Global Witness បារម្ភ​អំពី​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា

អង្គការ​ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស បាន​ចេញ​របាយការណ៍​មួយ សម្ដែង​ការ​​បារម្ភ​ពី​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ដល់​បរិស្ថាន​តាម​ឆ្នេរ​សមុទ្រ និង​ជីវិត​មនុស្ស ដោយសារ​​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា​ដោយ​ក្រុមហ៊ុន​ពីរ ដែល​មាន​សម្ព័ន្ធ​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រមុខ​រដ្ឋាភិបាល នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

៩-មករា-២០១០: ទេសចរ​ដើរ​តាម​ឆ្នេរ​ខ្សាច់នៅ​មាត់​សមុទ្រ​ក្នុង​ក្រុង​កំពង់សោម។
៩-មករា-២០១០: ទេសចរ​ដើរ​តាម​ឆ្នេរ​ខ្សាច់នៅ​មាត់​សមុទ្រ​ក្នុង​ក្រុង​កំពង់សោម។ (RFA/An Sophearak)

0:00 / 0:00

របាយការណ៍​របស់​អង្គការឃ្លាំ​មើល​បរិស្ថាន​ពិភព​លោក​ឈ្មោះ Global Witness ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​បូម​ខ្សាច់​នាំ​ទៅ​លក់​នៅ​ឯ​ប្រទេស​សិង្ហបុរី ដោយ​ក្រុមហ៊ុន​ពីរ ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បំផ្លិច​បំផ្លាញ​បរិស្ថាន​ធម្មជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​បន្ត​ថា ក្រុមហ៊ុន​ទាំង​ពីរ​នោះ គឺ​ក្រុមហ៊ុន ម៉ុង ឫទ្ធី ហ្គ្រូប និង​ក្រុមហ៊ុន លី យ៉ុង​ផាត់ ដែល​ម្ចាស់​ក្រុមហ៊ុន គឺ​ឧកញ៉ា ម៉ុង ឫទ្ធី និង​ឧកញ៉ា លី យ៉ុង​ផាត់ ជា​ពាណិជ្ជករ​ល្បី​ឈ្មោះ មាន​អំណាច និង​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ព្រម​ទាំង​ជា​សមាជិក​ព្រឹទ្ធសភា ពី​គណបក្ស​ប្រជាជន​ទៀត​ផង​នោះ បាន​ទទួល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា ដោយ​មិន​មាន​តម្លាភាព។

លោក ច្ចច បូដិន (George Boden) នៃ​អង្គការ Global Witness ដែល​ជា​អ្នក​និពន្ធ​របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ថា មិន​មាន​ការ​សិក្សា​ណា​មួយ​អំពី​ផល​ប៉ះពាល់​បរិស្ថាន ពី​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទាំង​នេះ​ឡើយ បើ​ទោះ​ជា​ច្បាប់​កម្ពុជា តម្រូវ​ឲ្យ​មាន​ការ​សិក្សា​ដោយ​ក្រុម​អ្នក​ជំនាញ​ក៏​ដោយ​ចុះ។ លោក​ថា ផ្អែក​តាម​ការ​សិក្សា​ពី​ប្រទេស​ផ្សេងៗ ការ​បូម​ខ្សាច់​ទ្រង់​ទ្រាយ​ធំ ដូច​នៅ​កម្ពុជា​នេះ នឹង​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។ ក្នុង​នោះ រួម​មាន​ការ​ខូច​ខាត​ដល់​បរិស្ថាន​តាម​ឆ្នេរ​សមុទ្រ គំរាម​ដល់​ការ​បាត់​បង់​សាប​សូន្យ​នូវ​ពពួក​ពូជ​សត្វ​កម្រ និង​បាត់​បង់​សាប​សូន្យ​ជង្រុក​ត្រី ព្រម​ទាំង​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ របស់​អ្នក​ស្រុក ដែល​អាស្រ័យ​ផល​ពី​សមុទ្រ​ផង​ដែរ។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ទទួល​ស្គាល់​អំពី​ផល​វិបាក​ខាង​លើ​នេះ​ដែរ ទើប​កាល​ពី​ឆ្នាំ​២០០៩ ប្រមុខ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​លុប​ចោល​សម្បទាន​អាជីវកម្ម​បូម​ខ្សាច់ ជា​មួយ​ក្រុមហ៊ុន​មួយ​ចំនួន។ ប៉ុន្តែ​បើ​ទោះ​ជា​ទទួល​ស្គាល់​អំពី​ផល​វិបាក​បែប​នោះ​ក្ដី រដ្ឋាភិបាល​នៅ​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ប្រមុខ​​រដ្ឋាភិបាល បន្ត​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នេះ​ដដែល ហើយ​បើ​តាម​លោក ច្ចច បូដិន នៃ​អង្គការ Global Witness ប្រាក់​ចំណូល ដែល​បាន​មក​ពី​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ទាំង​នេះ មិន​បាន​ចូល​ទៅ​ក្នុង​ហិប​ប្រាក់​របស់​រដ្ឋ​ឡើយ។

លោក ច្ចច បូដិន បន្ថែម​ដូច្នេះ ៖ «វា​ច្បាស់​ណាស់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សម្បទាន​ផ្ទុយ​ពី​បម្រាម​ហាម​ឃាត់​របស់​ខ្លួន ដែល​បាន​ដាក់​ចេញ ហើយ​សម្បទាន​បូម​ខ្សាច់​នោះ បាន​ផ្ដល់​ទៅ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់ ជា​សមាជិក​ព្រឹទ្ធ​សភា​ពី​គណបក្ស​កំពុង​កាន់​អំណាច។ លើស​ពី​នោះ​ទៀត ប្រាក់​ចំណូល​ដែល​បាន​មក​ពី​អាជីវកម្ម​បូម​ខ្សាច់​នេះ មិន​បាន​ចូល​ទៅ​រដ្ឋាភិបាល​ទេ ពី​ព្រោះ​វា​មិន​ឃើញ​មាន​បង្ហាញ​នៅ​ក្នុង​បញ្ជី​ហិប​ប្រាក់​របស់​រដ្ឋ​ឡើយ។ ដូច្នេះ យើង​គិត​ថា រដ្ឋាភិបាល​នៃ​ប្រទេស​សិង្ហបុរី ត្រូវ​ប្រឹង​ប្រែង​កែ​ល្អ​គោល​នយោបាយ​របស់​ខ្លួន ប្រយោជន៍​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ក្រុមហ៊ុន​ពី​ប្រទេស​សិង្ហបុរី ចូល​រួម​ក្នុង​ការ​បង្ក​គ្រោះ​មហន្តរាយ ដល់​បរិស្ថាន​នៅ​ក្រៅ​ប្រទេស និង​ជៀស​វាង​ការ​ជួយ​បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ដើម»

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ជា​ច្រើន​សា​ទាក់​ទង​តាម​ទូរស័ព្ទ​ទៅ​កាន់​ឧកញ៉ា ម៉ុង ឫទ្ធី ឧកញ៉ា លី យ៉ុង​ផាត់ និង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដើម្បី​សុំ​ការ​បំភ្លឺ ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ខាង​លើ​នេះ ប៉ុន្តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ ឬ​អ្នក​ឆ្លើយ​បំភ្លឺ​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី លោក លី យ៉ុង​ផាត់ ធ្លាប់​បាន​សារភាព​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ក្រុមហ៊ុន​របស់​លោក​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង​ពិត​មែន និង​ដឹក​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​បូម​ខ្សាច់​នោះ គឺ​ជា​សទ្ធា​ជ្រះ​ថ្លា​របស់​លោក ក្នុង​ការ​ជួយ​ប្រជា​ពលរដ្ឋ​ទៅ​វិញ​ទេ ដើម្បី​ជៀស​ផុត​ពី​ទឹក​ជំនន់។

គាត់​មាន​ប្រសាសន៍​ថា ៖ «ការ​លក់​ខ្សាច់​នេះ រដ្ឋាភិបាល​គេ​ហាម​បាត់​ទៅ​ហើយ… រឿង​ខ្សាច់​នេះ។ ខ្ញុំ​ធ្វើ​ខ្សាច់​បាន​នេះ ដោយសារ​ថា ខ្ញុំ​សុំ​រដ្ឋាភិបាល​ទេ។ សំណូមពរ​សម្ដេច… ថា ខ្ញុំ​សុំ​ស្ដារ​ព្រែក ព្រោះ​អា​ព្រែក​នោះ វា​ទឹក​រាក់​ពេល ខែ​វស្សា​ម្ដងៗ វា​លិច​ផ្លូវ លិច​ផ្ទះ​ប្រជា​ពលរដ្ឋ ហើយ​ពេល​ឱកាស​ល្អ​នៅ​ពេល​នេះ គឺ​សិង្ហបុរី​គេ​ត្រូវ​ការ​ខ្សាច់ អ៊ីចឹង​យើង​ឲ្យ​គេ​មក​ស្ដារ​ព្រែក​ផង ហើយ​យើង​ក៏​លក់​ខ្សាច់​ទៅ»

ប្រទេស​សិង្ហបុរី បាន​ទិញ​យក​ខ្សាច់​ជា​ច្រើន​ពី​បណ្ដា​ប្រទេស​នានា នៅ​ក្នុង​តំបន់ ដើម្បី​យក​ទៅ​ចាក់​ពង្រីក​ទីក្រុង​របស់​ខ្លួន។ អាជីវកម្ម​បូម​ខ្សាច់​នេះ​បាន​បង្ក​ការ​ប៉ះ​ពាល់​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ ដល់​បរិស្ថាន​តាម​ឆ្នេរ​សមុទ្រ។ ដោយ​ហេតុ​ផល​នេះ ប្រទេស​ម៉ាឡេស៊ី វៀតណាម និង ឥណ្ឌូណេស៊ី បាន​ប្រកាស​ហាម​មិន​ឲ្យ​មាន​អាជីវកម្ម​បូម​ខ្សាច់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន សម្រាប់​នាំ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ រី​ឯ​ក្រុមហ៊ុន ម៉ុង ឫទ្ធី ហ្គ្រូប និង​ក្រុមហ៊ុន លី យ៉ុង​ផាត់ បច្ចុប្បន្ន​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង និង​ខែត្រ​ព្រះសីហនុ៕