មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម៖ មនុស្ស​ជាង​១​ម៉ឺន​២​ពាន់​នាក់​ចូលរួម​មើល​ការកាត់​ក្តី ឌុច

មន្រ្តី​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ជាង​១​ម៉ឺន​២​ពាន់​នាក់​ចូលរួម​មើល​ការកាត់​ក្តី​របស់ ឌុច នៅ​ក្នុង​សាល​សវនាការ​សាលា​ក្ដី​ខ្មែរ​ក្រហម​នា​ទីក្រុង​ភ្នំពេញ។

0:00 / 0:00

ចំនួន​អ្នក​ចូលរួម​ខាង​លើ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែ​កក្កដា។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន លោក រាជ សម្បត្តិ បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ចំនួន​អ្នក​ចូលរួម​ជាង​១​ម៉ឺន​២​ពាន់​នាក់​នេះ គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០០៩​មក។

លោក រាជ សម្បត្តិ ថ្លែង​បន្ថែម​ដូច្នេះ ៖ «តាំង​ពី​នោះ​មក​យើង​ឃើញ​ចំនួន​ប្រជាជន​គាត់​កើន​រហូត ហើយ​គាត់​បាន​ចូលរួម​យ៉ាង​ច្រើន ដោយ​ឡែក​យើង​យល់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ពិសេស​វិទ្យុ​គឺ​មាន​សមត្ថភាព​ខ្លាំង​មែនទែន​ក្នុង​ការជំរុញ​ឲ្យ​មាន​ការចូលរួម​ពី​ប្រជាជន​កម្ពុជា។ ដោយ​ឡែក​មន្រ្តី​ផ្នែក​កិច្ចការ​សាធារណៈ​យើង​ពីរ​រូប គឺ​លោក សុវណ្ណរុំ និង​លោក វិចិត្រ គាត់​បាន​បន្ត​កិច្ចការ​របស់​គាត់ ដូច​ជា​យប់​មិញ​អ៊ីចឹង គាត់​បាន​ទៅ​ស្នាក់​នៅ​ខេត្ត​កំពង់ធំ ហើយ​គាត់​បាន​នាំ​ប្រជាជន​មក ថ្វី​ត្បិត​តែ​វា​មាន​ចម្ងាយ​ឆ្ងាយ ប៉ុន្តែ​ពួក​គាត់​បាន​ធ្វើ​កិច្ចការ​នេះ​ប្រកប​ទៅ​ដោយ​ជោគជ័យ»

នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​កក្កដា​ដែរ នៅ​សាលា​សវនាការ យើង​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ច្រើន​កុះករ​មក​ចូល​រួម​ទស្សនា​ការជំនុំ​ជម្រះ​រឿង​ក្តី​របស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង ដែល​ជាប់​ចោទ​ថា​បាន​បញ្ជា​ឲ្យ​សម្លាប់​អ្នក​ទោស​ជាង​១​ម៉ឺន​នាក់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩។

ការឆ្លុះ​បញ្ចាំង​អំពី​ចំនួន​អ្នក​ចូលរួម​ខាង​លើ លោក រាជ សម្បត្តិ មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​រីករាយ យើង​ឃើញ​ថា​ប្រជាជន​កម្ពុជា​មាន​ការចាប់​អារម្មណ៍​ច្រើន​ក្នុង​រឿង​ក្តី​នេះ»

លោក រាជ សម្បត្តិ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ច្រើន​កុះករ​ដែល​មក​ចូលរួម​ទស្សនា​ការជំនុំ​ជម្រះ​រឿង​ក្តី​របស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​កក្កដា គឺ​មាន​ចំនួន​ជាង​៤០០​នាក់​មក​ពី​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។

ក្នុង​ចំណោម​អ្នក​ចូលរួម​៤០០​នាក់​ដែល​មក​ពី​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​នោះ លោក ហួត ឈាងកាំង ជា​អ្នក​ធ្លាប់​រៀន​ជាមួយ ឌុច កាលពី​ឆ្នាំ​១៩៥៨ មាន​ឱកាស​ជូន ឌុច ត្រឹម​តែ​ម្ខាង​ជញ្ជាំង​កញ្ចក់​ប៉ុណ្ណោះ។

លោក ហួត ឈាងកាំង កត់​សម្គាល់ ឌុច ដូច្នេះ ៖ «ខុស​ប្លែក​បន្តិច​ទេ ត្រង់​ថា​និយាយ​ម៉ឺងម៉ាត់ ពីព្រោះ​មុន​នេះ​គេ​ហៅ​មនុស្ស​ញី ដល់​ឥឡូវ​អត់​ទេ រាង​ម៉ឺងម៉ាត់។ ឃើញ​គាត់​នៅ​នេះ​ខ្ញុំ​ស៊ីញ៉ូ ស្រាប់តែ​ស្ទុះ​មក​តែម្ដង ជួប​នឹង​កញ្ចក់»

សូម​ជម្រាប​ឡើង​វិញ​ដែរ​ថា ការជំនុំ​ជម្រះ​ក្ដីរបស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច សាលា​ក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​ធ្វើ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៩៕