វាសនា​ជន​ភៀស​ខ្លួន​ខ្មែរក្រោម​២៤​នាក់​កំពុង​តែល​តោល

គ្រួសារ​ខែ្មរ​ក្រោម​ចំនួន​២៤​នាក់​ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​មក​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​កំពុង​តែ​ស្ថិត​ក្រោម​ការ​គាំពារ​និង​ឃ្លាំ​មើល​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​សហ​ប្រជាជាតិ ប៉ុន្តែ​ជោគ​វាស​នា​ពួក​គេ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅ​ទ្បើយ​ទេ។

0:00 / 0:00

លោក ម៉ង់ ពុទ្ធី ប្រធាន​សមាគម​ប្រជាធិបតេយ្យ ឯករាជ្យ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រចាំ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​មាន​ប្រសាសន៍​ថា គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ទាំង ២៤​នាក់​នោះ​មាន​សុវត្ថិភាព​ជា​ធម្មតា​ទេ ប៉ុន្តែ​ការ​ហូប​ចុក​គឺ​ពួក​គាត់​ពឹង​ផ្អែក​ដោយ​ខ្លួន​ឯង។

លោក ម៉ង៉ ពុទ្ធី បញ្ជាក់​ថា ៖ «បង​ប្អូន​កម្ពុជា​ក្រោម​គាត់​នៅ​ទី​នេះ គាត់​មាន​ជីវភាព​ធូរធារ គាត់​ជួយ​ឧបត្ថម្ភ​ខ្លះ​ដែរ​ណា! យើង​ជា​អ្នក​ផ្តល់​កន្លែង​ឲ្យ​ស្នាក់​នៅ​»

នាយ​រង​ប៉ុស្តិ៍​នគរបាល​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក តឹក យ៉ាឌី ដែល​បាន​ទទួល​គ្រួសារ​ទាំង​នោះ​ពី​ភាគី​ថៃ​ថ្មីៗ​នេះ បាន​មាន​ប្រសាសន៍​ថា ៖​ «មិន​ថា​កម្ពុជា​ក្រោម ឬ​កម្ពុជា​លើ​អី​ទេ ឲ្យ​តែ​ឃើញ​កម្ពុជា យើង​ទទួល​ហើយ​អប់រំ។ បាន​ថៃ​បញ្ជូន​មក​អ៊ីចឹង​រួច​ទុក្ខ​ទោស​ហើយ។ យើង​អត់​មាន​ធ្វើ​អី​គេ​ទេ គឺយើង​ឲ្យ​គេ​ចេញ​ប្រញាប់​ទៅ​ផ្ទះ​តែ​ម្តង»

ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ចំណោម​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម ២៤​នាក់ ឈ្មោះ ចៅ ហេន ដែល​កំពុង​តែ​រស់នៅ​បណ្តោះ​អាសន្ន​ក្រោម​កិច្ច​គ្រប់​គ្រង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​លើ​នេះ​នៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «សុំ​អំពាវនាវ​ដល់​អាជ្ញាធរ​ប្រទេស​កម្ពុជា​យើង​ដើម្បី​ជួយ​អន្តរាគមន៍​ផ្តល់​សិទ្ធិ​ជ្រកកោន​អ្វី​មួយ​ដែល​ស្រប​ច្បាប់​លើ​ពលរដ្ឋ​របស់​ខ្មែរ ហើយ​ដោយ​មាន​ការ​រស់​នៅ​ពឹង​ពាក់​អាស្រ័យ​ប្រចាំ​ថ្ងៃ»

នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ណា​មួយ​នៅ​ទ្បើយ​ទេ​ពី​មន្រ្តី​ក្រសួង​មហាផៃ្ទ ឬ​ក្រសួង​ការបរទេស​កម្ពុជា អំ​ពី​ជោគ​វាសនា​នៃ​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម ២៤​នាក់​នោះ។

លោក ថាច់ ឈួនយ៉ាត ប្រធាន​អង្គភាព​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ខែ្មរ​កម្ពុជា​ក្រោម​នៅ ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​តាមដាន​ករណី​ខាង​លើ​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ត្រង់​ថា ទី​១ គាត់​អត់​មាន​ទី​ជម្រក​មិន​ដឹង​គាត់​ទៅ​នៅ​ឯណា! មួយ​ទៀត បើ​អាជ្ញាធរ​របស់​កម្ពុជា​យើង​ហ្នឹង​មាន​ការ​ចាត់​វិធានការ​ឲ្យ​ស្នាក់​នៅ​ប្រទេស​កម្ពុជា​នេះ​ជា​ការ​ល្អ​មួយ ហើយ​ប្រហែល​ជា​គាត់​នៅ​ហើយ​មិន​ទៅ​ណា​ទេ។ ប៉ុន្តែ​បើ​សិន​ណា​មាន​ការ​ចាប់​បញ្ជូន​ទៅ​វៀតណាម​វិញ​នោះ គឺ​គ្រោះថ្នាក់​ណាស់ ព្រោះ​ពួក​គាត់​មក​ហ្នឹង​ព្រោះ​មាន​បញ្ហា​តវ៉ា​រឿង​ដី​ធ្លី​ជា​មួយ​វៀតណាម​»

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន ២៤​នាក់​ខាង​លើ​នេះ បាន​រត់​គេច​ខ្លួន​ពី​ខេត្ត​អានយ៉ាង ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម ដែល​កំពុង​កាន់កាប់​ដោយ​វៀតណាម កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣ ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​បាន​តាម​ចាប់​ខ្លួន ដោយសារ​តែ​ពួក​គាត់​ទាំង​នោះ​បាន​ងើប​តវ៉ា​ទាមទារ​ដី​ធ្លី​ពី​ដូន​តា​មក​វិញ កាល​ពី​ឆ្នាំ​២០០៧​កន្លង​ទៅ។ ក្រោយ​មក​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថៃ្ង​សៅរ៍ ចុង​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា៕