លោក ស្វាយ សារឿន បង្ហាញពីមូលហេតុដែលនាំឲ្យពួកគាត់ផលិតចំណីសត្វចេញពីធម្មជាតិ ថា ៖ «នាំគ្នាផលិតចំណីជាលក្ខណៈធម្មជាតិ ព្រោះខ្ញុំបានទៅរៀនជាមួយ សេដាក់ ព្រោះផ្សព្វផ្សាយពីការប៉ះពាល់សុខភាពពីរឿងជាតិគីមី។ រឿងចំណីជ្រូកធម្មតាគេមានលាយជាតិគីមីហើយ នៅកន្លែងគេផលិតធំៗ ម្ល៉ោះហើយយើងយកមកបរិភោគ ខ្លះទៅជាឈឺក្រពះ ខ្លះទៅជាធាត់ពោះហួសមាឌ ខ្លះទៅជាខូចតម្រងនោម ខ្លះដើរៗទៅស្រឺតទន់ជង្គង់ទន់ដៃទន់ជើង អាហ្នឹងមកពីជាតិគីមីវាដល់កំណត់ វាធ្វើទុក្ខ ហើយចំពោះចំណីយើងខ្ញុំផលិតហ្នឹងគឺផលិតពីធម្មជាតិ ជាពិសេស ផលិតយកអីវ៉ាន់ និងវត្ថុទាំងអស់ហ្នឹង ដូចជាពោត សណ្ដែក កន្ទក់ ចុងអង្ករ សម្បកខ្យងអីហ្នឹង គឺនៅក្នុងស្រុកទាំងអស់ អត់មានយកប៉ះពាល់ជាតិគីមីពីណាមកទេ ដល់យើងបរិភោគសាច់ហ្នឹងទៅវាមិនសូវមានជំងឺ ហើយយើងកាត់បន្ថយការប្រើសម្រាប់ថ្នាំព្យាបាលទៀត»។
លោក ស្វាយ សារឿន អះអាងថា សមាគមផលិតចំណីសត្វពីធម្មជាតិនេះ បានកើតនៅភូមិឈើលំ ឃុំមហាឫស្សី ខេត្តកំពង់ស្ពឺ ជាងកន្លះឆ្នាំមកនេះ។
សមាគមនេះ មានក្រុមមន្រ្តីក្រសួងកសិកម្ម និងអង្គការ សេដាក់ ជួយណែនាំឲ្យកសិកររកប្រាក់ចំណេញច្រើន ទាំងអ្នកផលិតចំណីលក់ ទាំងអ្នកទិញចំណី យកទៅឲ្យសត្វស៊ី។ ដោយការលក់ចំណីពីធម្មជាតិ ១គីឡូ តែ ២.០០០រៀល ថោកជាងចំណីទីផ្សារដែលផ្សំពីជាតិគីមី។
លោក ស្វាយ សារឿន មានប្រសាសន៍ដូច្នេះថា ៖ «បើយើងទិញនៅទីនេះ មិនអស់សោហ៊ុយធ្វើដំណើរឯណា គឺទិញ ២ពាន់ ដឹងតែពី ២ពាន់ បើទៅទិញទីផ្សារ ២៧០០ ថ្លៃម៉ូតូឌុបទៀត ឡើងថ្លៃជាង ៣ពាន់ហើយក្នុងមួយគីឡូ។ រឿងជាតិគីមីមិនមែនធ្វើឲ្យយើងស្លាប់ភ្លាម គឺធ្វើឲ្យយើងខូចសុខភាពម្ដងបន្តិចៗ ដូច្នេះយើងនាំគ្នាផលិតចំណីជាលក្ខណៈធម្មជាតិនេះឡើង ដើម្បីការពារសុខភាពយើងទាំងអស់គ្នា»។
ចំណែកវិធីផ្សំចំណីសត្វចេញពីធម្មជាតិនេះ លោក សំ យ៉ុង ជាអ្នកផលិតម្នាក់ក្នុងសមាគមនោះបានរៀបរាប់ថា ត្រូវយកគ្រាប់ពោតក្រហមដែលទុំ គ្រាប់សណ្តែកបាយ កាកសណ្តែកសៀង កន្ទក់ អំបិល ធ្យូង សម្បកខ្យង ខ្ចៅ លៀស គ្រំ ងាវ សំណល់ក្បាលត្រី និងព្រីម៉ិច មកលាយនៅក្នុងម៉ាស៊ីន ហើយកិនឲ្យហ្មត់ រួចយកចំណីដែលកិនបានមកនោះ យកទៅដួសដាក់ក្នុងពាង គ្របទុកឲ្យស្ងួត ទុកបានរយៈពេល ៦ខែ មិនខូចគុណភាពឡើយ។
លោក សំ យ៉ុង រៀបរាប់ដូច្នេះថា ៖ «ឧទាហរណ៍យើងផលិតម្ដង ៤០០គីឡូ អ៊ីចឹងក្នុងមួយមុខ ឧទាហរណ៍ដូចជាពោតអ៊ីចឹង យើងដាក់ ១០០គីឡូក្រាម កន្ទក់ ១២០ ហើយក្ដាំងសណ្ដែក ៨២ សណ្ដែកបាយ ៨២ និងមេចំណី ២០គីឡូ ហើយនិងម្សៅខ្យងគឺយើងយក ៦គីឡូ និងអំបិល ២គីឡូ ធ្យូង ២គីឡូដើម្បីជំនួយឆ្អឹងដើម្បីការពារកុំឲ្យបាក់ឆ្អឹង ធ្វើឲ្យឆ្អឹងរឹងជាតិកាបោនហ្នឹង»។
លោក សំ យ៉ុង បន្តថា ៖ «ក្នុងរយៈពេលតែ ១ម៉ោងទេ គឺបានចំណី ៤០០គីឡូ ក្នុងមួយគីឡូ តម្លៃ ២ពាន់រៀល។ ចំពោះគុណភាពវិញ មិនចាញ់ទីផ្សារទេ ពីព្រោះជាទូទៅ ក្រុមសមាគមកសិករយើងខ្ញុំ គឺកសិករបានលក់ដូរជាបន្តបន្ទាប់រហូតមក»។
មេភូមិឈើលំ លោក តូច គឿន មានប្រសាសន៍ថា កសិករនៅខេត្តកំពង់ស្ពឺ រំពឹងផលស្រូវហូបមិនដែលគ្រប់ក្នុង១ឆ្នាំទេ។ បញ្ហាមកពីដីខ្សាច់ ដីស្រែទួល និងសមាជិកគ្រួសារ កើនពី ១ឆ្នាំ ទៅ ១ឆ្នាំ។ ដើម្បីទប់ទល់បញ្ហានេះ កសិករដែលមានដីស្រែតិច នាំគ្នាទិញ ជីគីមី យកមកបាចស្រូវ ដើម្បីបង្កើនផល។
ប៉ុន្តែការប្រើជីគីមីបានប៉ះពាល់សុខភាព។ ហើយខ្លះទៀត បានងាកទៅចិញ្ចឹមសត្វ មាន់ ជ្រូក និងដាំបន្លែជាដើម។ ប៉ុន្តែពួកគេនៅតែប្រើចំណី ពីជាតិគីមីនិងថ្នាំពុល។ ក្រោយមក មន្រ្តីអង្គការ សេដាក់ និងមន្រ្តីក្រសួងកសិកម្មមកបង្រៀនកសិករឲ្យជៀសឆ្ងាយពីការប្រើថ្នាំពុលនិងជាតិគីមីពុល។ ទើបអ្នកភូមិ ៣០នាក់ ចាប់ផ្តើមចងក្រងគ្នាបង្កើតជាសមាគម ដោយមានចូលហ៊ុនគ្នា ម្នាក់ ១០ម៉ឺនរៀល សម្រាប់ធ្វើដើមទុន ផ្តើមធ្វើចំណីសត្វពីខែមេសា ឆ្នាំ២០០៨មក។ រីឯម៉ាស៊ីនកិនចំណីផ្តល់ពីក្រសួងកសិកម្ម ឲ្យមកសមាគមភូមិឈើលំ ដើម្បីកិនចំណីសត្វពីធម្មជាតិ។ ហើយចំណីផលិតបានមកនោះ ត្រូវបានកសិករនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តតាកែវ មកប្រមូលទិញយកអស់ៗ។
លោក តូច គឿន មានប្រសាសន៍ដូច្នេះថា ៖ «កាត់បន្ថយការទិញនៅផ្សារ ទីផ្សារវាថ្លៃជាង ហើយក្នុងនេះ វាថោកជាងទីផ្សារ។ ទីផ្សារមួយគីឡូ ២៧០០ នៅនេះតែ ២ពាន់គត់ទេ ថោកជាង ៧០០។ ចូលជាសមាជិកក៏ទិញចំណីក្នុងហ្នឹងដែរ ហើយអ្នកសមាជិកក៏ច្រើននាក់ ចិញ្ចឹមជ្រូកដែរ។ តម្លៃពីរពាន់ដូចតែគ្នា មិនថាសមាជិក មិនថាអតិថិជនខាងក្រៅទេ»។
កសិករ ឈ្មោះ ភោ យ៉ុន ទទួលទិញចំណីធម្មជាតិយកទៅចិញ្ចឹមសត្វជ្រូកនិងមាន់ បានអះអាងថា សត្វមាន់និងសត្វជ្រូកនៅពេលស៊ីចំណីផលិតពីធម្មជាតិនេះ វាធន់នឹងជំងឺមិនសូវឆាប់ងាប់។ ហើយគាត់ក៏ចំណេញប្រាក់និងពេលវេលាទៅទិញចំណីពីផ្សារដែរ។ គាត់ថា ការចិញ្ចឹមសត្វជ្រូក បើឲ្យចំណីគីមីនោះ ឆាប់ធំធាត់ក្នុង៣ខែត្រូវចាប់លក់។ បើទុកយូរបន្តិច មិនឆាប់យកវាទៅកាប់ទេ ជ្រូកចុកខ្លាញ់ ងាប់ទៅវិញ។ ប៉ុន្តែការចិញ្ចឹមជ្រូក មាន់ ឲ្យស៊ីចំណីផលិតដោយធម្មជាតិក្នុងស្រុក ការលូតលាស់របស់វាយឺត រហូតដល់ ៤ខែ ទើបអាចចាប់លក់។ ប៉ុន្តែសាច់វា ឆ្ងាញ់ជាងជ្រូក មាន់ដែលចិញ្ចឹមឲ្យចំណីគីមី លក់នៅតាមផ្សារ។
កសិករ ភោ យ៉ុន រៀបរាប់ដូច្នេះថា ៖ «ខ្ញុំអត់ដែលចិញ្ចឹមផង ទើបម៉ាស៊ីនហ្នឹងកើត ទើបចិញ្ចឹម ចំណីផ្សារអត់ដែលចិញ្ចឹមផង ទើបចិញ្ចឹមហ្នឹងទេ។ ហើយបើនេះយើងឃើញជាក់ស្ដែងនៅមុខ ចំណីធម្មជាតិ ឯផ្សារអត់ដឹង មិនដឹងគេលាយអីខ្លះយើងអត់ដឹងទេ ហើយជ្រូកស៊ីដូចដាច់ជាតិអង្កាល់អ៊ីចឹង ហើយវាខុសពីចំណីយើងនៅនេះ»។
ប្រធានសមាគម ក្រុម នៃអង្គការសេដាក់ ប្រចាំភូមិឈើលំ ខេត្តកំពង់ស្ពឺ លោក ថោង លាងគ្រី ឲ្យដឹងថា សមាគមផលិតចំណីសត្វបែបធម្មជាតិនេះ ជាក្រុមធំជាងគេនិងរកចំណូលបានច្រើនជាងគេ ក្នុងចំណោមក្រុមដែលចងក្រង ដោយអង្គការសេដាក់ មានក្រុមសន្សំប្រាក់ ក្រុមការងារស្រ្តី ក្រុមយុវកសិករ ក្រុមផលិតស្រូវសរីរាង្គ ក្រុមចិញ្ចឹមជ្រូក ក្រុមចិញ្ចឹមមាន់ ជាដើម។
លោកថា បច្ចុប្បន្ន ក្រុមសមាគមផលិតចំណីបែបធម្មជាតិនេះ ស្ថិតនៅក្នុងការសាកល្បងការផលិតចំណីសត្វ លក់ដាច់ច្រើនតោនតែនៅក្នុងខែវស្សាប៉ុណ្ណោះ។
សូមជម្រាបថា សមាគមផលិតចំណីសត្វបែបធម្មជាតិនេះ មានទីតាំងនៅភូមិឈើលំ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ៣ បត់ចូលតាមវត្តកាយរោង រំលងភូមិ១ ចូលទៅដល់ភូមិឈើលំ ដែលនៅពីមុខរោងផលិតចំណីនោះ មានសរសេរអក្សរថា សមាគមផលិតចំណីធម្មជាតិ៕