ដោយឡែក មន្ត្រីគណបក្សសិទ្ធិមនុស្ស នៅស្រុកកោះធំ ខេត្តកណ្ដាល ជាប់នឹងខេត្តអានយ៉ាង (An Giang) ប្រទេសវៀតណាម ចោទប្រកាន់មេឃុំឈើខ្មៅ មកពីគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋាននេះថា បានផ្ដល់សិទ្ធិឲ្យជនអន្តោប្រវេសន៍វៀតណាមមានសិទ្ធិបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីពេលកន្លងទៅថ្មីៗ នេះ។
សកម្មជនគណបក្សសិទ្ធិមនុស្សប្រចាំស្រុកកោះធំ ខេត្តកណ្ដាល បានដាក់បណ្ដឹងប្រឆាំងមេឃុំឈើខ្មៅ ក្នុងស្រុកមួយនេះ ដោយចោទប្រកាន់ថា បានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម ប្រមាណ ១ រយនាក់ មានសិទ្ធិបោះឆ្នោតក្នុងអាណត្តិនៃក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១២ ដូចពលរដ្ឋកម្ពុជា។
លោក ឡេង ញ៉ ជាអ្នកសង្កេតការណ៍ និងសកម្មជនគណបក្ស សិទ្ធិមនុស្ស នៅភូមិចុងខ្សាច់ ស្រុកកោះធំ ខេត្តកណ្ដាល។ លោកមានប្រសាសន៍នៅថ្ងៃទី ២៩ ខែតុលាថា ក្នុងអាណត្តិនៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបញ្ចប់កាលពីពេលកន្លងទៅថ្មីៗ នេះ មានជនអន្តោប្រវេសន៍វៀតណាមជិត ២ រយនាក់ បានបោះឆ្នោតដោយពុំមានឧបសគ្គណាមួយ ដូចពលរដ្ឋកម្ពុជានោះឡើយ។
លោកបន្តថា បណ្ដឹងរបស់លោក ប្រឆាំងនឹងមេឃុំ និងមន្ត្រីដែលបម្រើការឲ្យគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការ និងថ្ងៃបោះឆ្នោត មិនត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគ.ជ.ប ចាត់វិធានការទេ។
ទោះជាយ៉ាងនេះក្ដី លោកបញ្ជាក់ជំហរថា លោកនៅតែទាមទារសិទ្ធិជាដើមបណ្ដឹងរហូតដល់ថ្ងៃបោះឆ្នោតជាតិ២០១៣។
លោក ឡេង ញ៉៖ «កាលឆ្នាំ ២០១២ ការបោះឆ្នោតមេឃុំហ្នឹង ខ្ញុំអ្នកសង្កេតការណ៍ ខ្ញុំតាមដានទៅ មានប្រជាជនវៀតណាមបោះឆ្នោតប្រហែលជាចំនួន ១ រយនាក់ ជិត ២ រយនាក់ នៅក្នុងមណ្ឌលវត្តសំរោង »។
លោក ឡេង ញ៉ បានដាក់បណ្ដឹងជាថ្មីម្ដងទៀត កាលពីថ្ងៃទី ២៥ ខែតុលា។ លោកទទួលបានការឆ្លើយតបពីមន្ត្រីអាជ្ញាធរឃុំឈើខ្មៅ នៅថ្ងៃទី ២៨ ខែតុលា ដោយស្នើសុំឲ្យលោករង់ចាំដំណោះស្រាយនៅពេលក្រោយ។
នៅក្នុងបណ្ដឹងចុងក្រោយ ប្រឆាំងមេឃុំឈើខ្មៅ គឺលោក ហាំង អឿង ដោយចោទប្រកាន់ថា បានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម មានសិទ្ធិបោះឆ្នោតដូចពលរដ្ឋកម្ពុជាដែរ។ ក្នុងបណ្ដឹងនោះ មានភ្ជាប់ឈ្មោះពលរដ្ឋវៀតណាមចំនួន ២៩ រូប ខណៈជាង ១ រយនាក់ផ្សេងទៀត លោកអះអាងថា ត្រូវបានអាជ្ញាធរឃុំផ្លាស់ប្ដូរអត្តសញ្ញាណទៅជាឈ្មោះខ្មែរវិញ។
វិទ្យុអាស៊ីសេរីពុំអាចស្នើសុំការអត្ថាធិប្បាយពីមន្ត្រី គ.ជ.ប បានទេ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១២។
ចំណែកលោក ហាំង អឿង មេឃុំឈើខ្មៅ ក៏យើងពុំអាចស្នើសុំការឆ្លើយតបបានផងដែរ។ ក៏ប៉ុន្តែ លោក ឃាង ម៉េង ប្រធានក្រុមទី ១១ នៅភូមិចុងខ្សាច់ ទទួលស្គាល់ថា ពិតជាមានជនអន្តោប្រវេសន៍វៀតណាមបោះឆ្នោត ដូចការរកឃើញពិតប្រាកដមែន។ លោកបន្តថា តែអ្នកដែលមានសិទ្ធិបោះឆ្នោតនោះ គឺពុំមែនជាអ្នកចំណូលថ្មីទេ ពោលគឺអ្នកដែលបានរស់នៅក្រោយឆ្នាំ ១៩៧៩។
លោក ឃាង ម៉េង៖ «បាទ! នេះមានតែគេរស់នៅក្នុងក្រុមទី ១១ ចាស់។ អាហ្នឹងគេមានបោះឆ្នោតតាំងពីសម័យ ៩៣។ ឥឡូវក៏នៅមានដែរ នៅតាមគ្រួសារណា ដែលធ្លាប់រស់នៅតាំងពីរដ្ឋកម្ពុជាមកណា៎»។
បើទោះជាមានការបកស្រាយយ៉ាងនេះក្ដី ស្ត្រីជនជាតិវៀតណាម ដែលមិនបង្ហាញអត្តសញ្ញាណ និងជួលដីខ្មែរធ្វើកសិកម្ម នៅភូមិចុងខ្សាច់ឲ្យដឹងតាមរយៈអ្នកបកប្រែថា ខ្លួនបោះឆ្នោតជារៀងរាល់អាណត្តិ បើទោះជាពុំមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ និងមកតាំងទីលំនៅថ្មីយ៉ាងណាក្ដី។
នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍ថា អ្នកដែលមានសិទ្ធិបោះឆ្នោត លុះត្រាតែគេរកឃើញថា អ្នកដែលមានសិទ្ធិបោះឆ្នោតនោះមានសញ្ជាតិជាខ្មែរ ដោយមានអត្តសញ្ញាប័ណ្ណត្រឹមត្រូវ។ លោកគិតថា ការបោះឆ្នោត ដែលមិនមានភាពសេរី មិនតម្លាភាព និងពុំមានយុត្តិធម៌ វានឹងជះឥទ្ធិពលដល់លទ្ធផលនៃសំឡេងឆ្នោត។
លោក គល់ បញ្ញា បន្តថា៖ «វាប៉ះពាល់ទៅនឹងលទ្ធផលបោះឆ្នោតដែរ បើសិនជាមានអ្នកខុសច្បាប់ខុសអីច្រើនអញ្ចឹង ហើយបោះឆ្នោតសម្រាប់គាំទ្រគណបក្សណាមួយអញ្ចឹង វាអាចធ្វើឲ្យប៉ះពាល់ទៅលើលទ្ធផលបោះឆ្នោតដែរ។ ទីមួយ រឿងខុសច្បាប់ ច្បាប់បោះឆ្នោតហ្នឹង។ ទីពីរ រឿងប៉ះពាល់លទ្ធផលបោះឆ្នោត»។
មន្ត្រីអង្គការសង្គមស៊ីវិល និងបក្សប្រឆាំង តែងរិះគន់ថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ ត្រូវគេរកឃើញថា មានជនអន្តោប្រវេសន៍វៀតណាមបោះឆ្នោតនៅកម្ពុជាដោយសេរី ដូចពលរដ្ឋខ្មែរ។ ក៏ប៉ុន្តែ ទាំងមន្ត្រី គ.ជ.ប និងមន្ត្រីរដ្ឋាភិបាល ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា តែងបដិសេធបញ្ហានេះថា ពុំមែនជាការពិតនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។