អ្នកស្រី សេវ ខែម ជនជាតិចារាយមកពីខេត្តរតនគិរី បានឲ្យដឹងនៅពេលសម្រាកថា ច្បាប់បានចែងថា កុំឲ្យមានការរើសអើងពូជសាសន៍ ប៉ុន្តែការរើសអើងនៅតែមាន ដែលអ្នកស្រីបានលើកពីករណីខ្លះថា មានប្តឹងតវ៉ាពីវិវាទដីធ្លីទៅតុលាការ តែគេមិនបានចាត់វិធានការតាមផ្លូវច្បាប់ជូនទេ។
អ្នកស្រី សេវ ខែម បានបញ្ជាក់ថា ៖ «ការរើសអើងហ្នឹងមានច្រើន ដូចដាក់ពាក្យប្ដឹងហ្នឹង គាត់យកតែអ្នកមានលុយ មានអំណាច ជនជាតិដើមភាគតិចគាត់អត់ជួយរកដំណោះស្រាយឲ្យទេ ជនជាតិដើមភាគតិចគាត់អត់មានចំណេះដឹង ហើយគេគំរាមធ្វើបាបក៏អត់ចេះដែរ...»។
អ្នកស្រី ចាន់ នី ជនជាតិព្នងមកពីឃុំប៊ូស្រា ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការរើសអើងពូជសាសន៍ទៅលើជនជាតិភាគតិចមានការមិនយកចិត្តទុកដាក់ទៅលើការរស់នៅដោយមិនឲ្យភាពស្មើគ្នាទៅលើសិទ្ធិសេរីភាពក្នុងការដើរហើរជាដើម។
អ្នកស្រី ចាន់ នី បានថ្លែងថា ៖ «ខ្ញុំយល់ថាជាការរើសអើង ព្រោះជនជាតិភាគតិចយើងដែលទន់ខ្សោយដូចនេះ ដូចថា យើងទៅណាក៏ដោយដូចអត់មានសេរីភាពទេ បើពឹងពួកគាត់ ពួកគាត់លែងជួយហើយ។ រើសអើងហ្នឹងតែអ្នកមានលុយ អ្នកមានអំណាច ស៊ីបាយនឹងត្រឡោកឯណាឯណី! គាត់ថាឲ្យចោល ហើយខ្ញុំគិតថា ទាំងអស់ហ្នឹងជាភាពរើសអើងមួយដែរ ការស្លៀកពាក់អីហ្នឹងជាប្រពៃណីពីដើមមក!»។
និស្សិតឆ្នាំទី៣ នៅមហាវិទ្យាល័យច្បាប់ មកពីខេត្តមណ្ឌលគិរី ជាជនជាតិព្នង បានលើកឡើងថា ក៏មានការរើសអើងទៅលើសមត្ថភាពផងដែរក្នុងការជ្រើសរើសចូលក្របខ័ណ្ឌការងាររដ្ឋ ដោយគេមិនឲ្យតម្លៃជាអាទិភាពទៅលើជនជាតិភាគតិចដែលតាមការពិតក៏មានជនជាតិភាគតិចក៏រៀនបានខ្ពង់ខ្ពស់ច្រើនដែរ។
លោក ចាន់ សុវ៉េត មន្ត្រីសិទ្ធិមនុស្សនៃសមាគម អាដហុក បានបង្ហាញថា ភាពរើសអើងរដ្ឋាភិបាលបានបង្កលក្ខណៈច្រើនយ៉ាងណាស់ដើម្បីចូលរួមការពារនិងចាត់វិធានការទៅលើស្ថានភាពរំលោភប៉ះពាល់សិទ្ធិជនជាតិដើមភាគតិច ហើយក៏ត្រូវបានទទួលថែរក្សាការពារផងដែរលើវិស័យផ្សេងទៀត។
លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា ៖ «ជនជាតិដើមភាគតិចក៏បានទទួលការថែរក្សាពីរាជរដ្ឋាភិបាលកម្ពុជាដែរ ក្នុងនោះក៏មានការទទួលស្គាល់បង្កើតជាច្បាប់ រៀបចំជាសហគមន៍ការពារវប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់របស់បងប្អូនជនជាតិ។ បើសិនជាជនជាតិនោះគាត់ថា គាត់ក៏មានដូចគ្នាដែរ ប៉ុន្តែនៅពេលរើសមិនព្រមរើសគាត់ បែរជារឿងអ្នកជនជាតិកណ្ដាលអីអ៊ីចឹងជាដើម វាជារឿងមួយមិនល្អ។ មានការរើសអើងពិតមែន ដោយសារថា ប្រទេសយើងដូចអត់ទាន់បានកំណត់ទោសទណ្ឌទៅលើជនមួយចំនួនណាមួយដែលគាត់បានទៅប្រព្រឹត្ត រំលោភបំពារបំពានទៅនឹងវប្បធម៌ប្រពៃណីរបស់ជនជាតិ»។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានបញ្ជាក់ជូនថា សូម្បីតែជនជាតិខ្មែរទូទៅធម្មតាហ្នឹងក៏ទទួលការរើសអើងបក្សពួកនិយម គ្រួសារនិយមផងដែរ ដែលទោះជាច្បាប់ក៏មានចែងពីការដាក់ទោសទណ្ឌផងដែរ តែក៏លោកសុំឲ្យបញ្ចប់ការរើសអើងនេះ៕