របាយការណ៍​របស់​FBI​អំពី​រឿង​គប់​គ្រាប់បែក​មុខ​រដ្ឋ​សភា​ឆ្នាំ​១៩៩៧

បើ​គិត​តាំង​ពី​ថ្ងៃ​មាន​រឿង​គប់​គ្រាប់​បែក​តាំង​ពី​ឆ្នាំ​១៩៩៧ មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​១២​ឆ្នាំ​ហើយ ប៉ុន្តែ​ប៉ូលិស​នៅ​មិន​ទាន់​រក​ឃើញ​ឃាតករ​គប់​គ្រាប់បែក​លើ​ហ្វូង​បាតុករ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១០​នាក់​និង​របួស​ជាង​១០០​នាក់​នោះ​នៅ​ឡើយ​ទេ។

0:00 / 0:00

រយៈពេល​១២​ឆ្នាំ​មក​ហើយ​តាំង​ពី​មាន​ការ​បោក​គ្រាប់បែក​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​កាល​ពី​ឆ្នាំ​១៩៩៧ ទៅ​លើ​ហ្វូង​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី រហូត​មកដល់​ពេល​នេះ ឃាតករ​និង​អ្នក​នៅ​ខាង​ក្រោយ​ខ្នង​នៃ​អំពើ​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​វែក​មុខ​ឃើញ​នៅ​ឡើយ​ទេ។

ប្រភព​ពី​កាសែត​ឌឹ ខេមបូឌា ដេលី បាន​ចេញ​របាយការណ៍​មួយ​ជា​ចំហ​របស់​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត FBI ក្រោយ​ពី​បាន​ស្រាវជ្រាវ​ទាក់ទង​ទៅ​នឹង​អំពើ​បោក​គ្រាប់បែក​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ទៅ​លើ​បាតុករ​ក្រុម​អ្នក​ប្រឆាំង។

តំណាង​រាស្ត្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​សមរង្ស៊ី លោក យឹម សុវណ្ណ បាន​ថ្លែង​ថា ១២​ឆ្នាំ​មក​ហើយ​ដែល​ក្រុម​អ្នក​រង​គ្រោះ​បាន​រង់ចាំ​មើល​យុត្តិធម៌ ប៉ុន្តែ​វា​ហាក់ដូច​ជា​ស្ងាត់​ទៅៗ។ លោក​បន្ទោស​អំពី​ការ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រុម​អ្នក​ប្រឆាំង​នៅ​តែ​បន្ត​ទាមទារ​យុត្តិធម៌។

លោក យឹម សុវណ្ណ ថ្លែង​ថា ៖ «១២​ឆ្នាំ​មក​ហើយ​ដែល​យើង​រង់ចាំ​យុត្តិធម៌។ កន្លង​មក​ហ្នឹង គឺ​ថា​ក្រសួង​មហាផ្ទៃ​អាច​ធ្វើ​អ្វីៗ​បាន ឲ្យ​អ្វី​ដែល​គេ​ចង់​គឺ​គេ​អាច​ធ្វើ​បាន ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ក្នុង​ករណី​នេះ​ហេតុ​អ្វី​មិន​អាច​ធ្វើ​បាន? ដូច​ករណី ហេង ពៅ ទៅ​ដល់​ម៉ាឡេស៊ី​ហើយ​នៅ​តែ​គេ​អាច​ចាប់​មក​កាត់​ទោស​នៅ​ស្រុក​ខ្មែ​បាន តែ​ខ្ញុំ​ឆ្ងល់​ករណី​នេះ​ហេតុ​អី​គេ​ចាប់​មិន​បាន?»

កាល​ពី​ខែ​មីនា ឆ្នាំ​១៩៩៧ លោក សម រង្ស៊ី ដែល​កាល​នោះ​លោក​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ បាន​ដឹក​បាតុកម្ម​មួយ​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត និង​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​តុលាការ ដោយ​មាន​មនុស្ស​រាប់​រយ​នាក់​ចូល​រួម។

នៅ​អំឡុង​ពេល​នៃ​ការ​តវ៉ា​ទាមទារ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ចាស់ ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ​សុធារស ទល់​មុខ​សួន​ច្បា​វត្ត​បទុមវត្តី គ្រាប់បែក​ចំនួន​៤​គ្រាប់​ត្រូវ​បាន​គេ​គប់​ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោច​ណាស់​១៦​នាក់​ស្លាប់ ដែល​ក្នុង​នោះ​មាន​អង្គរក្ស​ផ្ទាល់​លោក សម រង្ស៊ី ដែល​កំពុង​នៅ​ឈរ​ក្បែរ​លោក​ផង​នោះ​ស្លាប់​និង​មាន​មនុស្ស​ជាង​១០០​ទៀត​របួស។

ក្រោយ​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​នោះ​ភ្លាមៗ លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​ក្នុង​រឿង​នេះ ប៉ុន្តែ​ត្រូវ​បាន​លោក​បដិសេធ​ដាច់​ណាត់​មក​វិញ។

អតីត​អ្នក​ដឹកនាំ​ការ​ស៊ើប​អង្កេត​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ គឺ​លោក ថូម៉ាស់ នីកូលែតទី (Thomas Nicoletti) បាន​ឲ្យ​កាសែត ឌឹ ខេមបូឌា ដេលី ដឹង​ក្រោយ​ពី​ការ​ចេញ​របាយការណ៍​នោះ​ថា ភស្តុតាង​ដែល​ភ្ជាប់​កង​កម្លាំង​​ដែល​ស្មោះត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​អំពើ​នោះ គឺ​មាន​ច្រើន ប៉ុន្តែ​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ​លោក ខៀវ កាញារីទ្ធ មិន​អាច​ទាក់​ទង​បំភ្លឺ​បាន​ឡើយ​នៅ​ក្នុង​ថ្ងៃ​នេះ ជុំវិញ​កំណត់​ត្រាថ្មី​របស់ FBI ដោយ​ទូរស័ព្ទ​របស់​លោក​មាន​អ្នក​ទទួល​ជំនួស​ប្រាប់​ថា លោក​មិន​នៅ។ រី​ឯ​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​លោក​ឧត្តមសេនីយ៍ សុខ ផល មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក ទុក​ឲ្យ​លោក​ឧត្តម​សេនីយ៍ ខៀវ សុភ័គ វិញ ហើយ​លោក​ឧត្តម​សេនីយ៍ ខៀវ សុភ័គ បាន​ទុក​ឲ្យ​លោក​ឧត្តម​សេនីយ៍ តេង សាវង្ស វិញ ហើយ​ចុង​ក្រោយ​លោក​ឧត្តម​សេនីយ៍ តេង សាវង្ស បាន​ថ្លែង​ថា លោក​ជាប់​រវល់​ប្រជុំ។

នៅ​ក្នុង​បទសម្ភាសន៍​របស់​កាសែត ឌឹ ខេមបូឌា ដេលី ដដែល​បាន​ស្រង់​សំដី​របស់​លោក ថូម៉ាស់ ដែល​បាន​និយាយ​ថា សកម្មភាព​ចេតនា​បំភ័ន្ត​និង​យឺតយ៉ាវ​របស់​នគរបាល​កម្ពុជា​នោះ FBI បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​ដោយ​មិនឲ្យ​ពួកគេ​ដឹង​ឡើយ៕