មន្ត្រីទទួលខុសត្រូវការងារព្រៃឈើខេត្តរតនគិរីឲ្យដឹងនៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០០៩ ថា ក្រសួងកសិកម្មបានចុះកិច្ចព្រមព្រៀងចេញអាជ្ញាប័ណ្ណផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវៀតណាមមួយនៅឃុំភ្នំកុក ស្រុកវ៉ឺនសៃហើយ។
ប្រធានផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកវ៉ឺនសៃ លោក វង្ស សុមេធី មានប្រសាសន៍ថា អាជ្ញាប័ណ្ណសម្រាប់ការធ្វើអាជីវកម្មអភិវឌ្ឍន៍ដំណាំកៅស៊ូត្រូវបានចេញជាផ្លូវការហើយកាលពីដើមខែសីហា សម្រាប់សម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុននៃប្រទេសវៀតណាម ឈ្មោះ ហង អានម៉ាង យ៉ាង ខេ អភិវឌ្ឍន៍កៅស៊ូ។
លោក វង្ស សុមេធី បានឲ្យដឹងថា ៖ «បានចុះកិច្ចសន្យាជាមួយក្រសួងហើយ ស.ជ.ណ.អីក៏គេមានអស់ហើយ។ អ្វីដែលជាផលប៉ះពាល់របស់ប្រជាពលរដ្ឋហ្នឹង គឺក្រសួងបានចាត់គណៈកម្មការចុះកាត់ចេញឲ្យប្រជាពលរដ្ឋហើយតើ!»។
ប្រភពដដែលនេះបដិសេធមិនធ្វើអធិប្បាយពិស្តារពីទំហំដីដែលបានផ្តល់និងគម្រោងលម្អិតនៃវិនិយោគនោះទេ។ តែបានបញ្ជាក់ថា មន្ត្រីជំនាញបានសិក្សានិងកាត់ចេញផ្ទៃដីទាក់ទិននឹងផលប៉ះពាល់បរិស្ថានព្រៃឈើនិងផលប៉ះពាល់ជីវភាពរស់នៅរបស់អ្នកភូមិរួចហើយ។
កាលពីខែឧសភាកន្លងទៅ ជំទប់ទី២ ឃុំភ្នំកុក លោក លី នឿន មានប្រសាសន៍ថា ក្រុមហ៊ុនខាងលើបានដាក់គម្រោងស្នើសុំដីសម្បទានសេដ្ឋកិច្ចជាង១ម៉ឺនហិកតារ ហើយចុះមកធ្វើការសិក្សាស្រាវជ្រាវជាមួយអាជ្ញាធរមូលដ្ឋាននិងមន្រ្តីជំនាញពាក់ព័ន្ធជាជំហានដំបូង។ លោកថា ដីមានផលប៉ះពាល់ដល់អ្នកភូមិនឹងត្រូវកាត់ចេញពីគម្រោងនោះ។
បើទោះបីជាមានការធានាអះអាងដូច្នេះក្តី សម្រាប់អ្នកភូមិជនជាតិដើមភាគតិចដែលរស់នៅចិញ្ចឹមជីវិតនៅតំបន់នោះនៅតែមានការបារម្ភ និងកំពុងតែស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានពួកគាត់ជួយដោះស្រាយពីក្តីព្រួយបារម្ភរបស់អ្នកភូមិស្តីពីផលប៉ះពាល់ជីវភាពនិងផ្នែកបរិស្ថានធម្មជាតិដែលកើតពីការផ្តល់ដីសម្បទាននោះ។
អ្នកភូមិកាឡៃសាពូនជាង៤០គ្រួសារដែលកំពុងរស់នៅក្នុងតំបន់គម្រោងសម្បទាននេះនិយាយថា អ្នកភូមិមិនបានដឹងជាក់លាក់ពីគម្រោងនោះទេ ហើយអ្នកភូមិភ័យព្រួយបន្ទាប់ពីឃើញក្រុមហ៊ុនយកថ្នាំពណ៌ទៅលាបតាមដើមឈើហ៊ុមព័ទ្ធភូមិឋានពួកគាត់រស់នៅប្រចាំថ្ងៃ។ ករណីនេះអ្នកភូមិព្រួយបារម្ភថា ផលប៉ះពាល់ច្រើនផ្នែកនឹងកើតមានចំពោះពួកគាត់។
តំណាងអ្នកភូមិឈ្មោះ ក្រង រ៉ាងខាង បញ្ជាក់ ៖ «អត់ដឹងរបៀបម៉េចទេ ប៉ុន្តែចង់តវ៉ា មកប្ដឹងឲ្យជួយ ឲ្យជួយសង្រ្គោះផង ពីព្រោះចម្ការប្រជាពលរដ្ឋអស់រលីងតែម្ដង បាញ់សុទ្ធតែថ្នាំក្រហម...»។
កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ឧសភា ឆ្នាំ២០០៩ តំណាងអ្នកភូមិបាននាំពាក្យបណ្តឹងដែលមានស្នាមមេដៃអ្នកភូមិកាឡៃសាពូន៩៤នាក់ ដាក់ជូនអ្នកតំណាងរាស្ត្រខេត្តរតនគិរី លោក ប៊ូ ថង ឲ្យជួយដោះស្រាយ ប៉ុន្តែដោយសារលោកជាប់រវល់ទើបតំណាងអ្នកភូមិយកពាក្យបណ្តឹងនោះទៅសុំកិច្ចអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុកឲ្យជួយ។
ជាមួយគ្នានេះ កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០០៩ នៅឯសាលារៀនឃុំភ្នំកុកក្នុងវេទិកាជួបជុំអ្នកភូមិនិងមន្ត្រីអាជ្ញាធរឃុំស្រុក អ្នកភូមិបានលើកឡើងសំណើនោះជាថ្មី។
អ្នកភូមិឈ្មោះ ប៉ា ឈឿន បញ្ជាក់ពីការទាមទារ ៖ «ក្រុមហ៊ុនមក ប្រជាជនភាគច្រើនអត់ដឹង តែក្រោយក្រុមហ៊ុនឈូសឆាយហើយបានប្រាប់ប្រជាជនឲ្យដឹង អ៊ីចឹងបានជាឆ្ងល់ ហើយពីមុនមកថា ឲ្យមានសហគមន៍កាន់កាប់ដីធ្លី តាមភូមិនីមួយៗឲ្យមានសិទ្ធិ តែក្រោយមក ក្រុមហ៊ុនមកអ៊ីចឹង ប្រជាជនអត់សិទ្ធិទៅវិញ»។
មេឃុំភ្នំកុក លោក ប៊ូ វ៉ាន់ថាក់ និងមន្ត្រីស្មៀនឃុំ លោក ភឿក ហុង មានប្រសាសន៍ថា អាជ្ញាធរឃុំបានចុះហត្ថលេខាលើគម្រោងសុំដីសម្បទានក្នុងមូលដ្ឋាន ក៏ប៉ុន្តែលោកមិនបានទទួលរបាយការណ៍ស្តីពីការសិក្សាផលប៉ះពាល់ដែលធ្វើឲ្យអ្នកភូមិព្រួយបារម្ភនោះទេ។
លោកថា អ្នកភូមិត្រូវបង្ហាញពីផលប៉ះពាល់របស់ពួកគាត់ ហើយដាក់មកក្រុមប្រឹក្សាឃុំដើម្បីមានមូលដ្ឋានរាយការណ៍ជូនអាជ្ញាធរស្រុកនិងខេត្តជួយដោះស្រាយ ៖ «ខាងក្រុមហ៊ុនអត់ទាន់ដំណើរការ មិនដឹងដោះស្រាយម៉េច ថាប៉ះពាល់ដីស្រែចម្ការគេ។ មានតែជួយឲ្យប្រជាជនផ្ដិតមេដៃមកតាមអាជ្ញាធរវិញ»។
នៅថ្ងៃអាទិត្យ ទី១៦ សីហា ឆ្នាំ២០០៩ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានទៅដល់ការិយាល័យក្រុមហ៊ុន ហង អានម៉ាង យ៉ាង ខេ អភិវឌ្ឍន៍កៅស៊ូ មានទីតាំងនៅទីរួមខេត្តរតនគិរី ប៉ុន្តែបុគ្គលិកប្រចាំការបញ្ជាក់ថា នាយកក្រុមហ៊ុនមិនមានវត្តមាននៅក្នុងប្រទេសទេ ហើយពួកគេមិនមានសិទ្ធិធ្វើអត្ថាធិប្បាយអ្វីបានឡើយ។
ចំណែកមន្ត្រីផ្នែកអង្កេតសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា គម្រោងសម្បទានសេដ្ឋកិច្ចត្រូវមានការចូលរួមពីប្រជាសហគមន៍ដើម្បីបង្ហាញពីផលប៉ះពាល់មុនសម្រេចចេញអាជ្ញាប័ណ្ណ។ លោកថា ប្រសិនរកឃើញថាមានផលប៉ះពាល់ដល់អ្នកភូមិប្រាកដ ក្រសួងកសិកម្មគួរធ្វើការសិក្សានិងដោះស្រាយប៉ះពាល់នោះឡើងវិញ។
លោក ប៉ែន ប៊ុណ្ណារ៍ បានបញ្ជាក់ថា ៖ «រឿងនេះមិនមែនកើតតែក្នុងរតនគិរីទេ ដីសម្បទានសេដ្ឋកិច្ចកើតច្រើនកន្លែងទូទាំងប្រទេស។ យើងគិតថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចវាធំបំផុតហើយ គឺការសិក្សាពីផលប៉ះពាល់ ទាំងបរិស្ថាន ទាំងប៉ះពាល់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែយើងឃើញថា ករណីនៅក្នុងស្រុកវ៉ឺនសៃនេះ ប្រជាពលរដ្ឋអត់បានដឹង ស្រាប់តែឃើញអាជ្ញាប័ណ្ណមកតែម្ដង។ អ៊ីចឹងយើងសូមទាមទារឲ្យប្រមុខរាជរដ្ឋាភិបាលចាប់ផ្ដើមស្រាវជ្រាវសង្កេតលើការផ្ដល់ដីសម្បទានហ្នឹងសាជាថ្មី ធ្វើយ៉ាងម៉េចឲ្យសិក្សាលើផលប៉ះពាល់ហ្នឹងឲ្យបានសុក្រឹត»។
សកម្មជនឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុកប្រចាំស្រុកវ៉ឺនសៃ លោក ឃុំ សំរិត ធ្លាប់បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីកាលពីខែឧសភា ថា តំបន់សម្បទាននោះ មួយផ្នែកធំជាតំបន់ព្រៃស្រោងសំបូរព្រៃឈើធំៗ ជាជម្រកសត្វព្រៃ និងជាទីរស់អាស្រ័យផលនៃសហគមន៍ជនជាតិដើមនៅតំបន់នោះ ហើយការប្រគល់តំបន់នោះឲ្យក្រុមហ៊ុនឯកជន ប្រៀបដូចជាកំពុងផ្តាច់ជីវិតអ្នកភូមិដូច្នេះដែរ៕