សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា មានគម្រោងប្រជុំសមាជលើកទី១ របស់រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួនទាក់ទងជាមួយជោគវាសនាប្រទេសជាតិ និងការប្រជុំនេះជាការបើកផ្លូវឲ្យមានការកោះប្រជុំសមាជរបស់ស្ថាប័នជាន់ខ្ពស់ជាតិទាំងពីរសម្រាប់ពេលអនាគតទៀតផង។
លោក ប៉ែន បញ្ញា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំព្រាងបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២២ មេសា ថា សមាជលើកទី១របស់សមាជិករដ្ឋសភា និងព្រឹទ្ធសភានេះ ពិភាក្សាតែចំពោះសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់សមាជប៉ុណ្ណោះ។
លោកបន្តថា ៖ «សមាជលើកដំបូងនោះ មានភារកិច្ចតែមួយទេ គឺរៀបចំបទបញ្ជាផ្ទៃក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា អនុម័តអាហ្នឹង ហើយទៅបានថ្ងៃក្រោយទៅ មានការប្រជុំសមាជលើកទី១ លើកទី២ ប្រជុំសមាជលើកទី៣ ទៅតាមការសម្រេចរបស់គណៈកម្មការសមាជ»។
លោក ប៉ែន បញ្ញា បានឲ្យដឹងថា បទបញ្ជាផ្ទៃក្នុងរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភានោះ បានរៀបចំព្រាងរួចហើយ មាន ១០ជំពូក ចែកចេញជា ៣១ប្រការ ហើយអ្នកដឹកនាំសមាជដំបូងមានគណៈកម្មាធិការដឹកនាំមួយដែលមានមន្ត្រី ៦រូប ដែលសមាសភាពជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា អនុប្រធានទាំង២របស់ព្រឹទ្ធសភា និងអនុប្រធានទាំង២ របស់រដ្ឋសភា។
លោក ប៉ែន បញ្ញា បន្ថែមថា ៖ «តាមពិតទៅ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ មាត្រា១១៦ និង ១១៧ថ្មី។ ចែងថា សភាទាំង២នោះអាចប្រជុំគ្នាជាសមាជ ដែលយើងហៅថា សមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិនិត្យដោះស្រាយទៅលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី២០ មេសា របស់អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានឲ្យដឹងថា គណៈកម្មាធិការសមាជបានប្រជុំកាលពីថ្ងៃទី២០ មេសា កន្លងទៅ ក្រោមអធិបតីភាពរបស់សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ប្រធានសមាជស្ដីទី ដើម្បីស្ដាប់សេចក្ដីរាយការណ៍របស់លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការចំពោះកិច្ចរៀបចំព្រាងបទបញ្ជាផ្ទៃក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា។ ពិនិត្យ និងសម្រេចលើសេចក្ដីព្រាងរបៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការចំនួន ៤រូប សម្រាប់ថ្ងៃប្រជុំសមាជដំបូង។ ពិនិត្យគំនូសព្រាងសម្រាប់រៀបអាសនានុក្រមជូនសមាជិក សមាជិកា សមាជលើកដំបូងនៅសាលប្រជុំរដ្ឋសភា។
ចំពោះការកោះប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១នេះ សមាជិកសភាមួយចំនួនមកពីគណបក្សមិនមានអាសនៈក្នុងរដ្ឋាភិបាល បានមានប្រសាសន៍ថា ប្រជុំសមាជនេះមិនមានភាពចាំបាច់ឡើយសម្រាប់ស្ថានភាពប្រទេសជាតិបច្ចុប្បន្ននេះ។
លោក គឹម សួរភារិទ្ធ សមាជិកសភា និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានមានប្រសាសន៍នៅថ្ងៃទី២២ មេសា ថា គណបក្ស សម រង្ស៊ី កំពុងតែរៀបចំប្រជុំពិភាក្សាថា តើគណបក្សគួរចូលរួមក្នុងសមាជនោះ ឬក៏អត់?
លោកមានប្រសាសន៍ដូច្នេះ ៖ «យើងកំពុងស្ថិតនៅក្នុងការពិភាក្សាគ្នាថា បើសិនជាយើងចូលរួម តើវាមានសារប្រយោជន៍អីខ្លះ? ហើយបានយើងធ្វើការសម្រេចចិត្តជាក្រោយ។ ប្រហែលជានៅពេលខាងមុខ ស្អែកៗនេះ យើងមានការប្រជុំសមាជិកព្រឹទ្ធសភា និងរដ្ឋសភា គណបក្សយើង ដើម្បីយើងកំណត់គោលនយោបាយ ថា តើយើងទៅចូលរួម ឬមិនចូលរួម? ហើយបើទៅចូលរួម តើយើងធ្វើអ្វីខ្លះដើម្បីមានប្រយោជន៍ដល់ស្ថាប័នសភា?»។
លោក គឹម សួរភារិទ្ធ បានមានប្រសាសន៍ថា តាមយោបល់លោកផ្ទាល់ សមាជរដ្ឋសភា និងព្រឹទ្ធសភានាពេលនេះ មិនបាច់ធ្វើក៏បានដែរ ពីព្រោះសមាជនេះមិនសង្ឃឹមថា ហ៊ាននិយាយរិះគន់ការខុសឆ្គងរបស់រដ្ឋាភិបាលក្នុងការអនុវត្ត និងដឹកនាំប្រទេសជាតិនោះឡើយ។
លោកបន្ថែមថា ៖ «ការធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភានេះ មិនចាំបាច់ ខ្ញុំមើលទៅ ពីព្រោះនៅពេលដែលគណបក្សកាន់អំណាចកាន់កាប់អាសនៈលើសលប់នៅក្នុងស្ថាប័នទាំង២នេះ ហើយស្ថាប័ននោះនៅតែបម្រើផលប្រយោជន៍អ្វីដែលជាគោលបំណងគណបក្សកាន់អំណាច។ ខ្ញុំគិតថា សមាជនេះប្រហែលជាដើម្បីបំពេញកិច្ចឲ្យមើលឃើញថា ស្ថាប័នទាំង២នេះវានៅក្រៅអំណាចរដ្ឋាភិបាល ប៉ុន្តែធាតុពិតស្ថាប័នទាំង២នេះវានៅតែប្រថាប់ត្រាឲ្យស្ថាប័ននីតិប្រតិបត្តិអីចឹងដដែល»។
លោក ញ៉ែម បុញ្ញាឫទ្ធិ សមាជិកសភាមកពីគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ទាក់ទងការរៀបចំប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានេះថា លោកមានការព្រួយបារម្ភចំពោះការរៀបចំសមាជនោះ ហើយលោកយល់ថា សមាជរវាងព្រះមហាក្សត្រជាមួយមហាជនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែរ គណបក្សកាន់អំណាចមិនបានអនុវត្តតាមរដ្ឋធម្មនុញ្ញឡើយ ហើយលោកបានហៅ ការរៀបចំសមាជនៅពេលនេះថា ជាសមាជដើម្បីបម្រើគណបក្សនយោបាយតែប៉ុណ្ណោះ។
លោក ញ៉ែម បុញ្ញាឫទ្ធិ មានប្រសាសន៍បន្ថែមដូច្នេះ ៖ «សេចក្ដីស្នើច្បាប់ដែលស្នើដោយតំណាងរាស្ត្រ និងព្រឹទ្ធសភាគណបក្សប្រជាជននេះ ដែលស្នើសុំជុំវិញសមាជរដ្ឋសភា និងព្រឹទ្ធសភានេះ យើងមានការព្រួយបារម្ភខ្លាំងមែនទែន ដោយក្នុងនោះ មានចែងពីកូរ៉ុម យកតែ ៥០ + ១ ហើយនិងក្ដីអនុម័តយកតែ ៥០ + ១។ ការអនុម័តរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភានេះ មានសារសំខាន់សម្រាប់ប្រទេសជាតិ។ យើងយល់ថា អ្វីដែលមានការសម្រេចសំខាន់បំផុតសម្រាប់ប្រទេសជាតិ ត្រូវតែមានកូរ៉ុម ២ ភាគ ៣ ហើយការសម្រេចនោះឲ្យបាន ២ ភាគ ៣ ដែរ»។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានសមាជ បានឲ្យដឹងថា កិច្ចប្រជុំសមាជលើកដំបូងគឺប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី២៦ មេសា ឆ្នាំ២០១១ វេលាម៉ោង ៨ :៣០នាទីព្រឹក នៅសាលប្រជុំរដ្ឋសភា៕