មេធាវី ឌុច តវ៉ា​ជំទាស់​នឹង​ការ​ស្នើ​ឲ្យ​ទទួល​ស្គាល់​ភាពយន្ត​ឯកសារ​អំពី​គុក​ទួលស្លែង

សវនាការ​បឋម​របស់​សាលាក្តី​ខ្មែរ​ក្រហម បាន​បញ្ចប់​ដំណើរការ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​បាន​បើក​កិច្ច​ប្រជុំ​ចំនួន​២​ថ្ងៃ​រួច​មក។

0:00 / 0:00

សវនាការ​បឋម​របស់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​២ ដែល​ផ្តោត​ការ​ពិភាក្សា​សំខាន់​លើ​ការ​ស្នើសុំ​របស់​សហ​ព្រះ​រាជ​អាជ្ញា ឱ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ទទួល​ស្គាល់​ឯកសារ​ភាពយន្ត​ថ្មី ទាក់ទង​នឹង​មន្ទីរ ស​-២១ ដែល​ខ្លួន​ទើប​ទទួល​បាន​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បញ្ចប់​ទៅ​ដោយ​ការ​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំង​ក្លា​ពី​សហ​មេធាវី​ការពារ​ក្តី​របស់ ឌុច។

លោក កា សាវុទ្ធ សហ​មេធាវី​ជាតិ​កម្ពុជា ដែល​ការពារ​ក្តី​ឲ្យ ឌុច បាន​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ឯកសារ​ភាពយន្ត​ពីរ​ឈុត ថត​ដោយ​អ្នក​កាសែត​វៀតណាម នៅ​ដើម​ឆ្នាំ​១៩៧៩ ដែល​សហ​ព្រះ​រាជ​អាជ្ញា​ស្នើ​សុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ទទួល​ស្គាល់​នោះ ថា​ជា​ឯកសារ​ភាពយន្ត​ប្រឌិត​ឡើង​តាម​បែប​នយោបាយ ហើយ​លោក​បន្ថែម​ថា មិន​ត្រូវ​ឱ្យ​នយោបាយ​ចូល​ជ្រៀត​ជ្រែក​ក្នុង​រឿង​ក្តី​នេះ​ទេ។

នៅ​ក្រោយ​សវនាការ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ទទួល​បាន​ឯកសារ​ភាពយន្ត​នេះ​ពី​ប្រទេស​វៀតណាម មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក កា សាវុទ្ធ ខាង​លើ​ថា រឿង​សំខាន់​គឺ​ការ​ពិត​ដែល​បង្ហាញ​នៅ​ក្នុង​ភាពយន្ត​នោះ ដូចជា​អំពី​ទិដ្ឋភាព​ទីតាំង​មន្ទីរ ស​-២១ អំពី​កុមារ នង ចាន់ផល ជាដើម។

លោក ឆាំង យុ មាន​ប្រសាសន៍​ដូច្នេះ ៖ «ទិដ្ឋភាព​កន្លែង​ដូចជា រូបភាព​គុក រូបភាព​កូន​ក្មេង ... វា​មិន​មែន​ទាក់ទង​នឹង​នយោបាយ វា​ជា​ការ​ពិត។ យើង​មិន​ត្រូវ​ធ្វើ​នយោបាយ​ទៅ​លើ​ការ​ពិត។ ការពិត​គឺ​មាន [នង] ចាន់ផល មាន​ឪពុក​ជាប់​គុក​នៅ​ក្នុង​ហ្នឹង ម្ដាយ​ជាប់​គុក​នៅ​ក្នុង​ហ្នឹង ហើយ​បាន​ស្លាប់ ហើយ​ខ្លួន​ឯង​ក៏​នៅ​ក្នុង​ហ្នឹង​ដែរ។ ហ្នឹង​ជា​ការពិត»

ចំណុច​សំខាន់ ដែល​សហ​មេធាវី​ការពារ​ក្តី​លើក​ឡើង​ដើម្បី​ជំទាស់​នឹង​ភាពយន្ត​ឯកសារ​នោះ មាន ៨​ចំណុច ដូចជា​ការ​ថត​ខុស​ទិស​ច្រក​ទ្វារ, ស្លាក​សញ្ញា​ក្លោង​ទ្វារ​ចូល, ការ​មិន​មាន​រោង​ជាង​ដូច​សព្វ​ថ្ងៃ, មិន​មាន​អាង​ទឹក​នៅ​ក្បែរ​ច្រក​ទ្វារ​ចូល, រូបភាព​និង​ចំនួន​ខុស​គ្នា​អំពី​សាកសព​ជន​រង​គ្រោះ ដែល​បន្សល់​ទុក, ការ​មាន​តែ​រូប​កូន​ក្មេង និង​មិន​មាន​អ្នក​នៅ​រស់​ជា​មនុស្ស​ចាស់, រូបភាព​ដែល​ក្មេង​មាន​សុខភាព​ល្អ ដែល​មិន​អាច​ទទួល​យក​បាន និង​ទី​៨ ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​អ្នក​ទោស​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ឆាំង យុ មាន​ប្រសាសន៍​បន្ថែម​ថា អ្វី​ៗ​គឺ​សម្រេច​នៅ​លើ​ចៅក្រម​នៃ​អង្គ​ជំនុំ​ជម្រះ។

សូម​បញ្ជាក់​ជូន​ថា នៅ​ចុង​បញ្ចប់​នៃ​សវនាការ​បឋម​នេះ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​កត់​សម្គាល់​ថា ការ​ពិចារណា​ការ​ស្នើ​សុំ​របស់​សហ​ព្រះ​រាជ​អាជ្ញា​និង​ការ​ជំទាស់​របស់​សហ​មេធាវី​ការពារ​ក្ដី​អំពី​ឯកសារ​ថ្មី​នេះ​នឹង​លើក​យក​ទៅ​ពិចារណា​នៅ​ក្នុង​ពេល​ធ្វើ​សវនាការ​លើ​អង្គ​សេចក្ដី​នៃ​ករណី​របស់ ឌុច ប៉ុន្តែ​កាល​បរិច្ឆេទ​នៃ​សវនាការ​លើ​អង្គ​សេចក្ដី​នៃ​ករណី​របស់ ឌុច នេះ អង្គ​សវនាការ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ ដោយ​សាលាដំបូង​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ពេល​ខាង​មុខ៕