សមាជិក​សភា​​អឺរ៉ុប​ស្នើ​ឲ្យ​មាន​វត្តមាន​លោក សម រង្ស៊ី មុន​ការ​បោះ​ឆ្នោត

សមាជិក​សភា​សហគមន៍​អឺរ៉ុប ទទូច​សុំ​ឲ្យ​មាន​វត្តមាន​របស់​លោក សម រង្ស៊ី នៅ​កម្ពុជា​វិញ នៅ​មុន​ការ​បោះ​ឆ្នោត ដើម្បី​ធានា​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៣ ដោយ​សេរី និង​យុត្តិធម៌។

សមាជិក​សភា​អឺរ៉ុប លោកស្រី សេស៊ីលីយ៉ា វិកស្ត្រម (Cecilia Wikstrom) បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​សិន​ជា​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ​នោះ​គ្មាន​វត្តមាន​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នោះ​ទេ នោះ​ការ​បោះ​ឆ្នោត​នោះ​មិន​ត្រូវ​ចាត់​ទុក​ថា ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌​នោះ​ឡើយ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ឧសភា លោកស្រី​សមាជិក​សភា​អឺរ៉ុប បញ្ជាក់​បន្ត​ទៀត​ថា ការ​នាំ​យក​មក​វិញ​នូវ​មេដឹកនាំ​នយោបាយ គឺ​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​មាន​ការ​ជជែក​រស់​រវើក ហើយ​បើ​សិន​ជា​គ្មាន​វត្តមាន​របស់​លោក​ទេ មិន​មែន​មាន​តែ​សហគមន៍​អឺរ៉ុប​តែ​មួយ​នោះ​ទេ ដែល​ត្រូវ​ប្រតិកម្ម​នោះ ប៉ុន្តែ​គឺ​ជា​ប្រតិកម្ម​សម្រាប់​សហគមន៍​អន្តរជាតិ​ទាំង​មូល​ផង​ដែរ ហើយ​ប្រជាជន​ត្រូវ​តែ​មាន​ការ​ជួប​ប្រជុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​ទាមទារ​ការ​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី។

លោកស្រី សេស៊ីលីយ៉ា វិកស្ត្រម ថ្លែង​បន្ត​ដូច្នេះ ៖ "សូម​យក​លោក សម រង្ស៊ី ត្រឡប់​មក​ប្រទេស​នេះ​វិញ ពីព្រោះ​ថា នេះ​ជា​ប្រទេស​របស់​គាត់ ហើយ​គាត់​មាន​ឆន្ទៈ​ក្នុង​ការ​បម្រើ​ពលរដ្ឋ ហើយ​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ ដើម្បី​ការ​ទាមទារ​នូវ​សិទ្ធិ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី ដោយ​សុវត្ថិភាព"

មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ​សញ្ញា​វិជ្ជមាន​ណា​មួយ​របស់​រដ្ឋាភិបាល​ខ្មែរ​ស្ដី​អំពី​ការ​បន្ទន់​ជំហរ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ត្រឡប់​មក​វិញ​នៅ​ឡើយ​ទេ។ មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា រដ្ឋាភិបាល​មិន​ដែល​ហាមឃាត់​លោក សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​លោក សម រង្ស៊ី ត្រូវ​ទទួល​នូវ​អ្វី​ដែល​ជា​កាតព្វកិច្ច​យុត្តិធម៌​របស់​តុលាការ​នៅ​ពេល​ដែល​លោក​វិល​ត្រឡប់​មក​វិញ។

មន្ត្រី​រូប​នេះ​បញ្ជាក់​ដដែល​ថា អវត្តមាន​របស់​លោក សម រង្ស៊ី មិន​ទាក់ទង​ទៅ​ដល់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ​ទេ ៖ "លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​មែន​ស្ថិត​នៅ​លើ​បុគ្គល​ណា​ម្នាក់​នោះ​ទេ វា​ស្ថិត​នៅ​លើ​ប្រព័ន្ធ"

លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ត្រូវ​តុលាការ​ខេត្ត​ស្វាយរៀង ផ្ដន្ទាទោស​ចំនួន ២​ឆ្នាំ ដោយ​ចោទ​ថា លោក​បាន​ញុះញង់​បំបែក​បំបាក់​ចំណង​សាមគ្គីភាព​ខ្មែរ-​វៀតណាម នៅ​ក្នុង​រឿង​ព្រំដែន។

ក្រោយ​មក​រដ្ឋាភិបាល​លើក​មួយ​ករណី​ផ្សេង​ទៀត ក្រោយ​ពី​លោក​បាន​ផ្សព្វផ្សាយ​នូវ​ឯកសារ​ផែនទី​របស់​ហ៊្គូហ្គល អ៊ើស (Googl Earth) ដោយ​និយាយ​ថា ការ​បោះ​បង្គោល​ព្រំដែន​រវាង​ខ្មែរ និង​វៀតណាម លេខ​១៨៤ ១៨៥ ១៨៦ និង​បង្គោល​លេខ ១៨៧ បាន​នាំ​ឲ្យ​ខ្មែរ​បាត់បង់​ទឹកដី។ សរុប​ចុង​ក្រោយ លោក​ត្រូវ​តុលាការ​ខ្មែរ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​សរុប​ចំនួន ១៤​ឆ្នាំ៕