រដ្ឋាភិបាល​កម្ពុជា​និង​សង្គម​ស៊ីវិល​​ឈឺឆ្អាល​រឿង​ផែនដី​ឡើង​កម្ដៅ

មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ Oxfam រួមទាំង​និស្សិត​ជិត​ ៤០០​នាក់ ​ទាមទារ​ថ្នាក់​ដឹកនាំ​ពិភពលោក​ឲ្យ​សម្រេច​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ពិភពលោក​មួយ​ដែល​​យុត្តិធម៌​សម្រាប់​ទាំង​​​អស់​គ្នា។

0:00 / 0:00

នាយក​ប្រចាំតំបន់​របស់អង្គការ​ Oxfam អាមេរិក​លោក ប្រាយអ៊ិន ឡាន់ (Brian Lund) មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ នា​ទី​ក្រុង​ភ្នំពេញ​ថា យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា "ទិក! ទិក! ទិក!" មាន​គោល​បំណង ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក​ ចំនួន​ ១៩២​ប្រទេស ដែល​កំពុង​ចរចា​នៅ​ទីក្រុង​ខូផិនហេហ្គិន (Copenhagen) ប្រទេស​ដាណឺម៉ាក នា​ថ្ងៃ​ច័ន្ទ ទី​១៤ ខែធ្នូ ឲ្យ​កំណត់​គោល​​ដៅ​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​ការ​បំភាយ​សារធាតុ​កាបោន​នៅ​​ក្នុង​បរិយាកាស និង​​ទាមទារ​ឲ្យ​ពួក​គេ ​ផ្តល់​ថវិកា​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​កម្ពុជា ដើម្បី​បន្សាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​​អាកាស​​​​​​​​​ធាតុទាំង​នេះ។

លោក​បញ្ជាក់​ថា ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ និង​កសិករ​ជា​អ្នក​រងគ្រោះ​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល​ និង​បាន​បណ្តាល​ឲ្យ​មនុស្ស​​​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន ហើយ​នាំ​ឆ្ពោះ​ទៅ​រក​ពិភពលោក​មួយ ដែល​មាន​ស្ថិរ​​ភាព​តិច​ជាង​មុន។

ប្រធាន​អង្គការ​អ្នក​កសាង​សមត្ថភាព​ លោក គង់ ផារិទ្ធ ដែល​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​ជំរុញ និង​ទប់ស្កាត់ ផល​​​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ដែរ​ បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់ និង​អំពាវនាវ​ទៅ​មេ​ដឹកនាំ​នៅ​លើ​ពិភពលោក​ដូច្នេះ ៖ «ទម្រាំ​ផែន​ដី​ល្អ ម្លេះ​នៅ​មាន​ជំងឺ បើ​សិន​ជា​ផែន​ដី​មាន​ជំងឺ នោះ​យើង​នឹង​ត្រូវ​ស្លាប់។ ដូច្នេះ នេះ​ជា​រឿង​សំខាន់​ណាស់​ចំពោះ​បម្រែបម្រួល​អាកាសធាតុនៅលើ​ភព​ផែនដី។ ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​ដែល​កំពុង​ប្រជុំ​ថ្ងៃ​នេះ ពិនិត្យ​ពិចារណា​ទៅ​លើ​ការ​បញ្ចេញ​ឧស្ម័ន​ ហើយ​​វិនិយោគ​លុយ​ឲ្យ​បាន​ច្រើន​សម្រាប់​ដោះ​ស្រាយប​ញ្ហា​ភព​ផែន​ដី​នេះ។ ហើយ​អង្គការ​អ្នក​កសាង​សមត្ថភាព​បាន​ចាប់​ផ្តើម​កម្មវិធី​កាត់​បន្ថយ​ជាតិ​ឧស្ម័ន​ពុល​នេះ ធ្លាប់​ធ្វើ​មក​ហើយ​នៅ​ស្ថានីយ​សាក​អាគុយ​ប្រើប្រាស់​ពន្លឺ​ព្រះអាទិត្យ ហើយ​ដែល​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ឡាន​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ជាដើម​ហ្នឹង គឺ​គម្រោង​អស់​ហ្នឹង​គឺ​យើង​បាន និង​កំពុង​យក​ចិត្ត​ទុកដាក់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ហ្នឹង​ហើយ»

សម្រាប់​លោក អ៊ុក ណាវ៉ាន់ មន្ត្រី​តំណាង​មក​ពី​ក្រសួង​បរិស្ថាន​មាន​ប្រសាសន៍​ថា មេ​ដឹកនាំ​ពិភពលោក ដែល​ជា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ធំៗ នៅ​លើ​ពិភព​លោក ត្រូវ​តែ​យក​ចិត្តទុក​ដាក់​ក្នុង​ការ​ជួយ​ទប់ស្កាត់ និង​ត្រូវ​តែ​ផ្តល់​​​​ជំនួយ​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​បាន​ទទួល​រង​ពី​ផល​ប៉ះពាល់​ពី​បម្រែបម្រួល​អាកាស​​ធាតុ​​ ដែល​បាន​បង្ក​គ្រោះ​មហន្តរាយ​កាន់​តែ​ធ្ងន់ធ្ងរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

លោក អ៊ុក ណាវ៉ាន់ និយាយថា ៖ «មេ​ដឹកនាំ​ពិភពលោក ត្រូវ​តែ​គិត​គូរ​ពី​កាតព្វកិច្ច និង​តួនាទី​របស់​ខ្លួន​ដែល​បង្កឲ្យ​មាន​ស្ថានភាព​ប្រែប្រួល​នេះ​ឡើង​តាមរយៈ​ ការ​ផ្តល់​ថវិកា​ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​ក្រីក្រ​ដូច​ជា​ប្រទេស​កម្ពុជា​យើង​មាន​លទ្ធភាព​ក្នុង​ការ​បន្សាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ»

ព្រឹត្តិការណ៍​ទាមទារ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ពិភពលោក​ ដ៏យុត្តិធម៌​ថ្មីមួយ​ស្រដៀង​គ្នា នឹង​កម្ពុជា​បើក​យុទ្ធនាការ​ពី​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​នេះ​ដែរ​ ដោយ​ឡែក​នៅ​បណ្តា​ប្រទេស​ជុំវិញ​ពិភព​លោក ក៏​បាន​រៀបចំ​ឡើង​ដែរ​ដូចជា​នៅ​អឺរ៉ុប អូស្ត្រាលី និង​នៅ​ប្រទេស​ដាណឺម៉ាក ជាដើម៕