ក្រុមអធិការកិច្ចរបស់អគ្គិសនីកម្ពុជា (EDC) នៅថៃ្ងអង្គារនេះបានចុះមកស្រាវជ្រាវរកឃើញថាគេហដ្ឋានដ៏ស្តុកស្តម្ភរបស់លោកឧកញ៉ា ដួង ឈីវ នៅវិថី២០៤ ឧកញ៉ា ឈុន បានកែច្នៃកុងទ័រចរន្តអគ្គិសនីធ្វើឲ្យ EDC ខាតបង់ចំណូលមួយខែៗរាប់សិបម៉ឺនរៀល។
ក្រុមអធិការកិច្ចរបស់អគ្គិសនីកម្ពុជា ឬ EDC បានចោទប្រកាន់នឹងរកឃើញថាគេហដ្ឋានមួយនៅក្នុងទីក្រុងភ្នំពេញដែលគេស្គាល់ថាជារបស់លោកឧកញ៉ា ដួង ឈីវ បានលួចកែច្នៃកុងទ័រប្រើប្រាស់ចរន្តអគ្គិសនីកម្ពុជាអស់រយៈពេលរវាងពី៦ខែទៅ៧ខែកន្លងមកហើយបណ្តាលឲ្យ EDC រងការខាតបង់ចរន្តអគ្គិសនីប្រើប្រាស់ចំនួនប្រមាណ៨០ម៉ឺនរៀលក្នុងមួយខែៗពីគេហដ្ឋានមួយនេះ។
ប្រភពពីមន្រ្តីអធិការកិច្ចរបស់ EDC ដែលបានចុះស្រាវជ្រាវដោយផ្ទាល់នឹងបានធ្វើកំណត់ហេតុនៅគេហដ្ឋានរបស់អតិថិជនឈ្មោះ សាត ណាវី ដែលគេស្គាល់ថាជាគេហដ្ឋានរបស់លោកឧកញ៉ា ដួង ឈីវ បានឲ្យដឹងថា គេហដ្ឋាននេះបានលួចកែច្នៃកុងទ័រប្រើប្រាស់ចរន្តអគ្គិសនីនោះធ្វើឲ្យ EDC រងការខាតបង់ចរន្តអគ្គិសនីរវាងពី១០០០ទៅ២០០០គីទ្បូវ៉ាត់ម៉ោងស្មើនឹងតម្លៃជាប្រាក់ប្រមាណ៨០ម៉ឺនរៀលក្នុងខែៗ។
លោក ជា ស៊ីនហែល ជានាយកផែ្នកចែកចាយនៃចរន្តអគ្គិសនីរបស់ EDC ដែលបានដឹកនាំកម្លាំងអធិការកិច្ចចុះមកស្រាវជ្រាវនឹងធ្វើកំណត់ហេតុនៅប្រអប់ប្រើប្រាស់ចរន្តអគ្គិសនីលេខ៣១០នៅខាងមុខគេហដ្ឋានរបស់លោកឧកញ៉ា ដួង ឈីវ នោះ បានមានប្រសាសន៍ថា តំណាងគ្រួសារបានព្យាយាមមិនទទួលខុសត្រូវឬគេចវេសពីការចុះហត្ថលេខាទទួលខុសត្រូវចំពោះទង្វើដែលក្រុមអធិការកិច្ចបានចុះស្រាវជ្រាវរកឃើញ។
លោកបានបន្តថា ក្រោយមកទើបមានកិច្ចសហការពីតំណាងគ្រួសារឬតំណាងគេហដ្ឋាននេះ ៖ «កុងទ័រមានការកែច្នៃ កែច្នៃហ្នឹងគឺប្រហាក់ប្រហែល៦-៧ខែកន្លងមកហើយ អ៊ីចឹងយើងមិនទាន់ចោទថានរណាជាអ្នកឃុបឃិតទេ ឲ្យឃើញស្ថានភាពហ្នឹងជាបឋមសិន»។
លោកបានបញ្ជាក់ថា ជំហានបន្ទាប់គឺកសាងសំណុំរឿងនេះដើម្បីចាត់ការតាមផ្លូវច្បាប់ឬបទបញ្ញត្តិរបស់អាជ្ញាធរដែលមានជាធរមាន។
លោកឧកញ៉ា ដួង ឈីវ ជាប្រធានសមាគមចិននៅទូទាំងប្រទេសកម្ពុជានៅពេលដែលវិទ្យុអាស៊ីសេរីទាក់ទងតាមទូរស័ព្ទដើម្បីសុំការបំភ្លឺជុំវិញបញ្ហាខាងលើនេះ លោកបានមានប្រសាសន៍យ៉ាងខ្លីថា ៖ «ទេ ខ្ញុំមិនដឹងដែរ ខ្ញុំអត់ដឹងរឿង។ ទូរស័ព្ទទៅ ០១២ ៣៣៧៧... ទៅ»។
នៅពេលដែលវិទ្យុអាស៊ីសេរីព្យាយាមទូរស័ព្ទទៅលេខនោះពុំមានការឆ្លើយតប ហើយទូរស័ព្ទត្រូវបិទ។
លោក សុន ឆ័យ តំណាងរាស្រ្តមណ្ឌលភ្នំពេញខាងគណបក្ស សម រង្ស៊ី បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «ក្រសួងហិរញ្ញវត្ថុ របស់ គាត ឈន់ ហ្នឹង គឺចេញជាលុយជាតិ ថវិកាជាតិហ្នឹងជួយចេញសង ថាបានចំណាយលុយជាង១៦០ប្លាយលានដើម្បីជួយចេញការខាតបង់ ការរកស៊ីរបស់ EDC ផ្នែកអគ្គិសនីនេះ មិនមែនតែឧកញ៉ាម្នាក់នេះទេ គឺឧកញ៉ា មន្រ្តីធំៗជាច្រើននាក់ដែលមានការតភ្លើងរដ្ឋមកប្រើដោយលក្ខណៈបែបហ្នឹង»។
ផ្អែកតាមប្រភពពីមន្រ្តី EDC បានឲ្យដឹងថា EDC ឬអគ្គិសនីកម្ពុជា ទទួលរងនូវការខាតបង់ប្រាក់ចំណូលប្រមាណ១លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដោយសារកត្តាច្រើនយ៉ាងរាប់ទាំងការលួចចរន្តអគ្គិសនីប្រើប្រាស់ លួចកែច្នៃកុងទ័រប្រើប្រាស់ចរន្តអគ្គិសនី និងបញ្ហាគាំងកុងទ័រចរន្តអគ្គិសនីជាដើម។
ផ្អែកតាមប្រភពដដែលបានបញ្ជាក់ថា EDC នឹងបន្តការស្រាវជ្រាវជាបន្តទៀត។
សូមជម្រាបថា យោងតាមច្បាប់កម្ពុជា ជនណាប្រព្រឹត្តចោរកម្មនឹងត្រូវផ្តន្ទាទោសឲ្យជាប់គុកពី៦ខែទៅ៥ឆ្នាំ តែបើការលួចនោះធ្វើដោយគ្នាច្រើនទោសនឹងក្លាយជាអំពើប្លន់ដែលច្បាប់នឹងផ្តន្ទាទោសជាបទឧក្រិដ្ឋឲ្យជាប់គុកពី៣ឆ្នាំទៅ១០ឆ្នាំ៕