លោក ហោ ណាំហុង​៖ ​លោក​មិន​មែន​ជា​អ្នក​គ្រប់គ្រង​គុក​បឹង​ត្របែក​ទេ

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នានា ទាក់ទង​នឹង​ការ​ទទួល​ខុស​ត្រូវ ឬ​ជា​អ្នក​មាន​អំណាច​ក្នុង​គុក​បឹង​ត្របែក​នៅ​សម័យ​ខ្មែរ​ក្រហម។

ការ​បដិសេធ​របស់​លោក ហោ ណាំហុង ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មាន​ការ​បញ្ជាក់​ពី​ឯកសារ សាក្សី និង​សេចក្ដីរាយការណ៍​របស់​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​ថា មន្ត្រី​ការបរទេស​ខ្មែរ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សម្លាប់​បញ្ញវន្ត​ខ្មែរ ឬ​ក្រុម​អ្នក​ការ​ទូត​ខ្មែរ​ពី​បរទេស ដែល​ជាប់​ឃុំ​ក្នុង​គុក​បឹង​ត្របែក កាល​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​បដិសេធ​ថា លោក​មិន​មែន​ជា​អ្នក​គ្រប់គ្រង​គុក​បឹង​ត្របែក នៅ​សម័យ​ខ្មែរ​ក្រហម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថា លោក​ក៏​ជា​អ្នក​ទោស​ម្នាក់​ដែរ។

លោក ហោ ណាំហុង ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​ហុល្លង់ កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រធាន​គណបក្ស​ជំទាស់ លោក សម រង្ស៊ី កន្លង​មក ក៏​ធ្លាប់​បាន​និយាយ​បរិហារកេរ្តិ៍​រូប​លោក​អំពី​បញ្ហា​នេះ​ដែរ ហើយ​តុលាការ​របស់​ប្រទេស​បារាំង​នៅ​តែ​លើកលែង​ទោស​ដល់​លោក សម រង្ស៊ី ដោយសារ​ហេតុផល​នយោបាយ។

លោក ហោ ណាំហុង ៖ «តុលាការ​បារាំង​កាត់​ប៉ុន្មាន​ដង​វា​គ្រប់​ហើយ។ ខ្ញុំ​ជា​អ្នក​ជាប់​ទោស​របស់​ខ្មែរ ក្រហម។ ខ្មែរក្រហម​ដែល​ចាត់​តាំង​គណៈកម្មការ​ហ្នឹង គឺ​គណៈកម្មការ​អ្នកទោស។ អត់​មាន​សិទ្ធិ​អំណាច​អី​ទេ។ ខ្ញុំ​មិន​ដែល​ស្គាល់​ខ្មែរក្រហម​យ៉ាង​ម៉េច​ផង ហើយ​តុលាការ​បារាំង​កាត់​ប៉ុន្មាន​ដង លើកលែង​តុលាការ​កំពូល​កាត់​ផ្សេងៗ វា​មិន​ជាក់ ព្រោះ​ថា សម រង្ស៊ី បាន​បរិហារ​កេរ្ត៍​ខ្ញុំ​ពិត​មែន បែរ​ទៅ​ជា​លើកលែង​ទោស​ឲ្យ​គាត់ ដោយសារ​គាត់​ជា​អ្នក​នយោបាយ»

លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ក្នុង​ប្រទេស​បារាំង​មាន​ប្រសាសន៍​ថា ការ​កាត់​សេចក្ដី​របស់​តុលាការ​កំពូល​បារាំង​ធ្វើ​ឡើង​ប្រកប​ដោយ​យុត្តិធម៌​តាម​ការ​ផ្អែក​លើ​ភស្តុតាង និង​សាក្សី​គ្រប់គ្រាន់។

លោក សម រង្ស៊ី ៖ «តុលាការ​បារាំង​ដែល​ខ្ញុំ​ឈ្នះ​ក្ដី​លោក ហោ ណាំហុង ហ្នឹង គឺ​ដោយសារ​តុលាការ បារាំង​ហ្នឹង​គេ​យល់​ឃើញ​ដោយ​មាន​ប្រភព​ជា​ច្រើន​ដូច​គ្នា ចោទ​ប្រកាន់​លោក ហោ ណាំហុង ពី​រឿង​ដូច​គ្នា ហើយ​អ្វី​ដែល​គេ​អះអាង​នោះ​គួរ​ឲ្យ​ជឿ​បាន។ បើ​គ្មាន ​ពិត គ្មាន​មូលដ្ឋាន គេ​មិន​អនុញ្ញាត​អ្វី​ឲ្យ​យើង​ចេះ​តែ​និយាយ​បាន​ទេ»

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ ២០១១ តុលាការ​កំពូល​របស់​ប្រទេស​បារាំង បាន​ច្រាន​ចោល​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង និង​សាលាឧទ្ធរណ៍ ដែល​បាន​សម្រេច​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហោ ណាំហុង ពី​បទ​បរិហារកេរ្តិ៍​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ថា លោក ហោ ណាំហុង ជា​អតីត​ប្រធាន​គុក​បឹង​ត្របែក ក្នុង​របប​ខ្មែរក្រហម។ ប៉ុន្តែ តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ដើម​ឆ្នាំ ២០១១ បាន​កាត់​ទោស​លោក សម រង្ស៊ី ក្នុង​ករណី​ដូច​គ្នា​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ។

គេហទំព័រ វីគីលីគ (Wikileaks) កាល​ពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០១១ បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​លោក Alexander Arvizu អតីត​អនុប្រធាន​បេសកកម្ម​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា ដែល​កាល​ពី​ឆ្នាំ ២០០២ បាន​សរសេរ​ថា លោក ហោ ណាំហុង ជា​អតីត​ប្រធាន​គុក​បឹង ត្របែក​ក្នុង​របប​ខ្មែរ​ក្រហម។

ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា​ថ្មីៗ នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​កោះហៅ លោក Jeff Daigle អនុប្រធាន​បេសកកម្ម និង​ជា​ភារធារី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សំដែង​ការ​តវ៉ា​ជំទាស់​នឹង​របាយការណ៍​នោះ ហើយ​ទាមទារ​ឲ្យ​មាន​ការ​កែ​តម្រូវ។

សាក្សី​ដែល​បាន​ដឹង​អំពី​វត្តមាន​របស់​លោក ហោ ណាំហុង នៅ​គុក​បឹង​ត្របែក នៅ​កាល​ពី​សម័យ​ខ្មែរ​ក្រហម បាន​បញ្ជាក់​ថា ពួក​គេ​បាន​ដឹង និង​បាន​ឮ​ឈ្មោះ លោក ហោ ណាំហុង នៅ​ពេល​នោះ។

អតីត​បុគ្គលិក​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក លោកស្រី នៅ សារឹម ដែល​ជា​អតីត​ជន​រងគ្រោះ​ពី​គុក​បឹង​ត្របែក មាន​ប្រសាសន៍​ថា គុក​បឹង​ត្របែក​នៅ​ពេល​នោះ មាន​មណ្ឌល​បី​កន្លែង។ មណ្ឌល​មួយ​សម្រាប់​ដាក់​ក្រុម​និស្សិត​ដែល​វិល​ត្រឡប់​ពី​បរទេស ហើយ​មណ្ឌល​មួយ​ទៀត​សម្រាប់​ដាក់​ក្រុម​មន្ត្រី​ការ​ទូត​ខ្មែរ​ពី​បរទេស។

លោកស្រី ដែល​ពេល​នោះ​ជា​និស្សិត​បញ្ចប់​អាហារូបករណ៍​ផ្នែក​ភាសា​បារាំង​ពី​ប្រទេស​បារាំង បាន​ជាប់​ឃុំ​ក្នុង​មណ្ឌល​មួយ​ក្បែរ​មណ្ឌល​គ្រប់គ្រង​ដោយ​លោក ហោ ណាំហុង។

លោកស្រី​បន្ត​ថា ពេល​នោះ លោក ហោ ណាំហុង ជា​អ្នក​គ្រប់គ្រង​មណ្ឌល​ដែល​ឃុំឃាំង​ ក្រុម​មន្រ្តី​ការ​ទូត​ខ្មែរ​ពី​បរទេស​ក្នុង​មន្ទីរ​បឹង​ត្របែក ៖ «នៅ​បឹង​ត្របែក​ហ្នឹង​មាន​ខ្មែរក្រហម​ធំ​ខាង​លើ​គេ​ត្រួត​ហ្នឹង ឈ្មោះ សាវ៉ន ត្រួត​មន្ទីរ​ហ្នឹង​ណា៎ ចាស។ ហើយ​មន្ទីរ​ដែល​ពួក​គេ​ខ្ញុំ​នៅ​ហ្នឹង មិនមែន​ ហោ ណាំហុង ទេ។ លោក ហោ ណាំហុង គាត់​ជា​ប្រធាន​បឹង​ត្របែក​មួយ​ទៀត​ហ្នឹង ដើម្បី​ដើរ​ឲ្យ​ដល់​កន្លែង​របស់​គាត់ គឺ​ត្រូវ​ដើរ​ឆ្លង​កាត់​តាម​មន្ទីរ​ដែល​ខ្ញុំ​នៅ​ហ្នឹង​ចាស។ ដូច្នេះ គាត់​ជា​ប្រធាន​កន្លែង​ពួក​ទូត។ ពួក​ដែល​គេ​នៅ​ហ្នឹង​សុទ្ធ​តែ​ជា​ពួក​ទូត ហើយ​ពួក​ដែល​គេ​ចូល​ទៅ​ស្រុក​វិញ​ហ្នឹង ហើយ​លោក ហោ ណាំហុង ជា​ប្រធាន​នៅ​ពេល​ហ្នឹង។ ក្រោយ​លោក​ណាៗ ទាំង​អស់»

លោកស្រី​មាន​ប្រសាសន៍​ថា សម្រាប់​មណ្ឌល​ដែល​អ្នកស្រី​ស្នាក់​នៅ លោកស្រី បាន​ឃើញ​មនុស្ស​ប្រមាណ​ជាង ១០ នាក់​ត្រូវ​បាន​គេ​ដឹក​ចេញ​យក​ទៅ​សម្លាប់ «មុន​គេ​យក​មនុស្ស​ចេញ​គេ​ជេរ​យើង​ខ្លាំង​ណាស់។ រួច​ទៅ​បាន​គេ​ដឹក​មនុស្ស​ចេញ។ ខ្ញុំ​ដឹង​តែ​កន្លែង​ខ្ញុំ។ កន្លែង​ខ្ញុំ​យ៉ាង​ហោច​ជាង​ដប់​នាក់​ដែរ​ចាស៎។ អ្នក​ខ្លះ​ទៅ​ទាំង​គ្រួសារ​តែ​ម្ដង មាន​កូន ប្រពន្ធ​ទៅ​ជាមួយ។ យ៉ាង​ហោច​ហើយ​ជាង​ដប់​នាក់​ចាស៎»

ចំណែក​សាក្សី​ដែល​នៅ​រស់​ពី​មន្ទីរ​ឃុំឃាំង​បឹង​ត្របែក​មួយ​រូប​ទៀត គឺ​លោក សេង ចាន់អន មាន​ប្រសាសន៍​ថា លោក​ធ្លាប់​ឮ​ឈ្មោះ​លោក ហោ ណាំហុង នៅ​មន្ទីរ​បឹង​ត្របែក​នៅ​ពេល​នោះ។ ប៉ុន្តែ លោក​មិន​ជាប់​ក្នុង​មណ្ឌល ដែល​គ្រប់គ្រង​ដោយ​លោក ហោ ណាំហុង នោះ​ឡើយ។

លោក សេង ចាន់អន ៖ «នៅ​បឹង​ត្របែក​មាន​ជំរំ​បី។ ទី​មួយ ទី​ពីរ ទី​បី ហើយ​ខ្ញុំ​អត់​នៅ​ជាមួយ​គាត់​ទេ​បាទ។ ដូច្នេះ ខ្ញុំ​អត់​មាន​ស្គាល់​ការ​ដឹកនាំ​អី​របស់​គាត់​ទេ ពីព្រោះ​ខ្ញុំ​អត់​បាន​នៅ​ជាមួយ​គាត់ ហើយ​ក៏​អត់​បាន​នៅ​បឹង​ត្របែក​ហ្នឹង​ជាប់​លាប់​ដែរ។ ដូច្នេះ​គ្រាន់​តែ​ដឹង​តាម​មិត្តភ័ក្ដិ​អី​អ៊ីចឹង​ទេ ហើយ​ខ្ញុំ​អត់​ដឹង​ថា គាត់​ជា​ប្រធាន ឬ​ធ្វើ​សកម្មភាព​អី​ច្បាស់​លាស់​នោះ​ទេ»

ផ្អែក​តាម​សៀវភៅ​ជាង ២០០ ទំព័រ បោះ​ពុម្ព​ក្នុង​ឆ្នាំ ២០០៣ ដែល​សរសេរ​ដោយ លោក អុង ថុង ហឿង អតីត​អ្នក​ទោស​នៅ​មន្ទីរ​ឃុំឃាំង​បឹង​ត្របែក កាល​ពី​សម័យ​ខ្មែរ​ក្រហម បាន​បញ្ជាក់​ថា គុក​បឹង​ត្របែក ត្រូវ​បាន​បែងចែក​ជា​មណ្ឌល​បី គឺ​មណ្ឌល ប-៣០ ប-៣១ និង ប-៣២ ដែល​មាន​លោក ហោ ណាំហុង ជា​ប្រធាន​ក្រុម​អ្នកទោស ហើយ​ភរិយា​របស់​គាត់​ជា​ប្រធាន​ក្រុម​អ្នក​ទោស​ស្រី។ ចំណែក​កូន​ប្រុស​របស់​គាត់​ធ្វើ​ជា​ប្រធាន​ក្រុម​កុមារ។

មណ្ឌល ប-៣២ នេះ ជា​មណ្ឌល​ដែល​ឃុំឃាំង​ក្រុម​បញ្ញវន្ត មន្ត្រី​រាជការ ឬ​អតីត​មន្ត្រី​ទូត​មួយ​ចំនួន ដែល​មាន​វ័យ​ចំណាស់​បន្តិច។

សៀវភៅ​របស់​លោក អុង ថុង ហឿង ក៏​បាន​សរសេរ​ផង​ដែរ​ថា ប្រធាន​ក្រុម​អ្នកទោស​បឹង​ត្របែក​មាន​បុព្វសិទ្ធិ និង​មាន​អំណាច​ក្នុង​ការ​រាយការណ៍​អំពី​អ្នកទោស​ទាំង​អស់​ទៅ​ឲ្យ​ថ្នាក់​លើ​របស់​ខ្មែរ​ក្រហម ដើម្បី​ធ្វើ​ការ​ពិចារណា​ក្នុង​ការ​យក​អ្នក​ទោស​ទៅ​សម្លាប់​ចោល​នៅ​វត្ត​ជើង​ឯក ឬ​យក​ទៅ​ធ្វើ​ទារុណកម្ម​នៅ​គុក​ទួល​ស្លែង​ជា​ដើម។

ជុំវិញ​ការ​ប្រកែក​របស់​លោក ហោ ណាំហុង ដែល​ថា មិន​មាន​ជាប់​ទាក់ទង​ក្នុង​ការ​គ្រប់គ្រង​មន្ទីរ​ឃុំឃាំង​បឹង​ត្របែក​កាល​ពី​សម័យ​ខ្មែរ​ក្រហម​នោះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា លោក ហោ ណាំហុង ខ្លាច​មាន​ឈ្មោះ​ជាប់​ជំពាក់​នៃ​ការ​ដឹកនាំ​របស់​របប​ខ្មែរ​ក្រហម។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ៖ «ហើយ​គឺ​គាត់​ខំ​ការពារ គឺ​នៅ​ពេល​ដែល​មាន​ដូច​ថា បញ្ហា​អំពី​តុលាការ​ខ្មែរក្រហម អាច​ធ្វើ​ការ​ចោទ​ប្រកាន់​ឯ​ទៀតៗ នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ។ វា​មិនទាន់​ដាច់​ស្រេច​ពី​រឿង​តុលាការ​ខ្មែរ​ក្រហម​ហ្នឹង។ បើ​តាម​ខ្ញុំ​យល់​គាត់​ខ្លាច​ជាប់​ខ្លួន​គាត់​ដែរ»

កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១០ ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា លោក​គ្រាន់​តែ​ជា​អ្នក​ទទួល​បន្ទុក​ចាត់ចែង​ម្ហូបអាហារ​ក្នុង​គុក​បឹង​ត្របែក​ប៉ុណ្ណោះ ហើយ​ថា អ្នក​ដែល​ទទួល​ខុសត្រូវ​ធំ​បំផុត​ឈ្មោះ សាវ៉ន។

លោក ហោ ណាំហុង ៖ «ខ្ញុំ​ជា​គណៈកម្មការ​អ្នក​ទោស ដោយសារ​អ្នកទោស​នៅ​បឹង​ត្របែក​នោះ ខ្មែរ​ក្រហម​បាន​ចាត់តាំង​គណៈកម្មការ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ដោយ​ខ្លួន​ឯង រស់​បាន​យ៉ាង​ម៉េច​រស់​ទៅ។ ដូច្នេះ គ្រាន់តែ​ជា​អ្នក​ប្រតិបត្តិ​ដ៏​សាមញ្ញ ដែល​មាន​តួនាទី​ត្រឹមតែ​អនុវត្ត​ការងារ​កំណត់​ដោយ​ប្រធាន​មន្ទីរ​ឃុំឃាំង គឺ​អា សាវ៉ន ពេល​ខ្មែរក្រហម។ មេ​គេ​ឈ្មោះ អា សាវ៉ន»

កាល​ពី​ដើម​ឆ្នាំ ១៩៩១ លោក ហោ ណាំហុង បាន​ប្ដឹង​សម្ដេច​មហា​វីរ​ក្សត្រ ព្រះ​បាទ នរោត្តម សីហនុ ទៅ​តុលាការ​ប្រទេស​បារាំង​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​រូប​លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​គុក​បឹង​ត្របែក ហើយ​ពេល​នោះ តុលាការ​បារាំង​បាន​សម្រេច​ឲ្យ​លោក ហោ ណាំហុង ឈ្នះ​ក្ដី។

នៅ​ឆ្នាំ ២០០១ លោក ហោ ណាំហុង បាន​ប្ដឹង​លោក កៃ គឹមសុង អ្នក​យក​ព័ត៌មាន​កាសែត The Cambodia daily ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​បាន​ចុះ​ផ្សាយ​អំពី​តួនាទី និង​ការ​គ្រប់គ្រង​របស់​លោក ហោ ណាំហុង ក្នុង​គុក​បឹង​ត្របែក​នៅ​សម័យ​ខ្មែរក្រហម។

តុលាការ​កម្ពុជា​តាំង​ពី​សាលាដំបូង​រហូត​ដល់​តុលាការ​កំពូល បាន​កាត់​ឲ្យ​លោក ហោ ណាំហុង ឈ្នះ​ក្ដី ហើយ​តម្រូវ​ឲ្យ​លោក កៃ គឹមសុង សង​សំណង​ជំងឺ​ចិត្ត​ចំនួន ៣០ លាន​រៀល ស្មើ​នឹង ៧ ពាន់ ៥ រយ​ដុល្លារ​សហរដ្ឋ​អាមេរិក។

នៅ​ដើម​ឆ្នាំ ២០១០ លោក ហោ ណាំហុង បាន​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​ប្រទេស​បារាំង ពី​បទ​បរិហារកេរ្តិ៍​អំពី​សំណុំរឿង​ដដែល​នេះ និង​ទាមទារ​សំណង ចំនួន ១៤ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​កំឡុង​ឆ្នាំ ២០១០ ទាំង​សាលា​ដំបូង និង​សាលាឧទ្ធរណ៍​បារាំង បាន​កាត់​ឲ្យ​លោក ហោ ណាំហុង ឈ្នះ​ក្ដី។ ប៉ុន្តែ នៅ​ខែ​មេសា ឆ្នាំ ២០១១ តុលាការ​កំពូល​របស់​បារាំង បាន​បដិសេធ​ចោល​សេចក្ដី​សម្រេច​របស់​សាលាដំបូង និង​សាលាឧទ្ធរណ៍ ហើយ​សម្រេច​ឲ្យ​លោក សម រង្ស៊ី ឈ្នះ​ក្ដី​លោក ហោ ណាំហុង ចំពោះ​ការ​ចោទ​ប្រកាន់​នោះ៕