ទាហាន​ខ្មែរ-​ថៃ​ប៉ះ​ប្រយុទ្ធ​គ្នា​ជា​ថ្មី

កង​ទាហាន​ខ្មែរ-​ថៃ នៅ​តាម​តំបន់​ព្រំដែន បាន​ប៉ះ​ប្រយុទ្ធ​​​គ្នា​ជា​ថ្មី​ទៀត​នៅ​​​ថ្ងៃ​ទី​២២ មេសា​នេះ ដែល​បាន​បណ្ដាល​ឲ្យ​ទាហាន​ទាំង​សងខាង​ស្លាប់ និង​របួស​មួយ​ចំនួន។

០៦-កុម្ភៈ-២០១០: អាវុធ​ប្រឆាំង​យន្តហោះ​ធុន DCA របស់​ទាហាន​ខ្មែរ​នៅ​ក្នុង​បន្ទាយ​ជិត​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ
០៦-កុម្ភៈ-២០១០: អាវុធ​ប្រឆាំង​យន្តហោះ​ធុន DCA របស់​ទាហាន​ខ្មែរ​នៅ​ក្នុង​បន្ទាយ​ជិត​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ (RFA Photo/Hang Savyouth)

ប្រភព​ពី​កង​យោធា​ខ្មែរ​ដែល​កំពុង​ប្រយុទ្ធ​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ បាន​ឲ្យ​ដឹង​ថា ទាហាន​ខ្មែរ-​ថៃ បាន​វាយ​​ប្រយុទ្ធ​គ្នា​ជា​លើក​ទី​២ កាល​ពី​ម៉ោង​ប្រមាណ ១២​ថ្ងៃ​ត្រង់ នៅ​ជិត​ប្រាសាទ​តាក្របី នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា​នេះ បន្ទាប់​ពី​កងទ័ព​ទាំង​សងខាង​បាន​ប្រយុទ្ធ​គ្នា​រយៈ​ពេល​ជាង ៣​ម៉ោង ចាប់​តាំង​ពី​ម៉ោង​ជាង ៦ រហូត​ដល់​ម៉ោង​ជាង ១០​ព្រឹក​ម្ដង​មក​ហើយ​នោះ។

ទាហាន​ខ្មែរ​ម្នាក់​ដែល​កំពុង​ប្រយុទ្ធ​នៅ​តំបន់​ប្រាសាទ​តាមមាន់ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា ថា ទាហាន​ថៃ ដែល​មាន​អាវុធ​គាំទ្រ​ថ្មើរ​ជើ់ង និង​កាំភ្លើង​ធំ​​បាញ់​ចេញ​ពី​លើ​រថក្រោះ​ផង បាន​វាយ​ប្រហារ​មក​លើ​កងយោធពលខេមរភូមិន្ទ​ជា​លើក​ទី​២ នៅ​ប្រាសាទ​តាក្របី បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​លើក​ទី​១​បាន​ស្ងប់ស្ងាត់​ប្រហែល​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ ៖ «វ៉ៃ​ហើយ! វ៉ៃ​ខ្លាំង​ហើយ! កុំ​ចុច (ទូរស័ព្ទ) មក ។ បាទ! នេះ​កំពុង​វ៉ៃ​ហើយ...»

ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ពី​ទាហាន​នៅ​តំបន់​ប្រយុទ្ធ​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាង ៣​ម៉ោង​រវាង​ទាហាន​ខ្មែរ-​ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី​​នោះ បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ ២​នាក់​ស្លាប់ និង ៥​នាក់​ផ្សេង​ទៀត​រង​របួស ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ទាំង​ពីរ​លើក។ ក៏ប៉ុន្តែ​តួលេខ​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា នៅ​ឡើយ​ទេ។

ចំណែក​កាសែត បាងកក ប៉ុស្តិ៍ (Bangkok Post) បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​រង​យោធា​ថៃ ​គឺ​អ្នកស្រី សិរ៉ីចាន់ ង៉ាថង (Sirichan Ngathong) ដែល​អះអាង​កាល​ពី​វេលា​ម៉ោង​ជាង ១​រសៀល​ថ្ងៃ​សុក្រ ថា ក្នុង​ការ​​ប្រយុទ្ធ​គ្នា​នោះ គឺ​ទាហាន​ថៃ​ចំនួន ៤​នាក់​បាន​ស្លាប់ និង ៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស គិត​ត្រឹម​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា​នេះ។

ក៏​ប៉ុន្តែ​តួលេខ​ដែល​មន្ត្រី​យោធា​ថៃ​អះអាង​នេះ គឺ​វា​ផ្ទុយ​នឹង​ការ​អះអាង​របស់​ទាហាន​ខ្មែរ​នៅ​តំបន់​ប្រយុទ្ធ​ដែល​ថា គេ​បាន​ឃើញ​ទាហាន​ថៃ​ចំនួន ១៣​នាក់​បាន​ស្លាប់ និង​ជាង ២០​នាក់​ផ្សេង​ទៀ ត​ បាន​រង​របួស។

អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ទាហាន​ខ្មែរ-​ថៃ កំពុង​ប្រយុទ្ធ​គ្នា​ដោយ​បាញ់​កាំភ្លើង​ដៃ និង​កាំភ្លើង​ធំ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ គឺ​គ្រាប់​កាំភ្លើង​ធំ​របស់​ទាហាន​ថៃ មួយ​ចំនួន​បាន​ផ្លោង​ចូល​មក​ក្នុង​ភូមិ​ជន​ស៊ីវិល​ខ្មែរ​ដែល​នៅ​ចម្ងាយ​ប្រមាណ​ជាង ២០​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​ជាយ​ដែន​ខ្មែរ-​ថៃ។

លោក អួន វី មេ​ឃុំ​គោកមន នៃ​ស្រុក​បន្ទាយអំពិល បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ថា គ្រាប់​កាំភ្លើង​ធំ​របស់​ទាហាន​ថៃ បាន​ផ្លោង​ធ្លាក់​នៅ​ក្នុង​ភូមិ​ប្រជាពលរដ្ឋ​របស់​លោក ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​រង​គ្រោះ​ដល់​ប្រជាពលរដ្ឋ​ណា​មួយ​ទេ ៖ «ខ្ញុំ​បាន​ជូន​​កងរាជអាវុធហត្ថ​ទៅ​មើល​រណ្ដៅ​គ្រាប់​បាន ២​កន្លែង ដែល​ឮ​សូរ​ផ្ទុះ​ចំនួន ២​គ្រាប់ នៅ​ក្នុង​ទឹកដី​ភូមិ​គោកស្វាយ ចម្ងាយ​​ពី​វត្ត​តាណេស​ប្រហែល​ជា​ជាង ១០០​ម៉ែត្រ»

នៅ​ថ្ងៃ​ផ្ទុះ​អាវុធ​នេះ​ដែរ លោក​ឧត្តមសេនីយ៍ ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា បាន​អះអាង​ថា ការ​ប្រយុទ្ធ​គ្នា​នោះ គឺ​បណ្ដាល​មក​ពី​ទាហាន​ថៃ បាន​លួច​ឆ្លង​ដែន​ចូល​មក​វាយ​ឆ្មក់​លើ​​កង​ទាហាន​ខ្មែរ​មុន​​នៅ​តំបន់​ប្រាសាទ​តា​ក្របី រហូត​ដល់​តំបន់​ជប់គគីរ ចាប់​តាំង​ពី​ម៉ោង​ជាង ៦​ព្រឹក ហើយ​នៅ​ពេល​ដែល​ថៃ វាយ​ឆ្មក់​មក​លើ​ទាហាន​ខ្មែរ​នោះ គឺ​ទាហាន​ថៃ ក៏​បាន​ប្រើ​កាំភ្លើង​ផ្លោង​ធុន​ធ្ងន់ ធុន​១៥៥ មីលីម៉ែត្រ​បាញ់​ចូល​ភូមិ​ជន​ស៊ីវិល​ខ្មែរ ដែល​នៅ​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន​ទៀត​ផង។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ផ្ទុះ​អាវុធ​ដដែល​នោះ ទាហាន​ខ្មែរ​នៅ​តែ​មាន​ការ​ត្រៀម​ប្រយុទ្ធ​នៅ​ឡើយ នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​ថៃ ចំណែក​ឯ​ការ​ជួប​ចរចា​គ្នា ឬ​ការ​ទាមទារ​សំណង​អ្វី​ផ្សេងៗ​ដែល​ខូចខាត​នោះ គេ​នឹង​រង់ចាំ​ជជែក​គ្នា​នៅ​ពេល​ក្រោយ។

នេះ​ជា​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ទៀត​រវាង​ទាហាន​ខ្មែរ-​ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​​នា​ឆ្នាំ​នេះ បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​មក។

ខ្មែរ​ធ្វើ​សន្និសីទ​កាសែត​សរុប​របាយការណ៍​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា

នៅ​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​រវាង​កម្ពុជា-​ថៃ រួច​មក កម្ពុជា​ធ្វើ​សន្និសីទ​កាសែត​បន្ទាន់​មួយ​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២២ មេសា​នេះ។

លោក សុខ សេរី មាន​សេចក្ដី​រាយការណ៍​ផ្ទាល់​ពី​ទី​នោះ ៖

កម្ពុជា​ផ្ញើ​លិខិត​ទៅ​អាស៊ាន​និង​ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.

ក្រោយ​ពី​ជួប​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរ-​ថៃ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ មេសា​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្ញើ​លិខិត​ចំនួន​ពីរ​ទៅ​ស្ថាប័ន​ផ្សេង​គ្នា គឺ​ទៅ​ប្រធាន​អាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) និង​ទៅ​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ លោក ណេសស្ទើរ អូសូរីយ៉ូ (Nestor Osorio)។

នៅ​ក្នុង​លិខិត​ទាំង​ពីរ​នោះ​បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​ជា​ការ​ឈ្លានពាន​ពី​ភាគី​ថៃ ជា​ថ្មី​ទៀត ហើយ​បាន​រំលោភ​រាល់​ឧបករណ៍​ច្បាប់ និង​រំលោភ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​ថ្ងៃ​ទី​១៤ កម្ភៈ ឆ្នាំ​២០១១ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​ដូច​ជា​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១១ ដែល​បាន​អំពាវនាវ​ឲ្យ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍៕