កុមារី​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី H5N1 នៅ​ខេត្ត​កំពង់ឆ្នាំង

ករណី​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី បាន​កើត​​ឡើង​នៅ​ឯ​ឃុំ​ដាច់​ស្រយាល​មួយ នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ដែល​បណ្ដាល​ឲ្យ​កុមារី​ម្នាក់​បាន​ស្លាប់។

0:00 / 0:00

កុមារី​ដែល​គេ​អះអាង​ថា​បាន​ស្លាប់ ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី H5N1 នោះ ឈ្មោះ ណយ មករា អាយុ ៦​ឆ្នាំ មាន​ទី​លំនៅៗ នៅ​ភូមិ​ក្បាលកោះ ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បាន​ឲ្យ​ដឹង​ថា កុមារី​រងគ្រោះ​បាន​ចាប់​ផ្ដើម​ឈឺ កាល​ពី​ថ្ងៃ​ទី ២២ មីនា ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មីនា នៅ​ឯ​មន្ទីរពេទ្យ​គន្ធបុប្ផា នា​រាជ​ធានី​ភ្នំពេញ។

លោក ហេង ចំរើន៖ «ឪពុក​ឈ្មោះ​ម៉ៅ ណម អាយុ ៥៦ ឆ្នាំ ឯ​ម្ដាយ​ឈ្មោះ ឃៅ សាវ៉ន អាយុ ៤៩ ឆ្នាំ។ កុមារី​រង​គ្រោះ​ឈ្មោះ ណយ មករា អាយុ ៦ ឆ្នាំ។ ពេទ្យ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត គេ​បាន​ចុះ​មក​ព្រោងព្រាត​ហើយ​ថ្ងៃ​នេះ។ គេ​នៅ​បន្ត​បាញ់​ថ្នាំ​សម្លាប់​មេរោគ»។

លោក​មេ​ឃុំ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ភូមិ ដែល​កុមារី​រងគ្រោះ​រស់​នៅ​មាន​សត្វ​មាន់​ឈឺ​ហើយ​ក្រុម​គ្រួសារ​របស់​នាង​បាន​យក​មាន់ ដែល​ឈឺ​មួយ​ក្បាល​មក​ធ្វើ​ម្ហូប។ ប្រមាណ​ជា ៤ ថ្ងៃ​ក្រោយ​ពី​ការ​ទទួល​ទាន​សាច់​មាន់​នោះ កុមារី​រង​គ្រោះ​បាន​ចាប់​ផ្ដើម​ឈឺ។

លោក ប្រាក់ វ៉ុន ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង។ លោក​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ថ្ងៃ ៣០ មីនា​មក ក្រុម​មន្ត្រី​ជំនាញ​របស់​មន្ទីរ បាន​ចុះ​ទៅ​ទីតាំង​កើត​ហេតុ ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ ពី​អនាម័យ​នៃ​ការ​រស់​នៅ និង​វិធានការ​ការពារ​ការ​ឆ្លង​ជំងឺ​នេះ។

លោក ប្រាក់ វ៉ុន៖ «យើង​បាន​ចុះ​ទៅ​ធ្វើ​ការ​ពន្យល់ និង​អប់រំ​អំពី​វិធានការ​ការពារ និង​បញ្ហា​អនាម័យ​ក្នុង​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ចំពោះ​អ្នក​ភូមិ និង​សិស្សានុសិស្ស»។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ង៉ាន ណានី ក៏​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ មេសា​ដែរ​ថា ក្រុម​មន្ត្រី​មក​ពី​មន្ទីរ​ពិសោធន៍​ក្រសួង​សុខាភិបាល មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ព្រមទាំង​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ដល់​លំនៅឋាន​កុមារី​រងគ្រោះ និង​បាន​កំណត់​តំបន់ ដោយ​បាន​ប្រមូល​យក​វត្ថុ​វិភាគ​ទៅ​ធ្វើ​ការ​ពិសោធន៍ នៅ​វិទ្យាស្ថាន​បសុពេទ្យ។ ប្រសិន​បើ​រក​ឃើញ​ថា មាន​រោគ​សញ្ញា​នោះ ទើប​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នូវ​តំបន់ ដែល​ត្រូវ​ហ៊ុំ​ព័ទ្ធ និង​គ្រប់គ្រង។ ដោយ​ឡែក​ក្រុម​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង កំពុង​ចុះ​ទៅ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​ភូមិ ដែល​កុមារី​រងគ្រោះ​រស់​នៅ។

លោក ង៉ាន ណានី៖ «យើង​បាន​យក​វត្ថុ​វិភាគ​ទៅ​វិទ្យាស្ថាន ដើម្បី​ពិសោធន៍​ហើយ។ ប្រសិន​បើ​មាន​សញ្ញា​វិជ្ជមាន​ទើប​យើង​ធ្វើ​ការ​ប្រកាស។ ប៉ុន្តែ ទន្ទឹម​គ្នា​នេះ យើង​កំពុង​ធ្វើ​វិធានការ​តាម​បែប​ជំនាញ​ពេទ្យ​សត្វ ដោយ​ការ​បាញ់​ថ្នាំ​ការពារ និង​ឃាត់​រាល់​ការ​ចល័ត​សត្វ​ជា​បណ្ដោះអាសន្ន​សិន»។

នេះ​ជា​ករណី​អ្នក​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​បក្សី (H5N1) ទី​២ ហើយ សម្រាប់​ដើម​ឆ្នាំ ២០១២ នៅ​ប្រទេស​កម្ពុជា។ កាល​ពី​ខែ​មករា​កន្លង​ទៅ គេ​បាន​រក​ឃើញ​កុមារ​អាយុ ៣ ឆ្នាំ​ម្នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ឆ្លង​ជំងឺ​នេះ​ដែរ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​មួយ រវាង​ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ ២០០៣ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) នៅ​ទូទាំង​ពិភពលោក បាន​កើត​ឡើង​ចំនួន ៥៧៧ ករណី។ ក្នុង​នោះ មាន ៣៤០ ករណី ជន​រងគ្រោះ​បាន​ស្លាប់។ ដោយ​ឡែក នៅ​ប្រទេស​កម្ពុជា គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) ចំនួន ២០ ករណី​ហើយ។ ក្នុង​នោះ​អ្នក​ជំងឺ ១៨ ករណី បាន​ស្លាប់។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ភូមិ​ដែល​កុមារី​រងគ្រោះ​រស់​នៅ មាន​សត្វ​មាន់​ឈឺ ហើយ​ក្រុម​គ្រួសារ​របស់​នាង​បាន​សម្លាប់​មាន់​មួយ​ក្បាល​ធ្វើ​ម្ហូប។ ៣ ឬ​៤ ថ្ងៃ​ក្រោយ​មក កុមារី​រងគ្រោះ​បាន​ចាប់​ផ្ដើម​ឈឺ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ង៉ាន ណានី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១២ ថា មន្ទីរ​ពិសោធន៍​នៃ​ក្រសួង​សុខាភិបាល មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ព្រមទាំង​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ដល់​លំនៅឋាន​កុមារី​រងគ្រោះ និង​បាន​ចុះ​ទៅ​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ ពី​អនាម័យ​នៃ​ការ​រស់​នៅ និង​វិធានការ​ការពារ​ការ​ឆ្លង​ជំងឺ​នេះ។

ដោយ​ឡែក ក្រុម​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​ចុះ​ទៅ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​ភូមិ ដែល​កុមារី​រងគ្រោះ​រស់​នៅ​ដែរ។

គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី H5N1 ចំនួន ២០ នាក់​ហើយ។ ក្នុង​នោះ​មាន ១៨ នាក់​បាន​ស្លាប់៕

កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែល​មិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។