភ្ជង់អ្នកស្រី។
ក្នុងពេលអនុញ្ញាតឲ្យឡើងកត់សម្គាល់សក្ខីកម្មរបស់ដើមបណ្តឹងរដ្ឋប្បវេណី ជនជាប់ចោទ ឌុច បាននិយាយទៅកាន់អង្គជំនុំជម្រះដូច្នេះ ៖ «រឿងខ្ញុំប្លែកត្រចៀក ប្លែកពីការចងចាំ មាន ៣កន្លែង ដោយឡែក ពេលដែលអ្នកស្រី ជុំ នៅ មានប្រសាសន៍ថា ខ្ញុំឲ្យគេអញ្ជើញអ្នកស្រីមក ហើយយកកាំភ្លើងភ្ជង់សៀតផ្កាពីរឿងរត់ មិនមែនទេ។ គឺខ្ញុំមិនដែលបានភ្ជង់កាំភ្លើងអ្នកណារបៀបនេះទេ។ កូនចៅខ្ញុំមានច្រើនណាស់ សម្រាប់ចាប់ចងសម្រាប់ព្រមានអ្នកផ្សេងទៀត។ ខ្ញុំអត់ដែលធ្វើដោយដៃខ្ញុំទេ»។
សក្ខីកម្មដែលជនជាប់ចោទ ឌុច បដិសេធ គឺធ្វើឡើងដោយដើមបណ្តឹងរដ្ឋប្បវេណី ជុំ នៅ អតីតអ្នកទោសមន្ទីរស-២១ មួយរូប ក្រោមការគ្រប់គ្រងរបស់ជនជាប់ចោទ ឌុច កាលពីក្នុងរបបខ្មែរក្រហម។
នៅក្នុងអង្គសវនាការ អ្នកស្រី ជុំ នៅ ប្រាប់ចៅក្រមជំនុំជម្រះដូច្នេះថា ៖ «មុននឹងគាត់សួរហ្នឹង គឺគាត់ដកកាំភ្លើងខ្លីរួចទៅហើយ ប៉ុន្តែកាំភ្លើងខ្លីហ្នឹងខ្ញុំបានឃើញបើកសោរទេ។ គឺដកចេញពីចង្កេះភ្ជង់យើងភ្លាម»។
អ្នកស្រី ជុំ នៅ ដែលអះអាងចំពោះមុខអង្គសវនាការថា ជាអតីតកម្មាភិបាលយោធាមួយរូប បានថ្លែងដោយក្តីខ្សឹកខ្សួលថា ដោយសាររបបខ្មែរក្រហម អ្នកស្រីបានបាត់បង់ប្តីនិងកូនជាទីស្រឡាញ់របស់អ្នកស្រី។ អ្នកស្រីថ្លែងថា ប្តីរបស់អ្នកស្រីឈ្មោះ នូ សាមឿន ហៅ សែម ត្រូវចាប់ពីមន្ទីរភ័ស្តុភាសេនាធិការកងទ័ពខ្មែរក្រហម យកមកមន្ទីរ ស-២១ ឆ្នាំ១៩៧៧។
បើទោះជាមានការបដិសេធផ្នែកខ្លះនៃសក្ខីកម្មរបស់អ្នកស្រី ជុំ នៅ ក៏ដោយ ក៏ជនជាប់ចោទ ឌុច ទទួលស្គាល់ថា ប្តីរបស់អ្នកស្រី ជុំ នៅ ពិតជាត្រូវចាប់ខ្លួនបញ្ជូនមកមន្ទីរ ស-២១ មែន ៖ «ខ្ញុំទទួលស្គាល់ពេញលេញថា លោក នូ សាមឿន ឬ លោក នូ មឿន ពិតជាទៅរងគ្រោះ ហើយស្លាប់បាត់បង់ជីវិតនៅ ស-២១ ជាប្រាកដ»។
អ្នកស្រី ជុំ នៅ ក្នុងវ័យ ៦២ឆ្នាំ ប្រាប់តុលាការថា បានក្លាយជាអ្នកទោសនៅមន្ទីរស-២៤ ជាសាខារបស់មន្ទីរ ស-២១ ពីឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៧៩។
អ្នកស្រីមានការប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ដោយហេតុថា ក្រោយរបបខ្មែរក្រហម អ្នកស្រីបាត់បង់ប្តីនិងកូន ហើយអ្នកស្រីមិនអាចទទួលការសុំទោសរបស់ជនជាប់ចោទ ឌុច បានទេ៕