សេចក្ដីថ្លែងការណ៍នោះបានបដិសេធលិខិតលើកពេលសមាជរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលចុះហត្ថលេខាដោយលោក កែវ ពុទ្ធរស្មី ប្រធានគណបក្ស លោក លឺ ឡាយស្រេង អនុប្រធានទី១ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរត្ន័ អនុប្រធានទី២ គណបក្ស ដែលបានចេញផ្សាយកាលពីថ្ងៃទី២១ កុម្ភៈ ដែរ សុំឲ្យមានការពន្យារពេលគម្រោងធ្វើសមាជវិសាមញ្ញនៅថ្ងៃទី២១ ខែមីនា ខាងមុខ។
នៅក្នុងលិខិតបំភ្លឺមួយរបស់លោក ញឹក ប៊ុនឆៃ ចុះថ្ងៃទី២១ ខែកុម្ភៈដែរ បានសរសេរថា លោកមិនមានបំណងចង់ធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចទេ ហើយលោកក៏មិនបានប្រើឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅគំរាមលោក កែវ ពុទ្ធរស្មី ដែរ។ ចំពោះការលក់ទីស្នាក់ការគណបក្សនៅភ្នំពេញ និងខេត្តនានានោះ លោក ញឹក ប៊ុនឆៃ បានអះអាងថា សុទ្ធតែមានការសម្រេចរបស់គណៈគ្រប់គ្រងអចិន្ត្រៃយ៍ មានប្រធានបក្សដឹងឮ និងមានកំណត់ហេតុ និងថតសំឡេងទុកច្បាស់លាស់។
លោក ញឹក ប៊ុនឆៃ បានសរសេរទៀតថា ចំពោះការខ្ចីលុយពីក្រុមហ៊ុនចិន ឈ្មោះ ស្បីតឌី ប៊េស តិចណូឡូជី (Speedy Best Technology) ដែលថា គណបក្សមិនបានដឹងនោះ ជាការមិនត្រឹមត្រូវទេ ពីព្រោះលុយនោះបានយកមកបម្រើប្រយោជន៍គណបក្ស និងមានការដឹងឮពីគណៈគ្រប់គ្រងអចិន្ត្រៃយ៍ទៀតផង។
លិខិតលោក ញឹក ប៊ុនឆៃ បានលើកឡើងទៀតថា លិខិតចំហចុះថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ របស់លោក លឺ ឡាយស្រេង គឺជាការបង្ខូចកិត្តិយសរបស់លោក ញឹក ប៊ុនឆៃ និងមានកំហឹងដោយសារខ្ចីប្រាក់ចំនួន ១លានដុល្លារពីគណបក្សនោះមិនបាន។ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា លោក កែវ ពុទ្ធរស្មី ប្រធានគណបក្ស លោក លឺ ឡាយស្រេង អនុប្រធានទី១ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរត្ន័ អនុប្រធានទី២ គណបក្ស ចង់បន្តធ្វើមេដឹកនាំគណបក្ស ៥ឆ្នាំទៀត ដោយមិនចង់ឲ្យមានការបោះឆ្នោត ដែលផ្ទុយជាមួយច្បាប់ និងលក្ខន្តិកៈគណបក្ស។
សូមជម្រាបថា លិខិតចំហចុះថ្ងៃទី១៥ ខែកុម្ភៈ កន្លងមករបស់លោក លឺ ឡាយស្រេង បានឲ្យដឹងថា មានការខ្វែងមតិគ្នារវាងលោក ញឹក ប៊ុនឆៃ ជាមួយលោក កែវ ពុទ្ធរស្មី លើការរៀបចំសមាជគណបក្សថ្ងៃទី២១ ខែមីនា ខាងមុខ និងបានលើកឡើងថា ការលក់ទីស្នាក់ការគណបក្សនៅទីក្រុង និងខេត្តទាំងអស់ សម្រេចដោយលោក ញឹក ប៊ុនឆៃ ទាំងអស់ តែមានការដឹងឮពីគណៈអចិន្ត្រៃយ៍បក្ស។ ចំពោះការទទួលលុយពីក្រុមហ៊ុនចិន ឈ្មោះ Speedy Best Technology ចំនួនជិត ៦លានដុល្លារនោះ គណបក្សមិនបានដឹងឡើយ៕