ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងទាហានខ្មែរ និងថៃ ក្នុងរឿងទំនាស់ព្រំដែនដោយប្រើសុទ្ធតែកាំភ្លើងធំបាញ់ដាក់គ្នាជាច្រើនម៉ោង នៅថ្ងៃសៅរ៍ទី ២៣ មេសា បណ្ដាលឱ្យប្រជាពលរដ្ឋស៊ីវិលភ័យខ្លាចបានភៀសខ្លួនចេញពីផ្ទះសម្បែងកាន់តែច្រើនឡើងៗ។
មន្ត្រីសាលាខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីមានការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីនៃតំបន់ជាយដែនខ្មែរ-ថៃ ចម្ងាយប្រមាណជាង ៤០ គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីទីរួមខេត្ត រយៈពេលពីរថ្ងៃជាប់ៗ គ្នាមកនេះ បណ្ដាលឱ្យជនភៀសសឹករាប់ពាន់នាក់ បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងកាន់តែច្រើនឡើងៗ ទៅរកទីកន្លែងសុវត្ថិភាពជាបណ្ដោះអាសន្ន។
លោក ស៊ិន ប៉ាក់ នាយកទីចាត់ការផែនការ និងវិនិយោគ របស់សាលាខេត្តឧត្តរមានជ័យ មានប្រសាសន៍នៅថ្ងៃសៅរ៍ទី ២៣ ខែមេសាថា ចំនួនជនភៀសសឹក ដែលគេចចេញពីក្បែរតំបន់ប្រយុទ្ធគ្នា បានកើនឡើងជាង ១១០០ គ្រួសារហើយរហូតមកដល់ថ្ងៃត្រង់នេះ។
លោក ស៊ិន ប៉ាក់ ៖ «យើងចែកជា ២ វត្តនៅវត្តសំរោងមួយ នៅវត្តធម្មយុត្តិមួយ។ នៅវត្តធម្មយុត្តិអំបាញ់មិញយើងបាន ៥៥៥ គ្រួសារស្មើនឹង ២០៩៣ នាក់។ ហ្នឹងមកពីខាងស្រុកបន្ទាយអំពិលមាន ៤ ឃុំ។ ចេញមកទាំងអស់។ ប៉ុន្តែគ្រាន់ថាតំបន់ ដែលនៅជាយដែនដូចជាប្រាសាទតាមាន់ តាក្របី ឬក៏គោកមន គោកខ្ពស់ ដែលជិតហ្នឹងគាត់មកច្រើន។ ភូមិផ្សេងៗ មកឆ្លាស់ៗ ទេ។ អ្នកដែលខ្លាចហើយនៅក្រុងសំរោងហ្នឹងភូមិខាងឃុំបន្សាយរក្សហ្នឹង គាត់ជាប់ព្រំដែន អីចឹងគាត់មក»។
កាកបាទក្រហមកម្ពុជា និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយប្រចាំតំបន់ និងអាជ្ញាធរខេត្តកំពុងតែខ្នះខ្នែងក្នុងការជួយផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន និងម្ហូបអាហារឱ្យជនភៀសសឹកខ្មែរទាំងនោះ។
លោក ស សេងហ៊ាង គណៈកម្មការប្រតិបត្តិរបស់សាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ចំនួនជនភៀសសឹក ដែលចាកចេញពីផ្ទះសម្បែងនៅជិតតំបន់ព្រំដែនខ្មែរ-ថៃ មានកាន់តែច្រើនឡើង បន្ទាប់ពីអ្នកភូមិភ័យខ្លាចចំពោះការប្រយុទ្ឋគ្នានៅតំបន់ព្រំដែនខ្មែរ-ថៃនោះ។
លោក ស សេងហ៊ាង ៖ «រត់មកខ្លះបានអង្ករទៅ ខ្លះអត់បានអង្ករ។ ប៉ុន្តែខាងស្រុក ខេត្ត ក្រុង ជាមួយកាកបាទក្រហម ហើយនិងខាងគ្រោះមហន្តរាយខេត្តនោះ បានឯកភាពគ្នាផ្តល់អង្ករដាំបាយឱ្យហូបរួម ហើយម្ហូបរួមដែរ។ ដោះស្រាយមួយថ្ងៃពីរថ្ងៃនេះ ហើយថ្ងៃស្អែកកាកបាទក្រហមនឹងដឹកស្បៀងមកដល់។ រីឯខាងមន្ទីរសុខាភិបាលមានតង់ចល័តរបស់គេ គេយកតង់ប្រចាំការនៅទាំង ២ កន្លែង នោះឯង។ មានតែនៅឯស្រុកបន្ទាយអំពិលនៅឯស្រះស្រង់នោះយើងអត់មានប៉ុស្តិ៍សុខភាពយកទៅដាក់ទេ ប៉ុន្តែ នៅជិតមណ្ឌលសុខភាពនោះឯង»។
មន្ត្រីកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានឱ្យដឹងថា គេបានត្រៀមរៀបចំមណ្ឌលជនភៀសសឹកមួយកន្លែង នៅស្រុកចុងកាល់ ចម្ងាយប្រមាណជាង ៦០ គីឡូម៉ែត្រ ភាគខាងកើតតំបន់ព្រំដែនប្រយុទ្ធគ្នានោះ ហើយគេនឹងដឹកជញ្ជូនជនស៊ីវិលភៀសសឹកទាំងអស់ទៅដាក់នៅក្នុងមណ្ឌលលនោះប្រសិនការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅតាមព្រំដែននៅតែបន្តទៅទៀត។
កាលពីព្រឹកថ្ងៃសៅរ៍ទី ២៣ ខែមេសានេះ ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃនៅជិតតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី បានចាប់ផ្ដើមម្ដងទៀត ចាប់តាំងពីម៉ោងជាង ៦ រហូតដល់ម៉ោង ១១ កន្លះ។
ទាហានខ្មែរបានរាយការណ៍ថា ការប្រយុទ្ធគ្នាជាង ៣ ម៉ោងថ្ងៃសៅរ៍នេះ បណ្ដាលឱ្យទាហានខ្មែរម្នាក់ស្លាប់ ប៉ុន្តែ ចំនួនអ្នករបួសមិនមានការអះអាងឡើយ។
ចំណែកកាសែត ឌឹណេហ្សិន (The Nation) បានឱ្យដឹងថា ទាហានថៃម្នាក់ស្លាប់ និង ១១ បានរងរបួសនៅក្នុងការប្រយុទ្ធគ្នាចុងក្រោយនេះ។
កាលពីថ្ងៃសុក្រទី ២២ ខែមេសា ទាហានខ្មែរ និងថៃបានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅជិតប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី បណ្ដាលឱ្យទាហានខ្មែរស្លាប់ ៣ នាក់ និង ៦ នាក់រងរបួស។ ចំណែកទាហានថៃបានស្លាប់ចំនួន៤នាក់ និង ៨ នាក់ផ្សេងទៀតរងរបួស។
លោក រឿង ហាំ ជំទប់ទី ២ ឃុំគោកខ្ពស់ ដែលនៅជិតតំបន់ព្រំដែន បានអះអាងថា ក្នុងការប្រយុទ្ធគ្នារវាងទាហានខ្មែរ និងថៃនៅជិតប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី កាលពីព្រឹកថ្ងៃសៅរ៍ទី ២៣ ខែមេសានេះ គ្រាប់កាំភ្លើងធំរបស់ថៃបានបាញ់ចូលភូមិខ្មែរ បណ្ដាលឱ្យឆេះ ខូចខាតផ្ទះចំនួន ៩ ខ្នងនិងសាលារៀន ១ ខ្នង។
លោក រឿង ហាំ ៖ «ឆេះសាលារៀនអស់ ១ ខ្នង ហើយ និងឆេះផ្ទះប្រជាពលរដ្ឋអស់ប្រហែល ៦ ខ្នងនៅភូមិបុសធំ។ ឆេះប្រហែលជាម៉ោង ៨ ម៉ោង ៩ នេះឯង»។
អ្នកនាំពាក្យក្រសួងការពារជាតិនៃប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយថា ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងខេត្តឧត្តរមានជ័យនៅតែបន្តការគំរាមកំហែងឈ្លានពានពីសំណាក់កងទ័ពថៃ ដែលមិនត្រឹមតែលើវិស័យយោធាប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សេចក្ដីសុខសាន្តរបស់ជនស៊ីវិលកម្ពុជាទៀតផង៕