ពលរដ្ឋ​នៅ​កោះកុង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ដើម្បី​រំឭក​ពី​ការ​បាត់​បង់​ដីធ្លី

ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ បាន​ប្រារព្ធ​ខួប​លើក​ទី​៦១ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ នៅ​ក្នុង​ភូមិ​មួយ ឃុំ​ជីខក្រោម ខេត្ត​កោះកុង ដើម្បី​រំឭក​អំពី​ការ​បាត់​បង់​ដីធ្លី​កសិកម្ម​ថ្មីៗ​នេះ ដោយសារ​មាន​ការ​រំលោភ​យក​ពី​ឈ្មួញ។

0:00 / 0:00

ក្រុម​សកម្មជន​ការពារ​ដីធ្លី​និង​គ្រួសារ​បាត់​បង់​ដីធ្លី​សរុប​ចំនួន​ជាង​១០០​នាក់ នៅ​ក្នុង​ភូមិ​ព្រែក​ជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​ព្រឹក​ថៃ្ង​ព្រហស្បតិ៍ ទី​១០ ធ្នូ​នេះ បាន​ដងែ្ហ​ក្បួន​អហិង្សា​មួយ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦១ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ក្នុង​ការ​រំឭក​នូវ​អ្វី​ដែល​ពួកគាត់​រង​ការ​រឹប​យក​ដីធ្លី លំនៅ​និង​ដីធ្លី​កសិកម្ម ដោយ​ក្រុមហ៊ុន​ឯកជន កាល​ពី​ពេល​ថ្មីៗ​នេះ។

លោកស្រី ថាវ ញឿង ជា​គ្រួសារ​រង​ការ​បាត់​បង់​ដីធ្លី​កសិកម្ម​និង​ជា​អ្នក​រៀបចំ​ការ​ដង្ហែ​ក្បួន​អហិង្សា​នេះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​មក​ថា ប្រជាពលរដ្ឋ​កំពុង​តែ​អនុវត្ត​សិទ្ធិ​នៅ​ថៃ្ង​ទី​១០ ធ្នូ​នេះ។

លោកស្រី ថាវ ញឿង បាន​ថ្លែង​ដូច្នេះ ៖ «គឺ​ជា​សិទ្ធិ​មនុស្ស ជា​ទូទៅ​ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​រស់​នៅ​លើ​ដីធ្លី មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​គាត់ មួយ​ទៀត​មាន​សិទ្ធិ​រស់​នៅ​ក្នុង​សង្គម ដូច​ជា​បញ្ចេញ​មតិ​ដើម្បី​ទាមទារ​រក​យុត្តិធម៌ គឺ​គាត់​មាន​សិទ្ធិ​គ្រប់​យ៉ាង​ទាំង​អស់»

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ កេង កោង ដែល​បាន​ចូល​រួម​ក្នុង​ការ​ដង្ហែ​ក្បួន​នោះ បាន​ថែ្លង​ថា ៖ «សិទ្ធិ​នេះ​មិន​មែន​ប្រើ​តែ​អ្នក​មាន​អំណាច​ទេ គឺ​ប្រជាជន​ក៏​អាច​ធ្វើ​បាន​ទាំង​អស់ មាន​សិទ្ធិ​ដូច​គ្នា»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ហ៊ុន ប៊ុនថន អាយុ​៦០​ឆ្នាំ បាន​ថែ្លង​ថា ៖ «អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វីៗ​ឲ្យ​គោរព​ច្បាប់ ឲ្យ​គោរព​សិទ្ធិ​ផង កុំ​ចេះ​តែ​បំពាន​តាម​ទំនើង​ចិត្ត ពួកខ្ញុំ​រង​គ្រោះ​វេទនា​ខ្លាំង​ណាស់​សព្វថ្ងៃ​នេះ»

ការ​ដង្ហែ​ក្បួន​ដោយ​ថ្មើរ​ជើង​នេះ បាន​ចាប់​ផ្តើម​ពី​ឃុំ​ជីខក្រោម សំដៅ​ទៅ​វត្ត​មួយ​នៅ​ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ។

សមត្ថកិច្ច​នគរបាល​ម្នាក់​ដែល​កំពុង​តែ​យាម​ការពារ​សណ្តាប់​ធ្នាប់​នៅ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​កំពុង​តែ​ដង្ហែ​ក្បួន​អហិង្សា​នោះ បាន​មាន​ប្រសាសន៍​ថា ៖ «អត់​មាន​ប៉ះពាល់​ទេ តាម​ដង​ផ្លូវ​អត់​មាន​អី»

លោក អំ សំអាត ជា​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា ៖ «សូម​កោត​សរសើរ​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ស្មារតី​ភ្ញាក់​រឭក​ក្នុង​ការ​ចូល​រួម​ប្រារព្ធ​ពិធី ១០ ធ្នូ​នេះ»

គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​ជាង​៤០​គ្រួសារ នៅ​ក្នុង​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​រង​ការ​រឹប​យក​ដីធ្លី​កសិកម្ម​និង​ដីធ្លី​ផ្ទះ​សម្បែង​ចំនួន​២០០​ហិកតា កាល​ពី​ខែ​តុលា កន្លង​ទៅ​ថ្មីៗ​នេះ ក្រោម​អំណាច​នៃ​សាលក្រម​របស់​តុលាការ​កំពូល​ប្រទេស​កម្ពុជា ដែល​បាន​រឹប​យក​ដីធ្លី​ទាំង​នោះ​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន​២ គឺ​ក្រុមហ៊ុន​សុខហុង និង​ក្រុមហ៊ុន​ហេងហ៊ុយ បាន​ប្តឹង​ផ្តល់​គ្នា​ដណ្តើម​យក​ដីធ្លី​នៅ​ទី​នោះ។

ក្រៅ​ពី​ការ​ដង្ហែ​ក្បួន​របស់​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ខាង​លើ​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ប្រកាស​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខែ្មរ​ជាង​១​ម៉ឺន​នាក់​នៃ​សហគមន៍​នានា នៅ​ទូទាំង​ប្រទេស​កម្ពុជា ប្រារព្ធ​ខួប​លើក​ទី​៦១ នៃ​ទិវា​សិទ្ធិ​មនុស្ស ១០ ឆ្នូ​នេះ ក្នុង​នោះ​មាន​សហជីព កសិករ អ្នក​នេសាទ យុវជន តន្រ្តី​ករ អ្នក​បើកបរ​ទុកទុក អ្នក​រត់​ម៉ូតូ​ឌុប​និង​សកម្មជន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត៕