ខ្លឹមសារលិខិតដែលវិទ្យុអាស៊ីសេរី ទើបទទួលបាននៅថ្ងៃទី៨ ខែកក្កដា បានបង្ហាញថា ថ្មីៗនេះមានបណ្ដាញសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយរបស់ខ្លួនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ដោយប្រើពាក្យថា ជារដ្ឋប្រហារទៅវិញអាចនាំឲ្យសាធារណជនទូទៅយល់ច្រឡំចំពោះព្រឹត្តិការណ៍នេះ។
លិខិតដដែលបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា រដ្ឋាភិបាលកម្ពុជា បានចេញផ្សាយរួចហើយនូវសៀវភៅស្ដីអំពីព្រឹត្តិការណ៍នេះ គឺជាមូលហេតុនៃជម្លោះផ្ទៃក្នុងរាជរដ្ឋាភិបាល ដែលនាំដល់ការប៉ះទង្គិចដោយអាវុធ។ បន្ថែមលើនេះ សៀវភៅ «ស» របស់ក្រសួងការបរទេសកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៩៧ ជាភាសាអង់គ្លេសថា Crisis in July ក៏បានចេញផ្សាយរួចហើយដែរ។
យ៉ាងណាក៏ដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើនៅក្នុងលិខិតកាលពីថ្ងៃទី៦ ខែកក្កដា ទៅគ្របបណ្ដាញសារព័ត៌មានទាំងអស់ឲ្យយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យបានត្រឹមត្រូវពីព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ទៅតាមសភាពការណ៍ពិតរបស់កម្ពុជា។
ទាក់ទងបញ្ហានេះ លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក មានប្រសាសន៍ថា កន្លងមកអង្គភាពសារព័ត៌មានរបស់លោកធ្លាប់បានសរសេរចុះផ្សាយលើអត្ថបទទាក់ទងព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ថាជារដ្ឋប្រហារផងដែរ ប៉ុន្តែក្រោយមកបានកែប្រែវិញ ព្រោះមិនចង់ប្រឈមមុខច្បាប់ជាមួយរដ្ឋាភិបាល។ តាមលោក ហង្ស ចក្រា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា អ្នកកាសែតគ្រប់រូបគួរទុកឲ្យពលរដ្ឋ ក៏ដូចជាសាធារណជនជាអ្នកធ្វើការវាយតម្លៃ ទោះពួកគេចាត់ទុកព្រឹត្តិការណ៍នោះថា ជាអ្វីក៏ដោយចុះ។
លោក ហង្ស ចក្រា បន្ថែម ៖ «ខ្ញុំគ្មានប្រតិកម្មអីតបតទេ ទោះជារដ្ឋប្រហារ ឬមិនរដ្ឋប្រហារ វាជារឿងមួយដែលយើងទុកឲ្យសាធារណជន និងមជ្ឈដ្ឋានជាតិ និងអន្តរជាតិលោកពិនិត្យពិចារណា និងវាយតម្លៃចុះ»។
ស្រដៀងគ្នាដែរ លោក មឿន ឈានឫទ្ធិ នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា អ្នកកាសែតគួរលើកយកប្រភពពីឥស្សរជនគណបក្សនយោបាយណាមួយឲ្យផ្ដល់ការវិភាគជុំវិញព្រឹត្តិការណ៍ដែលកើតឡើង ប៉ុន្តែអ្នកកាសែតមិនត្រូវធ្វើការវាយតម្លៃដោយខ្លួនឯងនោះទេ។
លោកបន្តថា ចំពោះព្រឹត្តិការណ៍ដែលកើតមានដូចជាព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឬស្រដៀងគ្នានេះ ក្រុមអ្នកកាសែតត្រូវប្រយ័ត្នប្រយែងក្នុងការតែងនិពន្ធ ដើម្បីជៀសវាងការប្ដឹងផ្ដល់ទៅកាន់តុលាការ ៖ «សម្រាប់អង្គភាពសារព័ត៌មានយើងគួរតែដកខ្លួនឲ្យឆ្ងាយ ឬនៅពីលើព្រឹត្តិការណ៍ហ្នឹង ដោយយើងគ្រាន់តែស្រង់ពាក្យសម្ដីរបស់ប្រភពព័ត៌មាន ឬក៏អ្នកនយោបាយណាមួយ បើសិនជាអ្នកនយោបាយណាមួយគេហៅថា ជារដ្ឋប្រហារ អ្នកកាសែតស្រង់សម្ដីគេមិនមែនជាការខុសឆ្គងទេ»។
ទាក់ទងបញ្ហានេះ មន្ត្រីជាន់ខ្ពស់មកពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានបដិសេធមិនផ្តល់អត្ថាធិប្បាយជុំវិញព្រឹត្តិការណ៍ដែលកើតមានកាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ថា ជាព្រឹត្តិការណ៍អ្វីនោះទេ។
ចំណែកមន្ត្រីគណបក្ស នរោត្តម រណឫទ្ធិ វិញ បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា រដ្ឋាភិបាលមិនគួរលើកយកមកបកស្រាយទៀតទេ។
លោក ប៉ែន សង្ហា មន្ត្រីនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ មានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ប្រជាពលរដ្ឋខ្មែរទាំងក្នុង ឬក្រៅស្រុក ក៏ដូចជាអន្តរជាតិ បានជ្រួតជ្រាបរួចហើយអំពីព្រឹត្តិការណ៍ទាំងនេះថា កើតឡើងដោយសារអ្វីនោះ។
លោក ប៉ែន សង្ហា បន្ថែម ៖ «ទាក់ទងថ្ងៃទី៥-៦ ខែកក្កដា ដូច្នេះខ្ញុំយល់ឃើញថា ការប្រើពាក្យពេចន៍នេះមានរួចស្រេច ហើយតាំងតែពីថ្ងៃកើតព្រឹត្តិការណ៍មកម្ល៉េះ។ ដូច្នេះខ្ញុំគិតថា មិនចាំបាច់មានការកំណត់ណាមួយទាក់ទងពាក្យពេចន៍ទាំងនេះទេ ហើយប្រជាជនក៏លោកបានយល់ជ្រួតជ្រាបអំពីបញ្ហានេះបានមួយចំនួនហើយដែរ»។
ទោះយ៉ាងណា លិខិតរបស់ក្រសួងព័ត៌មានចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មិនបានបញ្ជាក់ពីការប្តឹងផ្តល់ ឬដាក់ទោសទណ្ឌបែបណាចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងឡាយណាដែលនៅបន្តផ្សាយព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ថាជារដ្ឋប្រហារនោះទេ គ្រាន់តែអំពាវនាវឲ្យបញ្ឈប់ការផ្សាយព្រឹត្តិការណ៍នេះថា ជារដ្ឋប្រហារតទៅទៀត៕