កសិករ​នៅ​តាកែវ​តវ៉ា​ពី​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​-​វៀតណាម

ពលរដ្ឋ​ចំនួន ៩​គ្រួសារ​នៅ​ភូមិ​អញ្ចាញ ស្រុក​បុរី​ជលសា ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​២៥ ឧសភា​នេះ បាន​នាំ​គ្នា​តវ៉ា​ចំពោះ​សកម្មភាព​បោះ​បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ពួក​គាត់​អះអាង​ថា ការ​បោះ​បង្គោល​នេះ​ស្ថិត​នៅ​លើ​ដី​ស្រែ​ពួក​គាត់ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្រុក​បាត់​បង់​ដី​ស្រែ។

0:00 / 0:00

តំណាង​អ្នក​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរី​ជលសា លោក កែវ ទីន បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ការ​បោះ​បង្គោល​នោះ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​វៀតណាម ដោយ​មាន​ការ​ចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​ខ្មែរ។

លោក​បន្ត​ថា បង្គោល​នោះ​ពី​មុន​ជា​បង្គោល​ឈើ​ទំហំ​ប៉ុន​បង្គោល​របង​ធម្មតា ដែល​មាន​សរសេរ​លេខ​៥ ពណ៌​ក្រហម​ជា​សម្គាល់ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ឧសភា​នេះ អាជ្ញាធរ​វៀតណាម​បាន​ដក​បង្គោល​ឈើ​នោះ​ចោល ហើយ​ចាក់​ជា​បេតុង​ថ្ម​វិញ និង​មាន​ដាក់​ទង់​ជាតិ​របស់​វៀតណាម​ទៀត​ផង។

ចំណែក​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​តវ៉ា ត្រូវ​អាជ្ញាធរ និង​សមត្ថកិច្ច​ប្រទេស​ទាំង​ពីរ​រារាំង​មិន​ឲ្យ​ទៅ​ជិត​ការដ្ឋាន​ចាក់​បង្គោល​នោះ​ឡើយ ដោយ​ឲ្យ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​មួយ​គីឡូ​ម៉ែត្រ​ពី​កន្លែង​បោះ​បង្គោល​នោះ។

តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត លោក ភឹម ប៉ាក បាន​សម្ដែង​ការ​កើត​ទុក​មិន​សុខ​ចិត្ត​ចំពោះ​បញ្ហា​នេះ និង​មាន​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ដី​ស្រែ​របស់​គាត់ ព្រម​ទាំង​អ្នក​ភូមិ​ជិត​ខាង​ផ្សេង​ទៀត។

អភិបាល​ខេត្ត​តាកែវ លោក ស្រី បេន ពុំ​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ណា​ឡើយ​ជុំវិញ​បញ្ហា​ព្រំដែន​នេះ ដោយ​លោក​មាន​ប្រសាសន៍​ដោយ​ខ្លី​ថា សូម​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ចុះ​ពិនិត្យ​មើល​ដោយ​ខ្លួន​ឯង។

ប៉ុន្តែ​អភិបាល​ស្រុក​បុរី​ជលសា លោក ស៊ុត ខុន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «ព្រឹក​មិញ​នេះ គណៈកម្មការ​ព្រំដែន​គេ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ចំណុច​នៃ​បង្គោល​ព្រំដែន ប៉ុន្តែ​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ទេ។ មិន​មែន​ជា​បង្គោល​លេខ​៥​ទេ​នៅ​ចំណុច​ហ្នឹង! ឥឡូវ​ជាក់ស្ដែង បន្តិច​ទៀត​ខ្ញុំ​នឹង​ទាក់ទង​នៅ​ចំណុច​ហ្នឹង​ម្ដង​ទៀត!»

វិទ្យុ​អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់ទង​ទៅ​លោក វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​បញ្ហា​រៀបចំ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ក្នុង​ខេត្ត​តាកែវ បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី​២៥ ឧសភា​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​បាន​រោរិ៍​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ពលរដ្ឋ​រស់​នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរី​ជលសា ភាគ​ខាង​ត្បូង​នៃ​ទី​រួម​ខេត្ត​តាកែវ ស្ថិត​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​នាំ​គ្នា​តវ៉ា​ពី​បញ្ហា​បាត់​បង់​ដី​ធ្លី ដោយសារ​ការ​បោះ​តម្រុយ​បង្គោល​កំណត់​ព្រំដែន​នេះ បន្ទាប់​ពី​មាន​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ករណី​ស្រដៀង​គ្នា​នេះ​ដែរ នៅ​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០០៩​កន្លង​ទៅ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ដាក់​គុក​ទៀត​ផង។

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​មិន​ទាន់​មាន​របាយការណ៍​ពី​ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​តាកែវ

ជុំវិញ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ចំនួន ៩​គ្រួសារ​ដែល​អះអាង​ថា ការ​បោះ​បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​បណ្ដោះ​អាសន្ន នៅ​ក្នុង​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរី​ជលសា ខេត្ត​តាកែវ ធ្វើ​ឲ្យ​ខាត​បង់​ទឹក​ដី​របស់​កម្ពុជា និង​បំពាន​លើ​ដី​ស្រែ​របស់​ពួក​គាត់​ប្រមាណ ១៦២​ម៉ែត្រ​នោះ លោក វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​យប់​ថ្ងៃ​២៥ ឧសភា​នេះ ថា លោក​នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​បញ្ហា​ខាង​លើ​នោះ​នៅ​ឡើយ​ទេ។

លោក វ៉ា គឹមហុង បាន​បញ្ជាក់​ថា ៖ «អត់​មាន​នរណា​ធ្វើ​របាយការណ៍​មក​ផង អត់​ទាន់​ដឹង! អត់​បាន​ស្ដាប់​ព័ត៌មាន​ផង! ក្រុម​ការងារ​ខ្ញុំ​គគោក​នៅ​តាម​ព្រំដែន អត់​ទាន់​មាន​នរណា​មាន​រឿង​នៅ​តាកែវ។ ចាំ​ខ្ញុំ​ស៊ើប​សួរ​មើល!»