ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម លោក និល ណុន បានសម្រេចកាត់ទោសនេះ ពីបទល្មើសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួមមានការសម្លាប់រង្គាល និងការធ្វើឲ្យទៅជាទាសករ។ ការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ រួមមានការធ្វើមនុស្សឃាតដោយចេតនា និងការធ្វើទារុណកម្ម ឬការធ្វើបាបដោយអមនុស្សធម៌។
ទោះបីណាយ៉ាងណាក៏ដោយ តុលាការខ្មែរក្រហមបានសម្រាលទោស ឌុច ចំនួន ៥ឆ្នាំ ដោយសារមានការរំលោភលើសិទ្ធិរបស់ ឌុច ក្នុងអំឡុងពេលឃុំខ្លួនខុសនីតិវិធីរបស់តុលាការយោធាកម្ពុជា ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ រហូតដល់ថ្ងៃទី៣០ កក្កដា ឆ្នាំ២០០៧។ តុលាការខ្មែរក្រហមបានសម្រេចទូទាត់នូវរយៈពេលឃុំខ្លួនរបស់ ឌុច ចាប់ពីខែឧសភា ឆ្នាំ១៩៩៩ ដល់ការប្រកាសសាលក្រមចូលជាស្ថាពរ សរុបមក ឌុច នឹងជាប់ពន្ធនាគារប្រហែល ១៩ឆ្នាំ។
ឆ្លើយតបនឹងដើមបណ្ដឹងរដ្ឋប្បវេណី អង្គជំនុំជម្រះបានសម្រេចចងក្រងពាក្យសម្ដីសុំអភ័យទោស និងការទទួលស្គាល់នូវការទទួលខុសត្រូវ ចំពោះការប្រព្រឹត្តរបស់ ឌុច នៅឯមន្ទីរ ស-២១ ដាក់លើគេហទំព័ររបស់សាលាក្ដីក្នុងរយៈពេល ១៤ថ្ងៃ។ ប៉ុន្តែសាលាក្ដីខ្មែរក្រហមបដិសេធការទាមទារផ្សេងទៀតរបស់ដើមបណ្ដឹងរដ្ឋប្បវេណី។
សហព្រះរាជអាជ្ញាកម្ពុជា លោកស្រី ជា លាង ប្រាប់អ្នកយកព័ត៌មានថា ទោះបីសហព្រះរាជអាជ្ញាស្នើឲ្យតុលាការកាត់ទោស ឌុច ៤០ឆ្នាំក៏ដោយ សហព្រះរាជអាជ្ញានៅមិនទាន់មានប្រតិកម្មចំពោះសាលក្រមនេះនៅឡើយទេ។ ជនរងគ្រោះដែលបានទៅទស្សនាការប្រកាសសាលក្រមនេះ ខ្លះបានសម្ដែងការគាំទ្រ និងខ្លះទៀតមិនគាំទ្រសាលក្រមនេះទេ។
លោក អ៊ុំ កាន អាយុ ៥៨ឆ្នាំមកពីខេត្តកំពង់ស្ពឺ ដែលបានមកស្ដាប់ការប្រកាសសាលក្រមមានប្រសាសន៍ថា លោកពេញចិត្តចំពោះការកាត់ទោសនេះ ពីព្រោះវាធ្ងន់សមល្មមចំពោះ ឌុច ដែលមានវ័យ ៦៧ឆ្នាំទៅហើយនេះ។
អតីតអ្នកទោសក្នុងមន្ទីរ ស-២១ លោក ជុំ ម៉ី បានប្រាប់អ្នកយកព័ត៌មានក្រោយពេលប្រកាសសាលក្រមថា លោកមិនទទួលយកការកាត់ទោស ឌុច ទេ ពីព្រោះលោកទាមទារឲ្យតុលាការខ្មែរក្រហមកាត់ទោស ឌុច ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
សាលក្រមតុលាការខ្មែរក្រហម នឹងចូលជាធរមានក្នុងរយៈពេល ៣០ថ្ងៃចាប់ពីថ្ងៃប្រកាសសាលក្រមនេះតទៅ ប្រសិនបើគ្មានបណ្ដឹងឧទ្ធរណ៍៕