ការមានប្រតិកម្មបែបនេះ នៅបន្ទាប់ពីលោក ញឹក ប៊ុនឆៃ និងមេធាវីរបស់លោក បានប្រកាសកាលពីថ្ងៃទី២២ ខែកុម្ភៈថា លោកនឹងប្ដឹងសមាជិកបក្សរបស់លោកដែលមានតួនាទីជាគណៈកម្មាធិការនាយកនៃគណបក្សហ៊្វុនស៊ិនប៉ិចចំនួនបីរួប រួមមានឈ្មោះ ផន ចន្ថា, យឹម សាវី និង សួង ផល្លី ពីបទក្លែងឯកសារកិច្ចសន្យា។
លោក ផន ចន្ថា ជាគណៈកម្មាធិការនាយកនៃគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍នៅថ្ងៃទី២៣ ខែកុម្ភៈថា លោកមិនភ័យខ្លាចចំពោះលោក ញឹក ប៊ុនឆៃ គ្រោងនឹងប្ដឹងលោកនោះទេ ព្រោះថា ឯកសារខ្ចីប្រាក់ពីក្រុមហ៊ុនចិនរបស់លោក ញឹក ប៊ុនឆៃ មិនមែនជាលិខិតក្លែងក្លាយនោះទេ ព្រោះមានទាំងការចុះហត្ថលេខា និងបោះត្រាគណបក្សពីលើត្រឹមត្រូវ។
លោកបន្តទៀតថា ៖ «រឿងខ្ញុំដែលគាត់ចោទទាំងបីនាក់ហ្នឹង ខ្ញុំសុខចិត្តបញ្ចប់នៅក្នុងក្របខ័ណ្ឌបក្ស ប៉ុន្តែក្របខ័ណ្ឌអចិន្ត្រៃយ៍ ថ្នាក់ដឹកនាំរបស់បក្ស ទាំងប្រធាន ព្រះអង្គម្ចាស់អនុប្រធាន ឯកឧត្ដមអនុប្រធាន គេមិនសុខចិត្តទេ ដែលគាត់រំលោភសេចក្ដីទុកចិត្តតាំងពីឆ្នាំ២០០៨មក»។
លោក ផន ចន្ថា បានបន្ថែមថា ទាក់ទងទៅនឹងបញ្ហានេះ កាលពីសប្ដាហ៍មុនមានកាសែតក្នុងស្រុកមួយបានចុះផ្សាយអំពីលោក ញឹក ប៊ុនឆៃ បានខ្ចីប្រាក់ពីក្រុមហ៊ុនចិន ហើយនៅថ្ងៃទី១៨ ខែកុម្ភៈ លោក ញឹក ប៊ុនឆៃ បានកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ដែលមានទាំងប្រធាន និងអនុប្រធានបក្សចូលរួម ហើយលោក ញឹក ប៊ុនឆៃ បានដាក់លក្ខខណ្ឌគ្នាទៅវិញទៅមករវាងពួកលោក និងលោក ញឹក ប៊ុនឆៃ ថា មិនប្ដឹងផ្ដល់គ្នា និងមិនផ្សព្វផ្សាយឯកសារនោះបន្តទៅទៀត។
លោកមានប្រសាសន៍ទៀតថា ៖ «ខ្ញុំជឿជាក់ថា យុត្តិធម៌នៅតែមាន ព្រោះថា រឿងនេះនៅក្នុងបក្សគេមិនឲ្យគាត់ប្រើឥទ្ធិពលរបស់បក្ស ទៅប្រើធ្វើប្រយោជន៍ផ្ទាល់ខ្លួនយកលុយយកកាក់ ហើយគេនឹងសើរើទាំងអស់ បកអាក្រាតឡើងវិញទាំងអស់ ប្រៀបដូចជាគាត់ជីករណ្ដៅកប់ខ្លួនឯង»។
ឯកសារកិច្ចសន្យាចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៨ បានសរសេរថា លោក ញឹក ប៊ុនឆៃ និងក្រុមហ៊ុនមួយ តាងនាមដោយរួបលោក បានទទួលអាជ្ញាប័ណ្ណទូរគមនាគមន៍ 3G ពីរដ្ឋាភិបាល ដែលយល់ព្រមផ្ទេរទៅឲ្យក្រុមហ៊ុនមួយដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ដែលរកស៊ីរួមគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងក្រុមហ៊ុនចិនមួយ។
លិខិតទទួលប្រាក់ដាច់ដោយឡែកមួយទៀត ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៨ ដែលចុះហត្ថលេខាដោយលោក ញឹក ប៊ុនឆៃ ដែលគេចោទថា លោក ញឹក ប៊ុនឆៃ បានទទួលប្រាក់ប្រមាណ ៥លានដុល្លារអាមេរិក។
អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានបដិសេធថា ថវិកាទាំងអស់នោះ ក្រុមហ៊ុនឈ្មោះ Kahua industry investment ជាអ្នកខ្ចីប្រាក់ពីក្រុមហ៊ុនឈ្មោះ Speedy Best Technology នូវទឹកប្រាក់ជាង ៥លានដុល្លារ ហើយលោកចុះហត្ថលេខាក្នុងនាមជាសាក្សីតែប៉ុណ្ណោះ។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា ក្នុងទឹកប្រាក់ជាង ៥លានដុល្លារនោះ គឺលោកបានខ្ចីប្រាក់បន្តពីក្រុមហ៊ុន Kahua industry investment នូវទឹកប្រាក់ចំនួន ២,៥លានដុល្លារ តែលុយដែលលោកទទួលបាននោះតែ ១,៥លានដុល្លារទេ។
លោក ញឹក ប៊ុនឆៃ បានចោទប្រកាន់លោក ផន ចន្ថា លោក យឹម សាវី និងលោក សួង ផល្លី ថា បានក្លែងនូវឯកសារចុះកុងត្រាខ្ចីប្រាក់ទាំងនោះ ៖ «ព្រោះខ្ញុំមិនដែលឃើញលិខិតចុះកុងត្រានេះទេ ហើយពេលនោះខ្ញុំក៏បានឃើញ ហើយខ្ញុំយកមកពិនិត្យទៅឃើញថា ទី១ មិនមែនជាហត្ថលេខារបស់ខ្ញុំ ព្រោះថា បើខ្ញុំធ្លាប់ចុះហត្ថលេខា ខ្ញុំក៏អាចចាំហើយ ទី២ ខ្ញុំឃើញកិច្ចសន្យាហ្នឹងអត់មានអីទាំងអស់ ក្រដាសហ្នឹងវាដូចជាក្រដាសស យកមកធ្វើកិច្ចសន្យាអ៊ីចឹង ធម្មតាកិច្ចសន្យាក្រុមហ៊ុនវាត្រូវតែមាន Logo (ស្លាកសញ្ញា)»។
លោក ញឹក ប៊ុនឆៃ បានអះអាងថា លោកបានបញ្ជូនទីប្រឹក្សារបស់លោកទៅប្រទេសចិន ហើយកាលពីថ្ងៃទី២១ ខែកុម្ភៈ ដើម្បីឲ្យក្រុមហ៊ុន Kahua ធ្វើលិខិតបញ្ជាក់អំពីបញ្ហានេះ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគនយោបាយលើកឡើងថា បញ្ហាជម្លោះផ្ទៃក្នុងរបស់គណបក្សហ៊្វុនស៊ិនប៉ិច កំពុងរីកកាន់តែធំទៅហើយ មិនអាចធ្វើការផ្សះផ្សាគ្នាបានវិញនោះឡើយ ហើយគណបក្សនេះកំពុងបង្ហាញសាធារណជនឲ្យឃើញថា កំពុងបែកជាពីរក្រុមជាបណ្តើរៗហើយ៕