សម្ដេច​ក្រុមព្រះ​បដិសេធ​មិន​យាង​ទៅ​ធ្វើ​ជា​ព្រះ​ប្រធាន​បក្ស​ហ៊្វុនស៊ិនប៉ិច

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គណបក្ស នរោត្តម រណឫទ្ធិ បាន​អះអាង​ថា លោក ញឹក ប៊ុនឆៃ ដែល​បច្ចុប្បន្ន​​ជា​ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​ហ៊្វុស៊ិនប៉ិច បាន​ពឹងពាក់​​​​ឧកញ៉ា​ដែល​មាន​ឥទ្ធិពល​​ខ្លះ​ឱ្យ​ជួយ​បញ្ចុះ​បញ្ចូល​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដើម្បី​ឱ្យ​យាង​ត្រឡប់​ទៅ​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ។

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បច្ចុប្បន្ន​ជា​ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បាន​មាន​ព្រះ​បន្ទូល​កាល​ពី​ពេល​ថ្មីៗ​​​ថា ព្រះអង្គ​នឹង​មិន​យាង​ត្រឡប់​ទៅ​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​ទេ បើ​ទោះ​បី​ជា​គណបក្ស​នោះ​ត្រូវការ​ព្រះអង្គ​ក៏ដោយ ក៏​ប៉ុន្តែ​គណបក្ស នរោត្តម រណឫទ្ធិ ដែល​ជា​គណបក្ស​ថ្មី​របស់​ព្រះអង្គ​កំពុង​បើក​ទ្វារ​រង់ចាំ​ទទួល​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទាំង​ឡាយ​ណា ដែល​ចង់​មក​រួបរួម​នយោបាយ​ជាមួយ​ព្រះអង្គ។

ព្រះ​បន្ទូល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះអង្គ​អះអាង​ថា ក្រុម​លោក ញឹក ប៊ុនឆៃ កំពុង​ត្រូវ​ការ​ព្រះអង្គ​ឱ្យ​វិល​ត្រឡប់​ទៅ​ធ្វើ​ជា​ប្រមុខ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ។

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មាន​ព្រះ​បន្ទូល​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ក្នុង​ពេល​ដែល​ព្រះអង្គ​បាន​យាង​ត្រឡប់​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថា ​កាល​ពី​ពេល​ថ្មីៗ​លោក ញឹក ប៊ុនឆៃ បាន​ពឹងពាក់​ឧកញ៉ា​ខ្លះ​​ឱ្យ​បញ្ចុះ​បញ្ចូល​ព្រះអង្គ​ដើម្បី​យាង​ត្រឡប់​ទៅ​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊ុនស៊ិនប៉ិច ឡើង​វិញ បន្ទាប់​ពី​ព្រះអង្គ​ត្រូវ​មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច​មួយ​ចំនួន​ធ្វើ​សមាជ​វិសាមញ្ញ​បោះ​ឆ្នោត​ទម្លាក់​ព្រះអង្គ​ពី​ព្រះប្រធាន​គណបក្ស​ហ៊ុនស៊ិនប៉ិច អស់​រយៈពេល​ជិត ៥​ឆ្នាំ​មក​ហើយ​នោះ។

ព្រះអង្គ​មាន​ព្រះបន្ទូល​បន្ត​ថា ៖ «ស្រាប់​តែ​ដល់​ឥឡូវ​វា​ទឹក​ដល់​ច្រមុះ​ទៅ គាត់​មិន​មក​និយាយ​រក​ខ្ញុំ​ទេ គាត់​ទៅ​ពឹង​គេ​​អ្នក​មាន​លុយ ឬ​ក៏​មាន​អំណាច ឧកញ៉ា មិន​ចាំបាច់​ខ្ញុំ​ចេញ​ឈ្មោះ​ទេ ឱ្យ​មក​និយាយ​ជាមួយ​ខ្ញុំ។ ខ្ញុំ​សូម​ជម្រាប​ថា បើ​សិន​ជា​អស់​លោក​​ចង់​ឱ្យ​មាន​ការ​រួបរួម​គ្នា​ក្នុង​ក្របខ័ណ្ឌ​អ្នក​រាជនិយម គណបក្ស​រាជានិយម សីហនុ​និយម ទ្វារ​របស់​គណបក្ស នរោត្តម រណឫទ្ធិ បើក​ចំហ​ជូន សូម​មេត្តា​អញ្ជើ​ញ​​មក​កុំ​ខាត​ពេល»

ក៏​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ច្រានចោល​ថា គេ​ពុំ​ធ្លាប់​ដែល​មាន​គំនិត​ក្នុង​ការ​យាង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រឡប់​មក​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូច​ការ​អះអាង​នោះ​ទេ។

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊ុនស៊ិនប៉ិច បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដែល​​ពឹងពាក់​ឧកញ៉ា​ណា​មួយ​ដើម្បី​ធ្វើការ​​បញ្ចុះបញ្ចូល ឬ​ក៏​ធ្លាប់​អង្វរ​សម្តេច​ក្រុម​ព្រះ​ឱ្យ​វិល​ត្រឡប់​មក​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​ឡើយ។

លោក ញឹក ប៊ុនឆៃ មាន​ប្រសាសន៍​ទៀត​ថា ៖ «តាម​មើល​ព័ត៌មាន​បែប​ចេញ​ពី​ប្រភព​គណបក្ស នរោត្តម រណឫទ្ធិ អ្នក​ដែល​នៅ​ជុំវិញ​ជិតៗ​ព្រះអង្គ​ហ្នឹង​ឯង តាម​ដែល​ខ្ញុំ​តាម​ដាន​មើល គាត់​បញ្ចេញ​ព័ត៌មាន​ហ្នឹង។ តែ​ភាព​ពិត​ខ្ញុំ​វា​ផ្ទុយ​ពី​ព័ត៌មាន​ដែល​មាន​ហ្នឹង​ទៅ​វិញ»

កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០០៦ កន្លង​ទៅ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មាន​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ដោយ​ក្រុម​មន្ត្រី​ជា​ច្រើន​រួម​នឹង​​លោក ញឹក ប៊ុនឆៃ ផង បាន​ធ្វើ​សមាជ​វិសាមញ្ញ​កែប្រែ​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ​ក្នុង ហើយ​បាន​បោះ​ឆ្នោត​ដក​ហូត​សម្តេច​ក្រុម​ព្រះ​ពី​ប្រធាន ទៅ​ជា​ប្រធាន​មគ្គទេសក៍​ប្រវត្តិសាស្ត្រ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បណ្តាល​ឱ្យ​ព្រះអង្គ​ចាក​ចេញ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ទៀត គឺ​គណបក្ស នរោត្តម រណឫទ្ធិ ដោយ​​មាន​មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច មួយ​ចំនួន​បាន​​បែក​ចេញ​ទៅ​តាម​ព្រះអង្គ​ដែរ។

បន្ទាប់​ពី​ការ​បែកបាក់​ផ្ទៃ​ក្នុង​មក គណបក្ស​ទាំង​ពីរ​នេះ​បាន​ស្រុត​ចុះ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ដោយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ គណបក្ស​ទាំង​ពីរ​បាន​ទទួល​អាសនៈ​តំណាងរាស្ត្រ​តិចតួច​នៅ​ក្នុង​សភា​ជាតិ គឺ​ម្នាក់ៗ​តែ ២​​កៅអី​ប៉ុណ្ណោះ៕